កសិករបង្ហាញវិធីដាំស្លឹកខ្ទឹមឱ្យទទួលបានដើមថ្លោស និងស្រស់ល្អ

ស្លឹកខ្ទឹមជាប្រភេទដំណាំដែលត្រូវជាមួយនឹងមុខម្ហូបច្រើនមុខ ព្រោះវាជាគ្រឿងផ្សំដែលមិនអាចខ្វះបានចំពោះសម្ល ឆា ឬទឹកជ្រលក់ជាដើម។ ក្រៅពីមានក្លិន និងរសជាតិឈ្ងុយឆ្ងាញ់ ស្លឹកខ្ទឹមក៏ផ្តល់ផលល្អដល់សុខភាពផងដែរ។ មិនថានៅជនបទ ឬនៅទីក្រុងនោះទេ ស្លឹកខ្ទឹមត្រូវបានគេដាំនៅតាមផ្ទះដើម្បីដកមកធ្វើម្ហូបប្រចាំថ្ងៃផង និងដើម្បីលម្អ ឬដាំដើម្បីកែអប្សុកនៅខាងក្នុងផ្ទះផង។

បង្ហាញវិធីដាំស្លឹកខ្ទឹមឱ្យបានថ្លោស និងស្រស់ល្អ កសិករនៅខេត្តកណ្តាល លោក ភា បានបញ្ជាក់ថាដំណាំស្លឹកខ្ទឹមជាដំណាំមួយដែលមនុស្សគ្រប់គ្នាចូលចិត្តដាំ ព្រោះវាត្រូវជាមួយម្ហូបច្រើនមុខ ហើយប្រសិនបើវាបានផលល្អគឺបង្កើនសោភណ្ឌភាពស្រស់ស្អាតគួរឱ្យចង់ថែទាំថែមទៀតផង តែក្នុងចំណោមអ្នកដាំទាំងអស់ក៏មានអ្នកខ្លះមិនទទួលបានផលល្អដែរ។ ដើម្បីដាំស្លឹកខ្ទឹមឱ្យទទួលបានផលល្អ អ្នកដាំគួរយកចិត្តទុកដាក់ថែទាំតាមលំដាប់លំដោយ ទើបទទួលបានផលល្អ។

ជាដំណាក់កាលដំបូង អ្នកដាំចាំបាច់ត្រូវស្វែងរកទីតាំងដីឱ្យបានសមរម្យសម្រាប់អ្នកនៅជនបទ និងអាចដាំក្នុងពីដុង ឬផើងជាដើមសម្រាប់អ្នកនៅទីក្រុង។ មុននឹងដាំត្រូវភ្ជួរដី ឬជ្រោយដីឱ្យបានផុសល្អ បន្ទាប់មកហាលដីចោលឱ្យបានពីរទៅបីថ្ងៃដើម្បីឱ្យងាប់មេរោគ និងកូនរុក្ខជាតិនានាដែលអាចរំខានដល់ការរីកលូតលាស់របស់ដើម និងស្លឹកខ្ទឹម។ បន្ទាប់ពីហាលដីបានល្អហើយ យើងអាចយកលាមកគោ ឬជីកំប៉ុសមកបាចហើយភ្ជួរលុប ឬត្រឡប់ឱ្យសព្វសាច់សម្រាប់អ្នកដាំជាលក្ខណៈតូចៗ មុននឹងលើករង ឬដាំ។

បន្ទាប់ពីរៀបចំដីហើយ យើងគួរជ្រើសរើសពូជណាដែលល្អដើម្បីយកមកដាំ និងគ្របចំបើងពីលើគល់ដើម្បីឱ្យជក់ទឹកល្អនៅពេលស្រោចទឹក។ បន្ទាប់មកទៀត គឺត្រូវស្រោចទឹកជាប្រចាំឱ្យបានមួយថ្ងៃ 2ដង គឺព្រឹកម្តង និងល្ងាចម្តងជាប្រចាំឱ្យបានជាប់លាប់ ព្រមទាំងមូលថែទាំដកស្មៅ និងសម្លាប់សត្វល្អិតតាមបែបធម្មជាតិប្រសិនបើយើងឃើញថាមានសត្វមកស៊ីដំណាំរបស់យើង។
ក្រោយការយកចិត្តទុកដាក់ថែទាំអស់រយៈពេល 40ថ្ងៃ យើងនឹងទទួលបានផលហើយ។

ប្រសិនបើយើងដាំដុះច្រើនយើងនឹងអាចដកលក់បានចន្លោះពី 5 ទៅ 6តោន លើផ្ទះដៃប្រមាណកន្លះហិកតា តែប្រសិនបើយើងដាំជាលក្ខណៈគ្រួសារក៏អាចទទួលបានផលបានច្រើនគួរសមដែរ ដោយគ្រួសារខ្លះហូបមិនអស់អាចដកចែកគ្នាទទួលទានបានថែមទៀងផង៕

Advertisement