ល្អសម្រាប់អ្នកទីក្រុង ឬអ្នកគ្មានដីធំ! ដាំបន្លែលើទឹកមិនព្រួយពីការស្រោចទឹក មេរោគ និងបានបន្លែធម្មជាតិយ៉ាងស្រស់បំព្រងក្នុងផ្ទះ

ល្អសម្រាប់អ្នកទីក្រុង ឬអ្នកគ្មានដីធំ! ដាំបន្លែលើទឹកមិនព្រួយពីការស្រោចទឹក មេរោគ និងបានបន្លែធម្មជាតិយ៉ាងស្រស់បំព្រងក្នុងផ្ទះ

ប​ច្ចុប្បន្ននេះ ប្រជាជននៅទីប្រជុំជនចាប់ផ្តើមមើលឃើញពីតម្លៃនៃការដាំដុះ ផលដំណាំផ្ទាល់ខ្លួន និងស្វែងរកអាហារសុវត្ថិភាពសម្រាប់ទទួលទានក្នុងគ្រួសារ តែអ្វីដែលបញ្ហាគឺអ្នកទីក្រុងជាគ្មានទីតាំងធំសម្រាប់ធ្វើជាសួនដំណាំដូចនៅតំបន់ជនបទនោះទេ។

ពាក់ព័ន្ធនឹងបញ្ហានេះ កសិករដែលបានដាំបន្លែលើទឹកនៅក្នុងខេត្តបាត់ដំបង លោក ស៊ឺនហាច បានណែនាំឱ្យ​អ្នកដែលស្រឡាញ់ដំណាំសាកល្បងច្នៃទីតាំងតូចៗដែលមាននៅក្នុងផ្ទះដើម្បី​ដាំដំណាំលើទឹក ឬដាំដំណាំក្នុងបំពង់ទីបវិញម្តង។ ការដាំដំណាំលើទឹកនេះជាបច្ចេកទេសថ្មីដែលមិនត្រូវការទីតាំងធំ មិនចាំបាច់ត្រូវបារម្ភពីមេរោគនៅក្នុងដី មិនភ័យរឿងសត្វល្អិតបំផ្លាញ និងមិនចាំបាច់បារម្ភពីការស្រោចទឹកនោះទេ។ អ្នកដាំគ្រាន់តែត្រូវការថែទាំឱ្យត្រូវពន្លឺឱ្យបានគ្រប់គ្រាន់ និងជ្រើសរើសគ្រាប់ពូជឱ្យបានល្អជាការស្រេច។

ជាបច្ចេកទេសដាំ ដំបូងឡើយយើងគួរជ្រើសរើសពូជដែលអាចដាំលើទឹកល្អដូចជាស្ពៃ សាឡាដ​ ខាត់ណា ផ្កាស្ពៃ ឬបន្លែបៃតងមួយចំនួនទៀត។ បន្ទាប់មក​យើងយកគ្រាប់ពូជដែលទិញពីផ្សារ មកបណ្តុះជាមួយអេប៉ុងរយៈពេល 2យប់2ថ្ងៃ ឬ3យប់3ថ្ងៃទៅតាម​ប្រភេទដំណាំ មុននឹង​ដាក់វាឱ្យត្រូវពន្លឺថ្ងៃល្មមក្នុងរយៈពេលមួយសប្តាហ៍មុននឹងដាក់ដាំនៅក្នុងបំពង់ទុយោទឹក។ នៅក្នុងបំពង់ទុយោនោះអ្នកដាំគួរចោះវាឱ្យមានចន្លោះពី 15ទៅ 30សង់ទីម៉ែត្រ ដើម្បីឱ្យដើមរុក្ខជាតិដែលយើងបានបណ្តុះមានចន្លោះលូតលាស់ល្អមិនចង្អៀតពេក។

បន្ថែមពីលើនេះ យើងអាចបញ្ចូលជីប្រភេទ AB នៅក្នុងទឹកដែលដាក់នៅក្នុងទុយោទឹក ហើយបូម បង្ហូរទឹកដែលនៅក្នុងទុយោនោះឱ្យវឹលចុះឡើងរហូត ដើម្បីកុំឱ្យទឹកឡើងកម្តៅជាមួយនឹងពន្លឺថ្ងៃខ្លាំង។ ក្រោយពេលដាក់ដាំ និងមើលថែទាំអស់រយៈពេលប្រមាណ 40 ទៅ 45ថ្ងៃស្ពៃអាចនឹងប្រមូលផលបានហើយ តែប្រសិនបើប្រភេទដណាំខាត់ណាវិញគឺអាចប្រមូលបានត្រឹមរយៈពេល 20 ទៅ 25ថ្ងៃប៉ុណ្ណោះ។

អ្នកនៅតំបន់ប្រជុំជនអាចសាកល្បងវិធីសាស្ត្រដាំដំណាំបែបនេះនៅក្នុងលើដំបូលផ្ទះ ឬទីតាំងណាដែលមានពន្លឺគ្រប់គ្រាន់ ដើម្បីទទួលបានអាហារធម្មជាតិគ្មានជាតិគីមីផង និងដើម្បីជាការសម្រាកកម្សាន្តលម្ហែក្រោយមមាញឹកជាមួយនឹងការធ្វើការ ឬរកស៊ីផង៕

Advertisement