បើមានដីតូច មិនដឹងដាំអ្វី គួរសាកល្បងដំណាំត្រប់ស្រួយ ព្រោះងាយថែទាំ និងឆាប់បានផល

បើមានដីតូច មិនដឹងដាំអ្វី គួរសាកល្បងដំណាំត្រប់ស្រួយ ព្រោះងាយថែទាំ និងឆាប់បានផល

ការធ្វើ ប្រហុក ផ្អក និងសម្លខ្មែរ មួយចំនួនមិនអាចអវត្តមានត្រប់ស្រួយបាននោះទេ ព្រោះបន្លែប្រភេទនេះ​ភាគច្រើនត្រូវបានប្រជាជនយើងស្គាល់ និងចេះទទួលទានតាំងពីតូចរហូតដល់ធំ។

ត្រប់ស្រួយជាបន្លែមួយប្រភេទដែលមានរសជាតិឆ្ងាញ់ និងអំណោយផលល្អសម្រាប់សុខភាព ព្រោះវាមានវីតាមីន និងជួយឱ្យរាងកាយមានតុល្យភាពល្អ។ បន្លែប្រភេទនេះភាគច្រើនមានស្ទើរតែគ្រប់ផ្ទះនៅតំបន់ជនបទ តែសម្រាប់អ្នកទីក្រុងវិញ ដោយសារតែមិនសូវសំបូរដីដាំ និងដោយសារតែភាពសំបូរបែបនៃបន្លែ ដែលជាពិសេសបន្លែនាំចូលច្រើននៅក្នុងទីផ្សារ ទើបធ្វើឱ្យមិនសូវមានអ្នកនិយមដាំ។

នៅថ្ងៃនេះ ឡារ៉ែន សូមណែនាំលោកអ្នកឱ្យសាកល្បងដាំដំណាំត្រប់ស្រួយនេះនៅតាមគេហដ្ឋាន ព្រោះស្ថិតក្នុងស្ថានភាពដែលប្រទេសយើងកំពុងប្រឈមជាមួយនឹង​ការប្រយុទ្ធប្រឆាំងមេរោគ Covid-19នេះ ការនាំចូលបន្លែមិនសូវងាយស្រួលដូចពីមុននោះទេ ហើយវាក៏ជាពេលវេលាល្អផងដែរក្នុងការចាប់ផ្តើមដាំដុះដោយខ្លួនឯង ដើម្បីទទួលបានបន្លែធម្មជាតិគ្មានជាតិគីមី។

តាមកសិករដែលមានបទពិសោធន៍ដាំដំណាំត្រប់ស្រួយជាច្រើនឆ្នាំនៅខេត្តកំពង់ចាម លោក សុខខេង បានប្រាប់ឡារ៉ែនថា លោកបានដាំត្រប់ស្រួយ​លើដីប្រមាណ 2ហិកតា ដែលអាចប្រមូលផលបានចន្លោះពី 300 ទៅ 400គីឡូក្រាមក្នុងមួយខែ បើគិតជាប្រាក់គឺអាចទទួលបានប្រហែលពី 7 ទៅ 8លានរៀល។

វិធីសាស្ត្រដាំ ដំបូងឡើយយើងត្រូវសម្រាំងយកគ្រាប់ពូជណាដែលសុទ្ធល្អដើម្បីដាំ ព្រោះកាលណាពូជសុទ្ធយើងនឹងទទួលបានផលល្អ ហើយក៏ងាយលក់ទៅទីផ្សារដែរ។ បន្ទាប់មកទៀតយើងត្រូវយកគ្រាប់នោះមកត្រាំទឹកប្រហែលជា 2ម៉ោង ទើបចងវេចខ្ចប់​ដើម្បីយកមកត្រាំផ្អាប់ក្នុងទឹកត្រជាក់ ឬទឹកកកប្រមាណ 3 ទៅ4ថ្ងៃបន្ថែមទៀត ដើម្បីតាមដានឱ្យដឹងថាគ្រាប់ណាខ្លះដុះ និងគ្រាប់ណាខ្លះមិនដុះ។

បន្ទាប់ពីរៀបចំតាមលំដាប់លំដោយរួចរាល់ហើយ យើងត្រូវ​ជ្រើសរើសយកគ្រាប់ដែលមានពន្លកមកដាំលើដីដែលបានរៀបចំតាមបច្ចេកទេស ដោយដីត្រូវឆូតជារងទាបៗដែលមានទទឹងប្រហែលជាងកន្លះម៉ែត្រ និងគ្របកៅស៊ូ​ដែលចោះប្រហោងរួចជាស្រេចដើម្បីការពារមេរោគពីខាងក្រៅ។ ចំពោះការដាំគឺត្រូវដាក់កូនត្រប់ឃ្លាតពីគ្នាប្រវែង 1ម៉ែត្រពីគ្នា ដើម្បីឱ្យវាមានទីលានដើម្បីលូតលាស់មិនប៉ះគ្នា។ បន្ទាប់មកទៀតយើងគ្រាន់តែមើលថែទាំស្រោចទឹក និងដាក់ជីធម្មជាតិវានឹងរីកលូតលាស់រហូតចេញផ្លែ។ ក្រោយពេលត្រប់ចេញផ្លែ យើងអាចប្រមូលផលបានរហូតដល់ទៅ 3ខែ ដោយរយៈពេលមួយអាទិត្យយើងអាចបេះវាបានពី 2 ទៅ 3ដង ទៅតាមស្ថានភាពដើមនីមួយៗដែលមានផ្លែតិច ឬច្រើនតែប៉ុណ្ណោះ។ សម្រាប់អ្នកនៅទីក្រុង អាចសាកល្បងដាំក្នុងផើង ឬនៅទីតាំងសមរម្យណាមួយមុខផ្ទះក៏អាចទទួលបានផលគួរសមសម្រាប់ទទួលទានដោយសុវត្ថិភាព៕

Advertisement