ប្រជាជនបន្តដាំដុះបន្លែត្រសក់ខណៈពេលនេះកំពុងមានហាងឆេង

ដោយសារតែគ្រប់បណ្តាប្រទេសជាច្រើនរួមទាំងប្រទេសកម្ពុជាផងកំពុងសហការទប់ស្កាត់នៃការរីករាលដាលនូវជំងឺកូវីដ19 បង្ខំឱ្យច្រកជាច្រើននៅតាមតំបន់ព្រំដែនត្រូវបិទ ហើយតម្រូវការទីផ្សារមានការកើនឡើងធ្វើឱ្យតម្លៃបន្លែបន្លែផ្លែឈើជាច្រើនបានឡើងថ្លៃគួរសម។

ក្នុងចំណោមបន្លែទាំងអស់ ត្រសក់ដែលជាបន្លែមានប្រជាប្រិយភាពជាងគេនៅកម្ពុជា ក៏កំពុងមានទីផ្សារល្អផងដែរ ដែលចំណុចនេះធ្វើឱ្យកសិករនៅក្នុងតំបន់នានាចាប់ផ្តើមបន្តមើលថែទាំ និងដាំដុះកាន់តែច្រើនឡើង។

ប្រជាកសិកជាដាំបន្លែត្រសក់នៅចំណុចភូមិចំការសំរោង1 សង្កាត់ចំការសំរោង ក្រុងបាត់ដំបង បានលើកឡើងថា ពួកគាត់បានចាប់យករបរដាំដំណាំបន្លែត្រសក់នេះជាច្រើនឆ្នាំមកហើយ ចំណែកឯតម្លៃវិញ កន្លងមកមានការឡើងចុះមិនសូវថេរនោះទេ។ មានពេលខ្លះត្រសក់ត្រូធ្លាក់ថ្លៃមកនៅក្រោម1,000រៀលឬរហូតមកដល់200រៀលក៏មាន តែមួយរយៈចុងក្រោយនេះបន្ទាប់ពីមានផ្ទុះជំងឺCovid-19កើតឡើងបានធ្វើឱ្យតម្រូវការត្រសក់កើនឡើងខ្ពស់ដែលធ្វើឱ្យតម្លៃក៏ឡើងខ្ពស់តាមនោះដែរ។ នៅក្នុងស្ថានភាពនេះ តម្លៃត្រសក់ក្នុងរដូវប្រមូលផលបានហក់ឡើងខ្ពស់គួរសម ដោយពួកគាត់អាចលក់បានតម្លៃចាប់ពី 2,000រៀលរហូតទៅដល់3,000រៀលក្នុងមួយគីឡូក្រាម។ តម្លៃនេះអាចធ្វើឱ្យកសិកររកប្រាក់ចំណូលបានច្រើនគួរសមសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងជាទុនសម្រាប់ដាំដុះបន្ត។

ពួកគាត់បានបញ្ជាក់បន្តថាបច្ចុប្បន្នពួកគាត់ដាំដំណាំត្រសក់អន្លក់នេះក្នុងម្នាក់ៗនៅលើផ្ទៃដីទំហំកន្លះហិកតា ហើយចំពោះការប្រមូលផលវិញគិតចាប់ពីថ្ងៃប្រមូលផលដំបូងរហូតអស់ផ្លែមានរយៈពេលជាង20ថ្ងៃនិងទទួលបានផលចាប់ពីជាង10តោនទៅ20តោន។

ប្រជាកសិករដដែលបានបញ្ជាក់បន្ថែមថា នៅរដូវកាលប្រមូលផលនេះត្រសក់ដែលមានប្រភពចេញពីតំបន់ក្នុងភូមិសាស្ត្រសង្កាត់ចំការសំរោង ភាគច្រើនត្រូវបានឈ្មួញនាំយកទៅលក់នៅផ្សារភួពុយ ស្ថិតក្នុងក្រុងបាត់ដំបង សម្រាប់ចែកចាយបន្តទៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផ្សេងៗផងដែរ៕

Advertisement