ស្វាយចាប់ផ្តើមមានពន្លឺឡើងវិញ ក្រោយចិនចុះហត្ថិលេខាទិញដោយផ្ទាល់ពីកម្ពុជា

មួយរយៈ​ពេលថ្មីៗនេះ ទីផ្សារ​ស្វាយ​របស់​កម្ពុជា​ហាក់​មាន​បញ្ហា​ប្រឈម​ច្រើន​ដោយសារតែ​ការរីក​រាលដាល​នៃ​ជំងឺ Covid-19 ដែល​ធ្វើឱ្យ​មានការ​រឹតបន្តឹង​តាម​ច្រកព្រំដែន​ជុំវិញ​ប្រទេស ធ្វើឱ្យ​ទិន្នផល​របស់​យើង​មិនមាន​ទីផ្សារ និង​ធ្លាក់​ថ្លៃ​ខ្លាំង។

នៅថ្ងៃនេះ ស្ថានភាព​ដំណាំ​ស្វាយ​អាច​នឹងមាន​ភាពប្រសើរ​ឡើង​ក្រោយ​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ចិន​បាន​ចុះហត្ថលេខា​លើ​ពិធីសារ​ផ្លូវការ​ក្នុងការ​នាំចេញ​ផ្លែស្វាយ​ស្រស់​ទៅកាន់​ប្រទេស​ចិន។

ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ បាន​លើកឡើងថា ទិន្នផល​ផ្លែស្វាយ​នៅ​កម្ពុជា​មានការ​កើនឡើង​យ៉ាងខ្លាំង​ក្នុងដំណាក់កាល​នេះ ដែលជា​ដំណាក់កាល​ត្រូវ​គិតគូរ​កាន់តែខ្លាំង​ក្នុងការ​ស្វែងរក​ទីផ្សារ។ បើ​មើល​តាម​ស្ថិតិ​ជាក់ស្តែង​នៅ​ចុងឆ្នាំ 2019នេះ ផ្ទៃដី​ដាំ​ស្វាយ​មាន​ចំនួន 124,319ហិកតា ដោយ​ក្នុងនោះ​ផ្ទៃដី​ដែល​អាច​ប្រមូល​ផល​បាន​មាន​ចំនួន 91,398ហិកតា។ សម្រាប់​ទិន្នផល​វិញ គឺ​យើង​អាច​ផលិត​បានជា​មធ្យម​ចំនួន 15.85តោន​ក្នុង​មួយ​ហិកតា​សម្រាប់​រដូវ​ប្រមូល​ផល ដែល​គិត​ជារួម​យើង​ទទួលបាន​ផល​ប្រមាណ 1,448,677តោន​ក្នុង​មួយ​រដូវ។

នេះ​ជាការ​ចរចារ​ប្រកបដោយ​ភាពជោគជ័យ​ជា​លើក​ទី2 ក្នុងការ​នាំចេញ​ផ្លែឈើ​ស្រស់​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន ដោយ​កាល​ពីលើ​មុន យើង​បាន​ជោគជ័យ​លើ​ការនាំចេញ​ចេក​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន។ ចំពោះ​ចំនួន​នៅក្នុង​កិច្ចព្រមព្រៀង​នេះ គឺ​ស្ថានទូត​ចិន​បញ្ជាក់ថា​នឹង​ទទួល​ទិញ​ស្វាយ​ដែលមាន​គុណភាព​ខ្ពស់​ពី​កម្ពុជា​ប្រមាណ 50ម៉ឺន​តោន​ជា​រៀងរាល់ឆ្នាំ៕

Advertisement