របរចិញ្ចឹមកង្កែបអាចចំណេញជាង 30លានរៀលក្នុងមួយឆ្នាំ

បច្ចុប្បន្ននេះ ដោយសារតែ​ការរីក​រាលដាល​នៃ​ជំងឺ Covid-19 បានធ្វើឱ្យ​ការហូរចូល​នៃ​ទំនិញ​ពី​បរទេស​ជាពិសេស​ផ្នែក​កសិកម្ម​មានការ​ថយចុះ ដែល​ធ្វើឱ្យ​អ្នក​ផលិត​កសិផល​នៅក្នុង​ស្រុក​ចាប់ផ្តើម​ពង្រីក​ទីផ្សារ​របស់ខ្លួន​បាន​កាន់តែច្រើន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ។

ចំពោះ​របរ​ចិញ្ចឹម​កង្កែប​ឯណោះ​វិញ ក៏​ចាប់ផ្តើម​មាន​ទីផ្សារ​ល្អ​ផងដែរ​នៅ​ឆ្នាំ 2020នេះ។ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ បាន​ថ្លែងថា មិនថាតែ​កសិករ​តាម​បណ្តា​ខេត្ត​ទេ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ចិញ្ចឹម​កង្កែប សូម្បីតែ​កសិករ​ក្នុង​រាជធានី​ភ្នំពេញ ក៏​កំពុង​ចាប់អារម្មណ៍ និង​បង្កើន​សមត្ថភាព​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ផងដែរ។

កសិករ​ចិញ្ចឹម​កង្កែប​មូ​យ​រូប គឺ​លោក ម៉ម យ៉​ន បច្ចុប្បន្ននេះ​កំពុង​ញាប់ដៃ​ញាប់ជើង​បង្កើន​សមត្ថភាព​ចិញ្ចឹម​កង្កែប​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ និង​បង្កើន​ចំណូល។ កសិករ​ខាងលើ​រស់នៅ​ភូមិ​ស្វាយ​តា​យ៉​ន់ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ ដោយ​គាត់​មាន​អាង​ចិញ្ចឹម​កង្កែប​សរុប​ចំនួន 63អាង។ អាង​កង្កែបនីមួយៗមាន​ទំហំ​ទទឹង 3ម៉ែត្រ បណ្តោយ 4ម៉ែត្រ និង​កម្ពស់​កន្លះ​ម៉ែត្រ។ លោ​កថា​ក្នុង​អាងនីមួយៗអាចដាក់​ចិញ្ចឹម​មេ​ពូជ​បាន​សរុប 200ក្បាល ដែល​អាច​រក​ចំណូល​សរុប​ចំនួន 50,000,000រៀល​ក្នុង​មួយឆ្នាំ។

លោក ម៉ម យ៉​ន មាន​សមត្ថភាព​ភ្ញាស់​កូន​កង្កែប​ចំនួន 20,000 ទៅ 30,000ក្បាល​ក្នុង​មួយឆ្នាំ និង​អាច​លក់បាន​ប្រមាណ 15,000,000រៀល​ក្នុង​មួយឆ្នាំ។ ទន្ទឹមនឹងនេះ លោក​បាន​ចិញ្ចឹម​កង្កែប​យក​សាច់​លក់បាន​ប្រមាណ 3.5តោន​ក្នុង​មួយឆ្នាំ ដែល​គិត​ជា​ទឹកប្រាក់​បាន​ប្រមាណ 35,000,000រៀល។ បើ​បូកសរុប​ទាំង​ថ្លៃ​លក់​កូន​កង្កែប​ដែល​ភ្ញាស់​បាន និង​លក់​សាច់​កង្កែប ក្នុង​មួយឆ្នាំ​លោក​អាច​រក​ចំណូល​សរុប​បាន​ប្រហែល 50,000,000រៀល​ក្នុង​មួយឆ្នាំ។

ចំពោះ​ចំណាយ​វិញ ក្នុង​មួយឆ្នាំ​កសិករ​ខាងលើ​បាន​ចំណាយ​លើ​ចំណី​មេ​ពូជ និង​ចំណាយ​ផ្សេង​អស់​ចំនួន 16,880,000រៀល ហេតុនេះ​បើ​ទូទាត់​ចំណូល និង​ចំណាយ​គាត់​អាច​ចំណេញ​បាន​ប្រហែល 33,120,000រៀល​ដែរ​ក្នុង​មួយឆ្នាំ៕

Advertisement