ចម្ការបន្លែគ្រួសារជុំវិញផ្ទះ

លក្ខណៈការដាំដុះបន្លែជិតកន្លែងស្នាក់អាស្រ័យ ឬក្នុងទីប្រជុំជន ដោយប្រើប្រាស់ផ្ទៃដីដែលដាំដុះត្រឹមតែបន្តិចបន្តួច ដើម្បីទុកធ្វើជាប្រភពអាហារ ឬដែលហៅថា “ចម្ការបន្លែគ្រួសារ” នេះ មិនត្រឹមតែជាការធ្វើកសិកម្មដែលមានភាពចំណាស់យូររាប់រយឆ្នាំមកហើយនោះទេ តែក្នុងសភាវសេដ្ឋកិច្ចក្នុងសង្គមបច្ចុប្បន្ន ដែលការចាយវាយក្នុងការចិញ្ចឹមជីវិតរបស់ប្រជាជនកំពុងកើនខ្ពស់ឡើងជាបន្តបន្ទាប់នោះ ប្រជាជនជួបប្រទះបញ្ហាប្រាក់ចំណូលមិនគ្រប់គ្រាន់ ជាមួយនឹងប្រាក់ចំណាយនោះ​ ទើប “ការដាំបន្លែគ្រួសារជុំវិញផ្ទះ” ក្លាយជាប្រព័ន្ធការធ្វើកសិកម្មមួយដែលគាំទ្រឱ្យមនុស្សគ្រប់រូបមានភាពស្ថិតស្ថេរខាងអាហារខ្លាំងឡើង ព្រោះការដាំបន្លែគ្រួសារនៅក្នុងផ្ទៃដីតូចមួយ មិនថាតែដើម្បីទុកបរិភោគក្នុងក្រុមគ្រួសារ ចែករំលែកទៅឱ្យអ្នកជិតខាង ឬដើម្បីលក់ជាប្រាក់ចំណូលបន្ថែមដល់គ្រួសារនោះទេ វាសុទ្ធតែសាងនូវផលប្រយោជន៍ដល់អ្នកបរិភោគទាំងអស់ ព្រោះទាំងអ្នកដាំ និងអ្នកទទួលទាននឹងបានបរិភោគបន្លែដែលមានសុវត្ថិភាពពីសារធាតុពុល និងថែមទាំងជាការធ្វើការងារក្រៅម៉ោង ឱ្យសមាជិកគ្រប់គ្នាក្នុងក្រុមគ្រួសារបានប្រើប្រាស់ពេលវេលាទំនេររួមគ្នាយ៉ាងមានប្រយោជន៍ទៀតផង។

ប្រយោជន៍នៃការដាំបន្លែគ្រួសារ

– សមាជិកក្នុងគ្រួសារបានទទួលទានបន្លែ ដែលមានគុណតម្លៃខាងអាហារគ្រប់ចំនួន និងមានសុវត្ថិភាពពីសារធាតុពុល។

– ប្រើប្រាស់ធ្វើជារុក្ខជាតិឱសថបុរាណ សម្រាប់ព្យាបាលរោគ ដូចជា ខ្ទឹមក្រហម ខ្ទឹមស ខ្ញី ជីអង្កាម ជាដើម។

– ជួយកាត់បន្ថយប្រាក់ចំណាយ និងអាចលក់ដើម្បីសាងប្រាក់ចំណូលបន្ថែមដល់គ្រួសារបាន។

– ប្រើប្រាស់សម្រាប់តុបតែងលម្អបរិវេណជុំវិញផ្ទះ ឬអាចធ្វើជាព្រំកំណត់(របង)របស់ផ្ទះបានទៀតផង ដូចជា ដើមកន្ទុំទេស ដើមស្អំ ស្លឹកបាស់ និងម្រះ ជាដើម។

– ជាការប្រើពេលវេលាទំនេរៗ និងផ្ទៃដីទំនេរខាងក្នុងរបងផ្ទះ ឱ្យកើតប្រយោជន៍ដល់សមាជិកក្នុងគ្រួសារ និងថែមទាំងធ្វើឱ្យកើតមានការធ្វើកិច្ចការងាររួមគ្នា ជាការសាងសម្ព័ន្ធភាព និងភាពកក់ក្តៅឱ្យកើតមានក្នុងក្រុមគ្រួសារទៀតផង។

ចំណុចគួរពិចារណាក្នុងការដាំដុះ

1 . ទីកន្លែង និងទីធ្លាសម្រាប់ដាំដុះ ៖ ការជ្រើសរើសទីកន្លែងដាំដុះបន្លែបង្ការ គួរតែនៅជិតទីកន្លែងស្នាក់អាស្រ័យ មានប្រភពទឹក ទីធ្លាដាំដុះត្រូវមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ ក្នុងករណីដែលគ្មានដីធ្លីសម្រាប់ដាំដុះ លោកអ្នកអាចដាំបន្លែក្នុងភាជនៈផ្សេងៗ ដូចជា ថូ ផើង ពាង ឬធុង(ស្នោ) ជាដើម ដោយដាក់នៅលើកម្រាលឥដ្ឋ ឬព្យួរនៅក្នុងកន្លែងណាដែលមានពន្លឺថ្ងៃចាំងមកដល់ និងមិនគួរស្ថិតនៅឆ្ងាយពីកន្លែងស្នាក់នៅពេកនោះទេ ដើម្បីងាយស្រួលក្នុងការប្រតិបត្តិការងារផ្នែកការដាំដុះ ការរក្សាថែទាំ និងថែមទាំងងាយស្រួលក្នុងការបេះយកមកធ្វើជាម្ហូបអាហារបានភ្លាមៗតាមតម្រូវការទៀតផង។

2 . ការគណនាទីធ្លា កំណត់ទំហំ និងចំនួនរង ៖ ដោយសភាពទីធ្លាស្នាក់អាស្រ័យក្នុងពេលបច្ចុប្បន្ន ជាពិសេសមនុស្សម្នាក្នុងសង្គមទីក្រុង សុទ្ធតែមានដែនកំណត់ក្នុងរឿងធនធាន ទាំងដីធ្លី ទឹក និងពន្លឺថ្ងៃ ជាពិសេសការដាំបន្លែនៅក្នុងតំបន់ទីក្រុង ត្រូវតែស្គាល់ពីការគ្រប់គ្រងចាត់ចែងទីធ្លាឱ្យកើតប្រយោជន៍ខ្ពស់បំផុត ដោយទំហំរងបន្លែដែលស័ក្តិសមក្នុងគ្រួសារគឺ ទទឹងមិនលើស 1ម៉ែត្រ X 4ម៉ែត្រ ឬបណ្តោយតាមទំហំទីធ្លា ព្រមទាំងលើករងខ្ពស់ឡើងយ៉ាងតិច 30 – 50សង្ទីម៉ែត្រ ចំណែកចំនួនរងដែលស័ក្តិសមស្ថិតក្នុងចំនួនប្រមាណជា 3រង គឺមានបន្លែហូបស្លឹក 2រង និងបន្លែហូបផ្លែបានយូរ 1រង។

(នៅមានត)

Advertisement