កម្ពុជាអាចនឹងសម្រេចគោលដៅនាំចេញអង្ករ1លានតោននៅឆ្នាំក្រោយ

កម្ពុជា​ជា​ប្រទេស​កសិកម្ម ដែល​យើង​បាន​នាំចេញ​កសិផល​ជាច្រើន​ប្រភេទ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ដោយ​ក្នុងនោះ​ដំណាំ​ស្រូវ​ជា​ដំណាំ​យុទ្ធសាស្ត្រ​យ៉ាងសំខាន់​មួយ​ដែល​រដ្ឋាភិបាល​បានចេញ​គោលនយោបាយ​នាំចេញ​ឱ្យបាន 1លាន​តោន​ក្នុង​មួយឆ្នាំ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើងថា តាម​ការព្យាករណ៍​នៅ​ឆ្នាំ2021 ឬ​ឆ្នាំ2022 កម្ពុជា​អាច​នឹង​សម្រេចការ​នាំចេញ​បាន1លាន​តោន​ក្នុង​មួយឆ្នាំ។ ការលើកឡើង​បែបនេះ​ដោយសារតែ​កន្លងមក​យើង​ឃើញ​ហើយ​ថា​នៅ​ឆ្នាំមុន​យើង​សល់​ស្រូវ​ប្រមាណ 6លាន​តោន ហើយ​បើ​គិត​ជា​អង្ករ​វិញ​គឺ​ជាង 4លាន​តោន។

សម្តេចនាយក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ផងដែរ​ថា កម្ពុជា​ជា​ប្រទេស​តូច​ដែលមាន​កសិកម្ម​មិនទាន់​លូតលាស់​ខ្លាំង តែ​កម្ពុជា​សល់​ស្រូវ​រហូតដល់​ជាង 6លាន​តោន ដែល​វា​ជា​ទំហំ​ធំ​មួយ​សម្រាប់​កម្ពុជា។ យើង​បាន​បង្កើន​ផល​ស្រូវ​ពី​ភាពខ្វះខាត មក​ក្លាយជា​ប្រទេស​ដែល​សល់​ស្រូវ​ជាច្រើន​លាន​តោន។ ទោះជា​យ៉ាងនេះ​ក្តី យើង​នៅ​មិនទាន់​សម្រេច​គោលដៅ​នាំចេញ​ឱ្យបាន 1លាន​តោន​នៅឡើយ ព្រោះ​កន្លងមក​យើង​នាំចេញ​បាន​តិច​ណាស់ ទើបតែ​ឆ្នាំ2020នេះ​ទេ​ដែល​យើង​អាច​នាំចេញ​បាន​រហូតដល់​ទៅ 40ម៉ឺន​តោន​ក្នុង​រយៈពេល 6ខែ​ដើម​ឆ្នាំនេះ។ ដើម្បី​ឈានទៅ​សម្រេចបាន​នូវ​ការនាំចេញ​អង្ករ​ទៅ​ក្រៅប្រទេស​ចំនួន1លាន​តោន យើង​ត្រូវធ្វើ​ស្រូវ​តាម​បច្ចេកវិទ្យា​ទំនើប មិន​ធ្វើ​ស្រូវ​របៀប​ចាស់​ទៀតឡើយ៕

Advertisement