ចម្ការបន្លែគ្រួសារជុំវិញផ្ទះ (តពីលេខមុន)

បន្លែដែលគួរដាំនាចុងរដូវរងា ៖ មានដូចជា ខាត់ណា ផ្កាខាត់ណា ប្រូខូលី សាលាដ ប៉េងប៉ោះ និងការ៉ុតជាដើម។

បន្លែដែលអាចដាំបានពេញ 1ឆ្នាំ ៖ មានដូចជា បន្លែដែលធន់នឹងធាតុអាកាសបាន ដាំតែម្តងទទួលទានបានពេញ 1ឆ្នាំ

ដូចជា ជីអង្កាម ជីរណា(ខ្លះហៅជីបារាំង) ជីនាងវង ម្រះព្រៅ ស្លឹកបាស់ ត្រកួនស្រែ ខ្ជាយ ម្តេង ស្លឹកគ្រៃ ស្លឹកត្រចៀកក្រាញ់ ត្រប់ពុតលំញង ម្ទេសដៃនាង និងត្រប់ផ្សេងៗ។

រូបបែបផ្សេងៗនៃការធ្វើចម្ការបន្លែគ្រួសារជុំវិញផ្ទះ

ទោះជាក្រុមគ្រួសារជាច្រើន បានដឹងអំពីប្រយោជន៍របស់ការដាំបន្លែគ្រួសារជុំវិញផ្ទះថា ជាការងារបន្ទាប់បន្សំយ៉ាងល្អ អាចជួយកាត់បន្ថយប្រាក់ចំណាយ សាងសេចក្តីសុខ និងមានប្រយោជន៍ដល់មនុស្សក្នុងក្រុមគ្រួសារបានយ៉ាងច្រើនហើយក៏ដោយ តែក៏នៅក្នុងផ្លូវប្រតិបត្តិវិញ អ្នកដាំដុះអាចនឹងត្រូវជួបនឹងបញ្ហារឿងទីកន្លែងក្នុងការដាំដុះ ជាពិសេសអ្នកដែលរស់នៅក្នុងទីក្រុង ដូចជា នៅក្នុងខុនដូ ផ្ទះល្វែង ឬក្នុងបុរី ដែលមិនសូវមានទីធ្លាច្រើនប៉ុន្មាន តែយ៉ាងណាក៏ដោយ ក៏យើងអាចជ្រើសរើសរូបបែបនៃការដាំដុះបន្លែគ្រួសារនេះ ឱ្យស័ក្តិសមនឹងទីកន្លែង និងចំណង់ចំណូលចិត្តរបស់យើងបានដោយមិនពិបាកឡើយ ដោយភាគច្រើនអាចបែងចែកទៅតាមរូបបែបដូចតទៅនេះ ៖

ចម្ការបន្លែខាងក្រោយផ្ទះ

ការដាំដុះដោយវិធីនេះ ស័ក្តិសមសម្រាប់អ្នកដែលស្នាក់នៅក្នុងតំបន់ជនបទ ជាយក្រុង ឬផ្ទះដីភូមិ ដែលមានទីកន្លែងគ្រប់គ្រាន់ ព្រោះអាចធ្វើរងបន្លែដែលដាំនៅនឹងដីផ្ទាល់បានតែម្តង ធ្វើឱ្យអាចដាំបន្លែបានគ្រប់ប្រភេទ តាមចំណង់ចំណូលចិត្តរបស់មនុស្សក្នុងក្រុមគ្រួសារ ដែលភាគច្រើនទៅ ទំហំរងដំណាំដែលស័ក្តិសមក្នុងការដាំដុះបន្លែ ដើម្បីទទួលទានក្នុងគ្រួសារគឺ ទំហំរងទទឹងមិនលើសពី 1ម៉ែត្រ X បណ្តោយ 4ម៉ែត្រ (ឬតាមទំហំទីកន្លែង) X កម្ពស់ 20-30សង់ទីម៉ែត្រ ដើម្បីជួយក្នុងការបង្ហូរទឹក និងខ្យល់អាកាសបានល្អ។

សម្រាប់ការត្រៀមរងដំណាំ អាចធ្វើបានងាយៗ ដោយចាប់ផ្តើមពី ៖ កាប់ដីតាមទំហំរបស់ទីកន្លែងដែលត្រូវដាំដុះ ឱ្យជ្រៅចុះទៅប្រមាណជា 30 – 50សង់ទីម៉ែត្រ(3តឹក-កន្លះម៉ែត្រ) ឬប្រមាណជា 1-2មុខចបកាប់ បន្ទាប់ពីនោះត្រូវហាលដីចោលយ៉ាងតិច 7 ថ្ងៃ រួចទើបជ្រួយដីឡើងវិញម្តងទៀត។ បន្ទាប់ពីនោះដាក់ជីគ្រាប់ ឬជីធម្មជាតិក្នុង 1ម៉ែត្រការ៉េ 1-3ក្តាប់ដៃ ជ្រួយឱ្យលាយចូលគ្នាជាមួយដីក្លាយជាសាច់មួយ មុននឹងតុបតែងរងឱ្យមានកម្ពស់ប្រមាណជា 20-30សង់ទីម៉ែត្រ បន្ទាប់ពីនោះក៏ព្រោះ ឬដាក់ដាំគ្រាប់ពូជបន្លែចូលទៅ រួចបាញ់ទឹកផ្សំទឹកថ្នាំបណ្តុះ ត្រៃខូឌើម៉ា (អាចរកទិញបាននៅកន្លែងលក់គ្រឿងជីកសិកម្ម) ក្នុងអត្រា 10-20លិត្រក្នុងផ្ទៃដី 100 ម៉ែត្រការ៉េ លើរងដាំដុះដំណាំបន្ទាប់ពីដាក់ដាំគ្រាប់ពូជរួច និងគ្របពីលើរងដោយចំបើង បន្ទាប់ពីនោះចូរស្រោចទឹកដំណាំភ្លាមតែម្តង។

ចម្ការបន្លែធំល្មម

ផ្ទះដែលមានបរិមាណទីធ្លាសម្រាប់ដាំដុះមិនធំប៉ុន្មាន អាចស័ក្តិសមជាមួយវិធីដាំដុះខាងក្រោមនេះ ព្រោះយ៉ាងហោចណាស់ក៏យើងអាចធ្វើជាចម្ការបានធំល្មមមួយ​ ទុកគ្រាន់មើលលេងកម្សាន្តសប្បាយៗ ដែលអាចប្រើបន្លែប្រភេទខ្លះ ធ្វើជារុក្ខជាតិគួបផ្សំនៅក្នុងចម្ការធំល្មមនោះបាន ដូច្នេះរុក្ខជាតិបន្លែដែលស័ក្តិសមក្នុងការយកមកដាំ គួរតែជារុក្ខជាតិដែលមានអាយុវែងបន្តិច មានទ្រង់ទ្រាយជាមែក ជាគុម្ពធំ និងមានស្លឹកត្រួយស្រស់ស្អាត រឹតតែមានផ្កា-ផ្លែពណ៌ល្អស្រស់ លេចធ្លោផងនោះ រឹតតែជាការល្អ ដូចជា ម្ទេសដៃនាង ម្ទេសគុយទាវ ប៉េងប៉ោះ ឬត្រប់ផ្សេងៗ ជាដើម។

ចំណែកវិធីការដាំដុះវិញ សំខាន់នៅត្រង់ការចាត់ចែងបែងចែកទីកន្លែងឱ្យស័ក្តិសមដើម្បីកុំឱ្យចង្អៀតស្មុគ តាមរយៈការបែងចែកទីកន្លែងដោយអាចប្រើ ផើង ឥដ្ឋប្រហោង ឥដ្ឋប្លុក បន្ទះឫស្សី ឬវត្ថុផ្សេងៗយកមកធ្វើជារបងឃាំងបែងចែកទីកន្លែងឱ្យក្លាយជាចំណែកមួយដោយឡែកបាន ឯការមើលថែទាំ ក៏ធ្វើបែបដូចគ្នានឹងការដាំដុះបន្លែនៅលើដី ឬក្នុងផើងទូទៅដែរ។

(នៅមានត)

Advertisement