ចម្ការបន្លែគ្រួសារជុំវិញផ្ទះ (តពីលេខមុន)

ដោយសារតែចង្កោមពូជមិនមានភាពទៀងទាត់ គ្រាប់ពូជជំនាន់តៗទៅទៀត របស់គ្រាប់ពូជកូនកាត់ នឹងមានទិន្នផលថយចុះ និងគុណសម្បត្តិផ្សេងៗទៀតក៏ប្រែប្រួល និងមិនអាចផលិតគ្រាប់ពូជបានដោយខ្លួនឯងឡើយ ដោយសារគ្មានគ្រាប់ពូជមេ ព្រោះក្រុមហ៊ុនអ្នកផលិតគ្រាប់ពូជ តែងតែលាក់ទុកវិធីផលិត និងវិធីជ្រើសរើសគ្រាប់ពូជមេ (គ្រាប់ពូជដែលដាក់ដាំលើកទី1)។ នេះជាការសម្ងាត់។

ដំណាំដែលប្រើគ្រាប់ពូជកូនកាត់ ដែលកសិករនិយមប្រើក្នុងការដាំដុះ ដើម្បីលក់ដូរបែបពាណិជ្ជកម្មនោះ មានដូចជា ពោត និងដំណាំផ្កាតុបតែងផ្សេងៗ។

គ្រាប់ពូជលាយផ្សំប្រភេទបើក ភាគច្រើននឹងមានភាពសម្បូរបែប ធន់នឹងសភាពបរិស្ថាន និងមានតម្លៃថោកជាងគ្រាប់ពូជកូនកាត់ តែក្នុងផ្លូវផ្ទុយគ្នាវិញ គ្រាប់ពូជកូនកាត់នឹងមានភាពច្បាស់លាស់ខាងពូជ ខ្លាំងជាង ដោយសារតែគ្រាប់ពូជកូនកាត់ជាគ្រាប់ពូជគុណភាពខ្ពស់ មានអត្រាការលូតលាស់ខ្ពស់ អាយុការប្រមូលផលយូរជាង និងមានទិន្នផលខ្ពស់ជាប់លាប់ តែដោយសារមានតម្លៃខ្ពស់ ទើបការប្រើសម្រាប់ដាំដុះ ក្នុងកម្រិតគ្រួសារ អាស្រ័យលើការនិយមចូលចិត្តរបស់អ្នកដាំ ក្នុងការជ្រើសរើសប្រើគ្រាប់ពូជប្រភេទណាមួយ។

-ការជ្រើសរើសទិញ និងទុកដាក់រក្សាគ្រាប់ពូជ តើត្រូវធ្វើយ៉ាងណា?

ការជ្រើសរើសទិញគ្រាប់ពូជបន្លែ ដែលល្អអាចចាត់ទុកថា ជាបច្ច័យសំខាន់ដែលមានផលដល់ការរីកចម្រើនធំធាត់របស់ដំណាំ និងការទទួលបានទិន្នផលដែលសមនឹងតម្លៃ ដូចចិត្តអ្នកដាំដុះ។ ដូច្នេះការជ្រើសរើសទិញគ្រាប់ពូជ រឿងដែលសំខាន់បំផុតនោះគឺ ៈ

  1. ការអានស្លាកព័ត៌មាននៅលើកញ្ចប់ ឬកំប៉ុងគ្រាប់ពូជយ៉ាងល្អិតល្អន់ ដោយសង្កេតពីថ្ងៃ-ខែ-ឆ្នាំផលិត និងថ្ងៃផុតកំណត់ ភាគរយនៃការដុះលូតលាស់យ៉ាងតិចត្រូវតែខ្ពស់ជាង 70% ឡើងទៅ។
  2. ទីកន្លែងនៃការដាក់លក់ ក៏ជារឿងមួយសំខាន់ដែរ ព្រោះគ្រាប់ពូជ នឹងមិនត្រូវស្ថិតនៅក្នុងទីកន្លែងដែលអាប់សើម ឬត្រូវពន្លឺថ្ងៃ ខ្លាំងជ្រុលពេកឡើយ។
  3. នៅពេលបើកកញ្ចប់គ្រាប់ពូជប្រើហើយ គួរប្រើឱ្យអស់ក្នុង 1លើកតែម្តង ឬបើសិនជាប្រើមិនអស់ គួរតែបិទកញ្ចប់ឱ្យជិត សរសេរឈ្មោះពូជដំណាំ ថ្ងៃ-ខែ-ឆ្នាំផុតកំណត់ បន្ទាប់មកយកទៅដាក់នៅក្នុងដប ឬថង់ដែលមានវត្ថុការពារសំណើម ដូចជា ដុំធ្យូង ឬផេះ បិទមាត់ថង់ ឬដបនោះឱ្យជិត បន្ទាប់ពីនោះ យកទៅទុកដាក់នៅក្នុងទីកន្លែងដែលស្ងួតល្អ ប្រាសចាកសត្វកណ្តុរ និងសត្វល្អិតផ្សេងៗ និងមានសីតុណ្ហភាព 5 – 10អង្សាC ឬទុកក្នុងទូទឹកកកដើម្បីថែរក្សាគុណភាព។
  4. មិនទិញគ្រាប់ពូជ ពីប្រភពផលិតគ្រាប់ពូជដែលមានរោគរាលដាល។
  5. បើជាគ្រាប់ពូជធម្មតាក្នុងស្រុក ត្រូវទិញគ្រាប់ពូជពីអ្នកផលិតដែលអាចជឿទុកចិត្តបាន ដោយពិចារណាពីបទពិសោធក្នុងការដាំដុះកាលពីគ្រាកន្លងមកថា តើពេលយកមកដាំហើយមានអត្រាការលូតលាស់ខ្ពស់ឬទេ? បានផលល្អ មានរូបរាងស្អាត មានទម្ងន់ និងមានរសជាតិល្អត្រូវតាមលក្ខណៈដូចដែលគេបានឃោសនាដែរឬទេ? បើដាំហើយបានទិន្នផលល្អ គ្រាប់ពូជពីក្រុមហ៊ុនផលិតនោះ ក៏នឹងមានភាពគួរឱ្យជឿទុកចិត្តខ្ពស់។
  6. ទ្រង់ទ្រាយរបស់គ្រាប់ពូជត្រូវតាមពូជ មិនវៀចវ៉ចខុសទម្រង់ពីពូជដែលត្រូវការ។

ភាគច្រើន គ្រាប់ពូជផ្សេងៗ ទោះជាអាចរក្សាទុកក្នុងកន្លែងកកក្នុងទូទឹកកកបានយូរដល់ 3 – 4ឆ្នាំ និងក្នុងកន្លែងត្រជាក់ធម្មតាក្នុងទូទឹកកកអាចរក្សាទុកបាន 1 – 2 ឆ្នាំក៏ដោយ តែរឿងដែលគួរនឹកដល់មុនគេបំផុតនោះគឺ កុំរក្សាទុកគ្រាប់ពូជយូរជ្រុលពេក ព្រោះបើសិនជារឹតតែរក្សាទុកយូរ ភាគរយក្នុងការលាស់ចេញមករបស់គ្រាប់ពូជនឹងរឹតតែថយចុះដែរ។

-ការពិសោធលើប្រសិទ្ធភាព ការលាស់ឡើងរបស់គ្រាប់ពូជ

មុនការដាំដុះដំណាំបន្លែម្តងៗ គួរពិសោធពីភាពដុះលាស់ឡើងរបស់គ្រាប់ពូជដំណាំដោយវិធីងាយៗ ដើម្បីឱ្យដឹងពីបរិមាណភាពលាស់ឡើងរបស់គ្រាប់ពូជនោះ និងបើសិនបានពិសោធគ្រាប់ពូជ មុននឹងសម្រេចចិត្តទិញមកដាំបានផងនោះ ក៏នឹងធ្វើឱ្យមានការសម្រេចចិត្តជ្រើសរើសទិញ បានត្រូវតាមតម្រូវការកាន់តែខ្លាំងឡើង។

វិធីពិនិត្យមើលគ្រាប់ពូជ បានដោយខ្លួនឯងបែបងាយៗនោះគឺ ៈ

  1. ការដាក់ត្រាំទឹក ៈ ចាប់ផ្តើមដោយការយកគ្រាប់ពូជដំណាំ ដាក់ចូលក្នុងភាជនៈ ដូចជា ពែង ផ្តិលទឹក ឬចានគោមក៏បាន បន្ទាប់មកដាក់ទឹកចូលទៅ រួចសង្កេតមើលគ្រាប់ពូជ បើជាគ្រាប់ដែលខូច វានឹងអណ្តែតឡើង ឯគ្រាប់ដែលល្អនឹងលិចនៅក្នុងទឹក។ បើសង្កេតឃើញថា មានគ្រាប់ដែលអណ្តែតទឹកច្រើន នោះបង្ហាញថា ជាគ្រាប់ពូជគ្មានគុណភាព ខូចច្រើនមិនគួរទិញយកមកដាំទេ។

(នៅមានត)

Advertisement