ចម្ការបន្លែគ្រួសារជុំវិញផ្ទះ (តពីលេខមុន)

2 . ការសាកល្បងរកភាគរយនៃការលាស់ឡើងរបស់គ្រាប់ពូជ

– ឧបករណ៍ ៈ ចានដែក ឬធុងឈើរាក់ៗ / វត្ថុសម្រាប់ផ្តិតទឹក ដូចជា ក្រដាសជូតដៃ ក្រណាត់សំឡី ឬដីខ្សាច់ស្អាត / គ្រាប់ពូជបន្លែ / ទឹក។

វិធីការ ៈ គូសជាតារាងឡើង 100 ប្រឡោះនៅលើក្រដាសជូតដៃ ឬក្រណាត់សំឡី ហើយដាក់ចូលទៅក្នុងចានដែកបែបប្រោះទឹកឱ្យសើមជោក។ បើជាដីខ្សាច់ ក៏យកដីខ្សាច់ក្នុងក្នុងធុងឈើប្រោះទឹកឱ្យសើមជោក ហើយគូសជាតារាង 100 ប្រឡោះ បន្ទាប់ពីនោះក៏យកគ្រាប់ពូជដំណាំមកដាក់ក្នុងប្រឡោះនៅលើក្រដាស ក្រណាត់ ឬដីខ្សាច់ទាំង 100 ប្រឡោះ (100 គ្រាប់) រួចយកក្រដាសជូតដៃគ្របពីលើ និងប្រោះទឹកមួយសាទៀត បើនៅលើក្រណាត់ចូរប្រើស្បៃ បើនៅលើធុងដីខ្សាច់ ក៏យកក្រណាត់ជ្រលក់ទឹកគ្របពីលើ បន្ទាប់មកទុកចោលនៅក្នុងទីម្លប់ដែលមានខ្យល់អាកាសបក់ចេញចូលល្ហើយៗ និងមើលថែទាំក្រដាស / ក្រណាត់ឱ្យសើមទឹកគ្រប់ពេលវេលា តែកុំឱ្យជោកជាំជ្រុលពេក។ ប្រមាណជា 1 – 3 ថ្ងៃ គ្រាប់ពូជដំណាំនឹងចាប់ផ្តើមលាស់ចេញមក ចូរបកក្រដាសចេញ ឬយកក្រណាត់ដែលគ្របពីលើនោះចេញ ហើយរាប់ចំនួនគ្រាប់ពូជដែលលាស់ឡើងនោះ បើសិនជាលាស់ឡើងលើស 90 គ្រាប់ទៅ អាចនាំយកទៅដាក់ដាំបាន 70 – 80 គ្រាប់ស្ថិតក្នុងកម្រិតអាចប្រើការបាន គួរនាំយកទៅបន្ថែមប្រសិទ្ធភាពការលូតលាស់ តែបើតិចជាង 60 គ្រាប់ មិនគួរនាំយកទៅដាក់ដាំទេ។

3 . វិធីការបន្ថែមប្រសិទ្ធភាពការលូតលាស់របស់គ្រាប់ពូជ អាចធ្វើបានដូចតទៅ

1 . ការកាត់ផ្នែកខ្លះរបស់គ្រាប់ពូជចេញ ឬយកគ្រាប់ពូជមកខាត់លើក្រដាសខាត់ ដែលភាគច្រើនជាគ្រាប់ពូជដំណាំដែលជាដំណាំដើមផុតពីដី និងជាគ្រាប់ដែលមានសំបករឹង។

2 . ការត្រាំគ្រាប់ពូជក្នុងទឹក

  • 2 . 1 ការត្រាំគ្រាប់ពូជក្នុងទឹកក្តៅ 50 – 55 អង្សា C រយៈពេល 15 – 20 នាទី ហើយនាំយកទៅដាក់ហាលឱ្យស្ងួតនៅក្នុងទីម្លប់។ វិធីនេះនៅជួយការពាររោគដំណាំដែលនឹងកើតពីមេរោគផ្សិតបានទៀតផង (ត្រូវមានប្រដាប់ស្ទង់កម្តៅផង)។
  • 2 . 2 ការត្រាំគ្រាប់ពូជនៅក្នុងទឹកត្រជាក់ 4 – 12 ម៉ោង រួចទើបយកគ្រាប់ពូជនោះទៅដាក់ដាំ។ វិធីនេះនឹងជួយឱ្យគ្រាប់ពូជដែលរក្សាទុកមកយូរហើយមានភាគរយការលាស់បានល្អឡើង ដើមបន្លែរឹងមាំឡើង ដោយបន្លែដែលស័ក្តិសម​ជាមួយវិធីត្រាំទឹកក្តៅ ឬត្រជាក់នោះគឺ ត្រកួន ពោត ត្រប់ ប៉េងប៉ោះ ស្ពៃ ការ៉ុត ខ្ទឹមបារាំង ម្ទេសប្លោក ត្រសក់ និងផ្កាឈូករត្ន។

3 . ការត្រាំគ្រាប់ពូជក្នុងសម្ភារផ្សេងៗ ដូចជា ក្រដាសជូតដៃ ក្រណាត់ជ្រលក់ទឹក ម្សៅធ្យូង អាចម៍រណា ជំនួសការត្រាំក្នុងទឹកដោយត្រង់ ព្រោះសម្ភារទាំងនេះនឹងខ្ជាក់ទឹកចេញមកយឺតៗ ធ្វើឱ្យគ្រាប់ពូជបឺតទឹកសន្សឹមៗ និងស្តារខ្លួនពីការដេកលក់ជាបណ្តើរៗឡើង។ បន្លែដែលស័ក្តិសមក្នុងការបន្ថែមប្រសិទ្ធភាពការលូតលាស់ដោយវិធីនេះគឺ បន្លែនៃត្រកូលសណ្តែក ព្រោះសណ្តែកនឹងបឺតជ្រាបជាតិទឹកបានល្អ ព្រោះពេលត្រាំទឹកយូរៗនឹងធ្វើឱ្យស្រទាប់សាច់របស់គ្រាប់ពូជខូចខាត ដូច្នេះហើយទើបគ្រាប់ពូជក្នុងត្រកូល សណ្តែកស័ក្តិសមជាមួយវិធីនេះជំនួសការត្រាំទឹកដោយត្រង់។

ទោះជាពេលខ្លះការពិសោធមើលភាគរយការលូតលាស់ទទួលបានផលល្អមែន តែនៅពេលនាំយកទៅដាក់ដាំហើយ បែរជាមិនបានផលល្អទៅវិញ ដូច្នេះអ្នកដាំគួរពិចារណាពីមូលហេតុបន្ទាប់បន្សំដូចតទៅនេះគួបផ្សំផងដែរ គឺ ៈ

– ដីមិនស័ក្តិសម ដូចជាដីមានភាពជាអាស៊ីត ឬមានជាតិក្បុងច្រើនពេក ឬខ្វះសារធាតុអាហារក្នុងដី ឬដីមានសំណើមមិនគ្រប់គ្រាន់ ជាដើម។

– គ្រាប់ពូជត្រូវបានរក្សាទុកយូរពេក។

– គ្រាប់ពូជកំពុងស្ថិតក្នុងអំឡុងពេលសម្រាកខ្លួន ដេកលក់។

– គ្រាប់ពូជត្រូវបានរក្សាទុកក្នុងអំឡុងពេលដែលមិនស័ក្តិសម។

– ភាជនៈ និងវិធីការរក្សាទុកគ្រាប់ពូជមិនល្អ មានសំណើម។

– ដើមកំណើតពូជដែលយកគ្រាប់ពូជមកប្រើការមិនបាន។

(នៅមានត)

Advertisement