កម្ពុជាត្រៀមនាំត្រីដំរី បង្កង ខ្យង និងអន្ទង់ចូលទីផ្សារចិន

កម្ពុជា ជា​ប្រទេស​ដែលមាន​សក្តានុពល​មួយផ្នែក​កសិកម្ម ដែល​បាន​នាំចេញ​ផលិតផល​កសិកម្ម​ជាច្រើន​ទៅកាន់​ទីផ្សារ​អន្តរជាតិ។ ថ្មីៗនេះ ការរៀបចំ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា-ចិន ក៏ត្រូវ​បាន​គេ​មើលឃើញថា​នឹងធ្វើ​ឱ្យ​លំហូរ​នៃ​ផលិតផល​កសិកម្ម​រប​ស់​កម្ពុជា កាន់​តែមាន​ទីផ្សារ​សំបូរបែប​សម្រាប់​នាំចេញ។

ឯកឧត្តម អេង ជា​សាន ប្រធាន​រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម​រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ បាន​លើកឡើងថា​កម្ពុជា​យើង​កន្លងមក​បាន​នាំចេញ​ត្រី​យ៉ាងច្រើន​ទៅកាន់​ទីផ្សារ​ចិន ហើយថ្មីៗនេះ​ចិន​បាន​ឯកភាព​ឱ្យ​នាំចូល​នូវ​ផលិតផល​កសិកម្ម 4មុខ​បន្ថែមទៀត។ ផលិតផល​ទាំងអស់នោះ​គឺ ត្រី​ដំរី បង្កង ខ្យង និង​អន្ទង់ ដែល​ផលិតផល​ទាំងអស់នេះ​សុទ្ធ​តែមាន​គុណភាព​ខ្ពស់ និង​តម្លៃ​ថ្លៃ​ផងដែរ។ ការនាំចេញ​ផលិតផល 4មុខ​បន្ថែម​នេះ​គ្រាន់តែ​ជា​ជំហាន​ដំបូង​ប៉ុណ្ណោះ​សម្រាប់​ទីផ្សារ​ចិន ព្រោះ​នៅពេល​ខាងមុខ​ចិន អាចនឹងទទួល​ទិញ​ផលិតផល​កម្ពុជា​ច្រើន​មុខ​បន្ថែមទៀត​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងប្រទេស​របស់គេ។

ឯកឧត្តម​បានបញ្ជាក់​ផងដែរ​ថា ក្នុង​រយៈពេល 2ឆ្នាំ​មកនេះ កម្ពុជា​បាន​ចរចារ​នាំ​ត្រី​ប្រា​ទៅកាន់​ទីផ្សារ​ចិន ដោយ​រហូតមក​ដល់ពេលនេះ ក្រសួង​ក៏​កំពុង​ខិតខំ​យ៉ាងខ្លាំង​ក្នុងកា​ជំរុញ​ការងារ​នេះ​ឱ្យ​កាន់តែ​ឆាប់រហ័ស​ដើម្បី​នាំ​ផលប្រយោជន៍​សម្រាប់​អ្នក​ចិញ្ចឹម​ត្រី​កម្ពុជា។ កន្លងមក ពាក់ព័ន្ធ​នឹង​ការចិញ្ចឹម​ត្រី​នេះ ប្រជាជន​យើង​មានបទពិសោធន៍​ច្រើន​ក្នុងការ​ចិញ្ចឹម​ត្រី​ប្រា ហេតុនេះ​កាលណា​ចិន​ទទួល​ទិញ នោះ​យើង​នឹង​អាច​ជំរុញ​ការផលិត​ឱ្យបាន​កាន់តែច្រើន៕

Advertisement