ស្ករត្នោតក្លែងក្លាយជាមេរោគថ្មីសម្រាប់ផលិតផលក្នុងស្រុក

ត្នោត គឺជា​ដើមឈើ​មួយ​ដើម​ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​យ៉ាងសំខាន់​របស់​កម្ពុជា ព្រោះ​ដើមត្នោត​ជាដើម​ដែលមាន​អត្ថប្រយោជន៍​ច្រើន​បំផុត​ទាំង​ស្លឹក ឫស ធាង ដើម ផ្លែ និង​ផ្នែកផ្សេងៗទៀត។ បន្ថែម​ពីលើ​នេះ ខ្មែរ​យើង​ខ្លះ​ក៏​ប្រៀបធៀប​ផលិតផល​ពី​ត្នោត ថា​ជា​របស់​សំខាន់​ដែល​ល្អ​ឯក​ប្លែក​គេ​លើ​ពិភពលោក​របស់​កម្ពុជា​ថែម​ទៀតផង។

ទោះជា​យ៉ាងនេះ​ក្តី មួយរយៈ​ពេលនេះ ស្ករត្នោត ជា​ផលិតផល​ដ៏​ល្បីល្បាញ​របស់​កម្ពុជា ដែល​ប្រជាជន​ទូទាំងប្រទេស និង​ភ្ញៀវទេសចរ​បរទេស​ទទួល​ស្គាល់ កំពុង​ទទួលរង​នូវ​ការវាយប្រហារ​យ៉ាងធ្ងន់ធ្ង​រ​ពី​ឈ្មួញ​ទុច្ចរិត និង​ការប្រើប្រាស់​សារធាតុ​គីមី។ មួយរយៈ​ពេល​ចុង​ក្រោយនេះ គេ​ឃើញ​មន្ត្រី​ផ្នែក​កាំកុងត្រូល ដែល​ក្រោយមក​បាន​ប្រែ​ក្លាយខ្លួនជា អាជ្ញាធរ​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​ការ​ក្លែងបន្លំ (កប​ប) ចាប់បាន​ទីតាំង​ផលិត​ស្ក​ត្នោត​ក្លែងក្លាយ​ជាច្រើន​កន្លែង​នៅ​ខេត្តតាកែវ និង​ខេត្តកណ្តាល។

បញ្ហា​នេះ អាច​នឹង​ធ្វើឱ្យប៉ះពាល់​ដ​ល់​ចង្វាក់​ផលិតកម្ម និង​ការគាំទ្រ​ផលិតផល​ក្នុងស្រុក ព្រោះ​ដោយសារតែ​របត់​ចុងក្រោយ​នេះ​អាហារ​ពី​បរទេស​សំបូរ​ទៅដោយ​សារធាតុ​គីមី ប្រជាជន​ខ្មែរ​ចាប់ផ្តើម​ងាក​មកប្រើប្រាស់​ផលិតផល​ក្នុងស្រុក​វិញ​ម្តង តែ​ប្រសិនបើ​ផលិតផល​ក្នុងស្រុក​មាន​សារធាតុ​គីមី​ដែរ នោះ​យើង​នឹង​អាច​ជួប​ការលំបាក។ បន្ថែម​ពីលើ​នេះ រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​កំពុង​ជំរុញ​ការផលិត​ផលិតផល​ក្នុងស្រុក ដោយ​ក្នុងនោះ​ស្ករត្នោត​ជា​ផលិតផល​សំខាន់​មួយ​សម្រាប់​ប្រជាជន ប្រសិនបើ​ស្ក​ត្នោត​ដែល​មានតែ​កម្ពុជា​បែរជា​ផលិតឡើង​ដោយ​របស់​ក្លែងក្លាយ​ទៅហើយនោះ អ្នកទិញ​នឹង​អស់​ទំនុកចិត្ត។ ការ​អស់​ទំនុកចិត្ត​នេះ អាច​នឹង​ជះឥទ្ធិពល​អាក្រក់​ផងដែរ​សម្រាប់​ចង្វាក់​ផលិតកម្ម​ជាច្រើន​ផ្សេងទៀត​ជាពិសេស​សហគមន៍​ផលិត​ស្ក​ត្នោត​ធម្មជាតិ​ពិតប្រាកដ។

កន្លងមក លោក ប៉ោ លាង​គង់ ប្រធាន​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​ការ​ក្លែងបន្លំ (កប​ប) ដែល​បាន​ចុះបង្ក្រាប​ទីតាំង​ស្ករត្នោត​ក្លែងក្លាយ​នៅ​ខេត្តតាកែវ​បាន​លើកឡើងថា ស្ក​ត្នោត​ក្លែងក្លាយ​នេះ​ផលិតឡើង​ដោយ​ផលិតផល​ស្ករស លាយ​ជាមួយ​ម្ស៉ៅ និង​ខ្លាញ់ ដែល​សារធាតុ​ទាំងអស់នេះ​អាច​ប៉ះពាល់​ខ្លាំង​ដល់​សុខភាព។ វា​អាច​បណ្តាលឱ្យមាន​បញ្ហា​ជាច្រើន​មកពី​កង្វះ​អនាម័យ និង​បញ្ហា​មួយចំនួនទៀត​ដល់​ក្រពះ ពោះវៀន និង​អាចឈាន​ទៅដល់​ការកើតមាន​ជា​ជំងឺ​ជាដើម។

ហេតុនេះ ការចូលរួម​របស់​ប្រជាជន​ក្នុងការ​បញ្ឈប់​ការផលិត​ស្ករត្នោត​ក្លែងក្លាយ​នេះ ជា​ជំហាន​យ៉ាងសំខាន់​ក្នុង​ការជួយ​ដល់​សុខភាព​ប្រជាជន​ផង និង​ការជួយ​ដល់​ផលិតផល​ក្នុងស្រុក​ផង៕

Advertisement