ដំណាំ សណ្ដែកកួរ

សណ្ដែកកួរ ឬឈ្មោះខាងវិទ្យាសាស្រ្តហៅថា Vignaunguiculata subsp Sesquipedalis ជាដំណាំវល្លិ៍មួយប្រភេទដែលមានលក្ខណៈជារុក្ខជាតិវារតោង។ ដើមជាវល្លិ៍ដែលរឹង និងស្វិត មានពណ៌បៃតងខ្ចីមួលរុំព័ទ្ធលើវត្ថុដែលយឹតតោងបានល្អ ចំណែកស្លឹកជាបន្ទះប៉ុនៗបាតដៃ ចែកជាស្លឹកតូចៗ 3 រាងបីជ្រុង វែងប្រមាណជា 6 – 10 សង់ទីម៉ែត្រ និងមានផ្កាជាចង្កោម មានពណ៌ស ឬខៀវខ្ចី។ ឯផ្លែមានរាងមូលតូចវែង ទំហំទទឹងប្រមាណ 0,5 – 1 សង់ទីម៉ែត្រ វែងប្រវែង 20 – 60 សង់ទីម៉ែត្រ និងនៅក្នុងផ្លែមានគ្រាប់មួយចំនួន។ ជារុក្ខជាតិដែលលូតលាស់បានល្អ ចូលចិត្តធាតុអាកាសក្ដៅ មានពន្លឺថ្ងៃពេញមួយថ្ងៃ និងទទួលបរិមាណទឹកភ្លៀងតិច ទើបគេអាចបណ្ដុះដាំបានគ្រប់រដូវពេញមួយឆ្នាំ។

ការដាំដុះ

– ការត្រៀមដី ៈ ចាប់ផ្ដើមដោយការភ្ជួរដាស់ដីជម្រៅ 20 – 30 សង់ទីម៉ែត្រ បាចស៊ីម៉ង់ត៍ស ឬជីលាមកគោ រួចហាលដីចោលប្រមាណជា 15 ថ្ងៃ បន្ទាប់មកទើបភ្ជួរម្ដងទៀតដាក់ជីលាមកគោ ឬជីកំប៉ុសទ្រាប់បាតដីក្នុងអត្រា 5 គីឡូក្រាមក្នុងមួយម៉ែត្រការ៉េ ឬ2 តោនលើទំហំផ្ទៃដី 15 ម៉ែត្រ X 100 ម៉ែត្រ ដើម្បីកែសម្រួលគ្រោងសាងដីឱ្យល្អឡើង។ បន្ទាប់ពីនោះក៏ដាក់ជីរូបមន្ត 15-15-15 ក្នុងអត្រា 30 គីឡូក្រាមលើទំហំដីដូចខាងលើ ហើយត្រៀមជារងដាំទំហំទទឹង 1 – 1,20 ម៉ែត្រ X បណ្ដោយតាមប្រវែងដី X កម្ពស់ 15 – 20 សង់ទីម៉ែត្រ និងពង្រាបមុខលើរងឱ្យស្មើគ្នា។

– វិធីដាំ ៈ ជីករណ្ដៅតូចៗលើរងឆ្ងាយពីគ្នា 50 សង់ទីម៉ែត្រពីមួយទៅមួយ ឆ្ងាយពីគ្នាមួយជួរៗ 70 – 100 សង់ទីម៉ែត្រ មុននឹងទម្លាក់គ្រាប់ពូជសណ្ដែកកួរចូលទៅក្នុងរណ្ដៅ 3 គ្រាប់ ហើយលុបរណ្ដៅដោយអង្កាម ឬជីលាមកគោ 2 – 3 ក្ដាប់ក្នុងមួយរណ្ដៅ។ បន្ទាប់ពីនោះក៏ធ្វើទ្រើង ដោយយកមែកឈើវែងៗមកដោតលើដីជុំវិញរណ្ដៅ រួចចងផ្គុំចូលគ្នាផ្នែកចុងខាងលើ កម្ពស់ពី 2 – 2,5 ម៉ែត្រ ពីលើរណ្ដៅបណ្ដុះគ្រាប់នីមួយៗ រួចហើយដាក់មែកឈើវែងគងពាក់គ្នាពីទ្រើងមួយទៅទ្រើងមួយ មុននឹងគ្របដោយសំណាញ់។ បន្ទាប់ពីដាំបាន 7 – 15 ថ្ងៃ ពេលកូនសណ្ដែកកួរចាប់ផ្ដើមចេញស្លឹកពីរបីហើយ ចូរជ្រើសរើសទុកតែដើមណាដែលរឹងមាំល្អតែ 2 ដើមក្នុងមួយរណ្ដៅ បន្ទាប់ពីនោះកូនដើមសណ្ដែកកួរនឹងចាប់ផ្ដើមតោងវារឡើងទ្រើងក្នុងរយៈពេល 15 – 20 ថ្ងៃ។

វិធីមើលថែទាំរក្សា

– ការស្រោចទឹក ៈ គួរស្រោចទឹកមួយថ្ងៃ 1ដង រៀងរាល់ថ្ងៃ តែទាំងអស់នេះត្រូវពិចារណាលើស្ថានភាពធាតុអាកាស និងសភាពដីផង មិនគួរស្រោចទឹកជោកជ្រុលពេកដែលនាំឱ្យគល់ដើមសណ្ដែកកួររលួយ និងត្រូវប្រយ័ត្នក្នុងអំឡុងពេលចេញផ្កា និងចេញក្ដិប មិនគួរឱ្យខ្វះទឹកជាដាច់ខាត។

– ការដាក់ជី ៈ នៅពេលដើមសណ្ដែកកួរមានអាយុបានប្រមាណជា 20 ថ្ងៃ គួរដាក់ជីរូបមន្ត 46-0-0 ក្នុងអត្រា20 គីឡូក្រាមក្នុងទំហំដី 15 ម៉ែត្រ X 100 ម៉ែត្រ លាយនឹងជីរូបមន្ត 15-15-15 ក្នុងអត្រា 25 គីឡូក្រាមលើទំហំផ្ទៃដីដូចគ្នា។ សម្រាប់ក្នុងអំឡុងចេញផ្កា និងចេញផ្លែ គួរដាក់ជីរូបមន្ត 13-13-21 ក្នុងអត្រា 30 – 50 គីឡូក្រាមលើទំហំផ្ទៃដីដូចគ្នា ដោយបន្តដាក់ក្នុង 15 ថ្ងៃម្ដង។

– ការការពារ និងកម្ចាត់សត្រូវដំណាំ ៈ ការពារសត្វល្អិតសត្រូវដំណាំដោយទឹកត្រាំស្លឹកស្ដៅ ឬអាចដាក់សាប៊ូម្សៅបន្តិចបន្តួចលាយជាមួយដើម្បីជួយជាសារធាតុទ្រទ្រង់ស្លឹកឱ្យល្អឡើង។ គួរបាញ់ល្បាយទឹកថ្នាំនេះដាក់ដើមសណ្ដែកកួរយ៉ាងជាប់លាប់ ជាពិសេសក្នុងអំឡុង 10 – 15 ថ្ងៃដំបូងនៃការដាំ។ ឧស្សាហ៍កាត់ស្លឹកចេញខ្លះដើម្បីឱ្យទទួលបានផលផ្លែសណ្ដែកកួរច្រើនឡើង និងគួរជ្រួយដី ដកស្មៅរៀងរាល់ 2 សប្ដាហ៍ម្ដង។

វិធីប្រមូលផល

– សណ្ដែកកួរនឹងអាចបេះបាននៅពេលមានអាយុ 55 – 60 ថ្ងៃ ដោយអាចបន្តបេះផលផលិតបានរៀងរាល់ 2 – 4 ថ្ងៃ។ គួរបេះនៅពេលមានពន្លឺថ្ងៃតិចៗ និងយកចូលម្លប់ភ្លាមៗ។ ការបេះអាចធ្វើឡើងដោយការក្ដិចបណ្ដាច់ចេញពីទង ឬយកកន្ត្រៃកាត់ និងគួរជ្រើសរើសបេះតែផ្លែណាដែលមិនប៉ោង មានភាពរលូនស្រលូនល្អ និងមិនគួរទុកឱ្យផ្លែឡើងចាស់ជាប់នឹងដើមឡើយ ព្រោះនឹងធ្វើឱ្យទទួលបានផលផលិតតិច។ ជាទូទៅ សណ្ដែកកួរនឹងមានអាយុប្រមូលផលយូរប្រមាណជា 20 – 30 ថ្ងៃ តែបើសិនជាចង់រក្សាទុកយកគ្រាប់ធ្វើពូជ គួរទុកឱ្យផ្លែឡើងពណ៌លឿង មិនចាំបាច់រង់ចាំឱ្យទុំខ្លាំង ក៏អាចប្រឡេះគ្រាប់ចេញមកដាក់ហាលសម្ងួត រក្សាទុកពង្រីកពូជដាំដុះជាបន្តបានដែរ៕

Advertisement