ដំណាំ ប្រពាយ

បន្លែ ប្រពាយ ឬឈ្មោះខាងវិទ្យាសាស្រ្តហៅថា Psophocarpus tetragonolobus Linn ជារុក្ខជាតិប្រភេទវល្លិ ដែលគ្មានសាច់ឈើ ដើមរបស់វាលូតតោងវារព័ទ្ធ មានលក្ខណៈជាស្លឹករៀងឆ្លាស់គ្នា មានស្លឹកតូចៗ 3 សន្លឹក មានលក្ខណៈរាងពងក្រពើ គល់ស្លឹកមូល និងចុងស្លឹកស្រួច ផ្កាមានលក្ខណៈតូចៗមានពណ៌សលាយស្វាយ ឯផ្លែជាបន្លែដែលមានរាងទ្រវែងមាន 4 ឆែកតាមបណ្ដោយផ្លែ ដែលមានប្រវែងប្រមាណពី 10 ទៅ 12 សង់ទីម៉ែត្រ ខាងក្នុងមានគ្រាប់មូលរលោង និងមានពណ៌ស។ ដើមប្រពាយអាចដាំបានពេញ 1 ឆ្នាំ មិនថារដូវណាក៏ដោយ។

បន្លែប្រពាយ គេអាចនាំយកផ្លែខ្ចីៗ ត្រួយ(ឬស្លឹកខ្ចីៗ) និងផ្កាខ្ចីៗមកធ្វើជាអាហារបាន និងថែមទាំងមានគុណសម្បត្តិខាងថ្នាំបំបាត់អាការផ្សេងៗបាន ដូចជា ឫសប្រើសម្រាប់ថែបំប៉នរាងកាយ បំបាត់អាការទន់ខ្សោយអស់កម្លាំង បំបាត់អាការក្ដៅក្នុងស្រេកទឹក ព្យាបាលមុន និងរោគសើស្បែកប្រភេទខ្លះបានទៀតផង។

– ការដាំដុះ

. ការត្រៀមដី ៈ ដើមប្រពាយជារុក្ខជាតិវល្លិដែលមានឫសចាក់ជ្រៅកម្រិតមធ្យម ដូច្នេះការត្រៀមដីគួរភ្ជួរដីឱ្យបានជ្រៅប្រមាណជា 25 – 30 សង់ទីម៉ែត្រ។ ហាលដីទុកចោលប្រមាណជា 7 ថ្ងៃ ដាក់ជីលាមកគោ ឬជីកំប៉ុស រួចជ្រួយដីឱ្យល្អិត លើកជារងដោយមានទុកផ្លូវដើរ និងត្រៀមដាំជាស្រេច។

. វិធីដាំដុះ ៈ ការដាក់ដាំប្រើចម្ងាយពីដើមមួយទៅដើមមួយ 60 សង់ទីម៉ែត្រ និងចម្ងាយពីជួរមួយទៅជួរមួយ 100 សង់ទីម៉ែត្រ។ ប្រពាយគេនិយមដាំដោយគ្រាប់ បន្ទាប់ពីត្រៀមដីរួចរាល់ហើយ ចូរជីករន្ធដាក់ដាំតាមចម្ងាយដាំ ទម្លាក់គ្រាប់ពូជចូលក្នុងរន្ធនីមួយៗប្រមាណជា 5 គ្រាប់ ជម្រៅប្រមាណជា 2 សង់ទីម៉ែត្រ រោយដីគ្របពីលើស្ដើងៗ ហើយគ្របពីលើរងដោយចំបើងស្ងួត ស្រោចទឹកឱ្យសើមជោក។ បន្ទាប់ពីគ្រាប់ពូជលាស់ឡើងប្រមាណជា 1 – 2 សប្ដាហ៍ ចូរដកបំបែកចេញឱ្យនៅសល់ក្នុងមួយគុម្ពតែ 3 ដើម។

ចំណែកការធ្វើទ្រើងប្រពាយ មានវិធីធ្វើបានច្រើនបែប ដូចជា ទ្រើងទោល ដោតត្រង់គុម្ពប្រពាយទុកឱ្យដើមប្រពាយវារតោងឡើង ឬទ្រើងបែបគូ គឺដោតបង្គោលទ្រើងតាមបណ្ដោយរង ហើយចាប់ចុងបង្គោលទ្រើងចងជាគូៗ រួចយកសំណាញ់មកគ្របពីលើក៏បាន តែត្រូវឧស្សាហ៍ចាប់ចុងត្រួយដើមប្រពាយឱ្យព័ទ្ធនឹងបង្គោលទ្រើងដើម្បីឱ្យដើមប្រពាយឆាប់ឡើងពេញទ្រើង។ ​

– វិធីមើលថែទាំរក្សា

. ការស្រោចទឹក ៈ ស្រោចទឹកមួយថ្ងៃ 1 – 2 ដង រៀងរាល់ថ្ងៃ។

. ការដាក់ជី ៈ បន្ទាប់ពីដាក់ដាំបាន 30 ថ្ងៃរួចហើយ ចូរចាប់ផ្ដើមដាក់ជីកំប៉ុសសរីរាង្គក្នុងបរិមាណ 100 ក្រាមក្នុង 1 គុម្ព រៀងរាល់ 15 ថ្ងៃ ឬអាស្រ័យលើភាពសម្បូរជីវជាតិរបស់ដី។

. ការការពារ និងកម្ចាត់សត្រូវដំណាំ ៈ ចូរបាញ់ទឹកត្រាំឱសថបុរាណបណ្ដេញសត្វល្អិតដែលត្រាំពីដើមស្ដៅរៀងរាល់ 7 ថ្ងៃម្ដង ដើម្បីការពារ និងកម្ចាត់សត្រូវដំណាំ ដូចជា ដង្កូវស៊ីត្រួយ មេរោគក្រា ដង្កូវស៊ីក្ដិប និងក្នុងករណីដែលឃើញមានការឆ្លងរាលដាលរបស់ដង្កូវស៊ីត្រួយធ្ងន់ធ្ងរនោះ អាចបាញ់ទឹកត្រាំថ្នាំឆួល លាយជាមួយកាកស្ករត្នោតបន្ថែម ដោយបាញ់ក្នុងអំឡុងម៉ោង 08ៈ00 – 09ៈ00 ព្រឹក

រៀងរាល់ថ្ងៃរហូតទាល់តែលែងមានការឆ្លងរាលដាល និងក្រៅពីនោះចូរឧស្សាហ៍កម្ចាត់ពពួកស្មៅដើម្បីកុំឱ្យកើតការដណ្ដើមទឹក និងជីវជាតិអំពីដី និងថែមទាំងអាចជាកន្លែងស្នាក់នៅរបស់សរ្វល្អិតសត្រូវដំណាំទៀតផង។

– ការប្រមូលផល

នៅពេលដើមប្រពាយមានអាយុបាន 70 – 80 ថ្ងៃ ក៏អាចប្រមូលផលបានហើយ ដោយគួរបេះក្នុងអំឡុងពេលដែលថ្ងៃមិនសូវក្ដៅ ចង់បេះនៅពេលព្រឹក ឬពេលល្ងាចក៏បាន ព្រោះស្រទាប់ផ្លែប្រពាយហាក់ដូចជារាងស្ដើង បើបេះក្នុងអំឡុងពេលដែលថ្ងៃក្ដៅខ្លាំង នឹងធ្វើឱ្យស្រទាប់ផ្លែប្រពាយឆាប់ជាំ ហើយកន្រ្តក ឬកញ្រ្ចែងដែលទុកដាក់ផ្លែប្រពាយនោះ ក៏គួរទ្រាប់ដោយស្លឹកចេកផងដើម្បីការពារភាពស្រស់ខ្ចីរបស់ផ្លែប្រពាយ៕

Advertisement