ដំណាំ សាលាដ

សាលាដ ឬឈ្មោះខាងវិទ្យាសាស្រ្តហៅថា Lactuca sativa ជារុក្ខជាតិដំណាំដែលមានដែនដីកំណើតទាំងនៅក្នុងទ្វីបអាស៊ី និងទ្វីបអឺរ៉ុប ជាដំណាំតែមួយរដូវ មានដើមធំខ្លី ស្លឹកញឹក និងលាស់ធំចេញពីថ្នាំងជាកញ្ចុំ អាចក្ដោបត្រួយ ឬមិនក្ដោបត្រួយក៏មាន។ មានលក្ខណៈរូបរាង និងពណ៌ខុសប្លែកពីគ្នា ដោយទាំងអស់នេះអាស្រ័យលើពូជរបស់វា ដោយពូជខ្លះមានអាចមានស្លឹកក្រាស់រឹង តែពូជខ្លះទៀតបែរជាមានស្លឹកទន់ស្រួយ មានពណ៌ត្រួយចេក រហូតទៅដល់ពណ៌បៃតងចាស់ ពណ៌ស្ករលាយក្រហម ពណ៌ក្រហម និងពណ៌ស្ករតែម្ដងជាដើម។ ក្រៅពីនេះ ដើមសាលាដនៅមានប្រព័ន្ធឫសកែវដែលអាចរីកលូតលាស់ចុះទៅក្នុងដីបានយ៉ាងឆាប់រហ័ស។ កញ្ចុំផ្កាមានរូបរាងបែប Panicle មានកម្ពស់ជាមធ្យមពី 6 – 12 សង្ទីម៉ែត្រ ប្រកបដោយផ្កាពី 10 – 25 ផ្កា/កញ្ចុំ។ ស្រទាប់ផ្កាមានពណ៌លឿង ឬពណ៌សលាយលឿង។ ផ្កានឹងរីកនៅពេលព្រឹក ជាពិសេសក្នុងអំឡុងពេលដែលមានសីតុណ្ហភាពទាប។

ការដាក់ដាំ

. ការត្រៀមដី ៈ ភ្ជួរដាស់ដីឱ្យជ្រៅទៅក្រោមប្រមាណ 30 – 40 សង្ទីម៉ែត្រ រួចហាលដីទុកចោលឱ្យស្ងួត 7​- 10 ថ្ងៃ បន្ទាប់មករាស់កិនកម្ទេចដីឱ្យល្អិតមុននឹងដាក់ជីលាមកគោស្ងួតចូលទៅក្នុងដី ប្រមាណជា 2 – 3 ក្នុងទំហំដី 10 X 100 ម៉ែត្រ និងជីរូបមន្តស្មើ 15-15-15 បរិមាណ 30 – 50 គីឡូក្រាម រួចរាស់ត្រឡប់ឱ្យដីនឹងជីចូលគ្នា បន្ទាប់មកទើបលើកជារងកម្ពស់ប្រមាណជា 30 សង្ទីម៉ែត្រ X ទទឹង120 សង្ទីម៉ែត្រ X បណ្ដោយដី។

. វិធីដាំ ៈ ក្រោយពីត្រៀមរងរួចរាល់ហើយ ចូរគ្របពីលើដោយចំបើងស្ងួតស្ដើងៗ ស្រោចទឹកឱ្យជោក មុននឹងព្រោះគ្រាប់ពូជសាលាដប្រមាណជា 300 – 500 ក្រាម(3 – 5 ខាំ)ក្នុងទំហំដីដូចខាងលើ និងព្រោះឱ្យសព្វលើរង រួចស្រោចទឹក 1 ដងទៀត។ នៅពេលកូនសាលាដចាប់ផ្ដើមលាស់មានស្លឹកពិត 2 – 3 សន្លឹក ចូរដកដើមណាដែលមិនសូវល្អ ឬដើមមិនសូវរឹងមាំចោល ដោយទុកចន្លោះ 25 ពីមួយគុម្ពទៅមួយគុម្ព 25 សង្ទីម៉ែត្រសម្រាប់ការដាំសាលាដស្លឹក និងទុកចន្លោះ 40 សង្ទីម៉ែត្រសម្រាប់ការដាំសាលាដពូជស្លឹកក្ដោបត្រួយ។

វិធីមើលថែទាំ

. ការស្រោចទឹក ៈ ចូរស្រោចទឹករាល់ថ្ងៃឱ្យដល់គល់សាលាដ មួយថ្ងៃ 2 ដងព្រឹក និងល្ងាច តែកុំស្រោចរហូតដល់បែកភក់។ បន្ទាប់ពីនោះក៏ប្ដូរមកស្រោចទឹកមួយថ្ងៃខានមួយថ្ងៃវិញ ហើយក្នុងរយៈពេលដែលបន្លែសាលាដកំពុងក្ដោបស្លឹកត្រួយ ចូរកុំស្រោចទឹកឱ្យត្រូវស្លឹកត្រួយ ព្រោះអាចនឹងធ្វើឱ្យកើតរោគរលួយស្លឹកបាន។

– ការដាក់ជី ៈ ប្រើជីរូបមន្ត 46-0-0 ឬ 25-7-7 ក្រោយពេលដាក់ដាំហើយ 7 – 10 ថ្ងៃក្នុងអត្រា 30 – 50 គីឡូក្រាមក្នុងទំហំដី 15 X 100 ម៉ែត្រ និងនៅពេលអាយុបានប្រមាណជា 25 – 30 ថ្ងៃ ចូបន្ថែមជីរូបមន្ត 16-16-16 ក្នុងអត្រា 30 – 50 គីឡូក្រាមដូចគ្នា។

– ការការពារ និងកម្ចាត់សត្រូវដំណាំ ៈ ចូរបាញ់ទឹកចម្រាញ់ចេញពីរក្ខជាតិ ដូចជា ស្លឹកស្ដៅ ស្លឹកទន្រ្ទានខែត្រ ស្លឹកម្រេច ឬស្បៃរឿងជាដើមទៅលើដើម និងស្លឹក ដើម្បីការពារសត្វដង្កូវមូរស្លឹក និងសត្វល្អិតចង្រៃផ្សេងៗ ដោយត្រូវបាញ់រៀងរាល់ 5 – 7 ថ្ងៃម្ដង ឬអាចដាំដើមផ្កាស្បៃរឿងនៅតាមសងខាងរងផងក៏បាន។

វិធីប្រមូលផល

អាយុការប្រមូលផលបន្លែសាលាដ គឺប្រមាណជា 40 – 50 ថ្ងៃ (បន្ទាប់ពីពេលព្រោះគ្រាប់ពូជ)។ គួរជ្រើសរើសប្រមូលផលនៅពេលដែលស្លឹកសាលាដនៅខ្ចី ស្រួយ និងមិនស្វិត រឹង រីឯការរក្សាទុកវិញ គួរទុកដាក់នៅក្នុងកន្លែងដែលមានសីតុណ្ហភាពត្រជាក់ និងមិនត្រូវពន្លឺថ្ងៃ៕

Advertisement