ដំណាំ ជីរវ៉ាន់ស៊ុយ

ជីរវ៉ាន់ស៊ុយ ឬឈ្មោះវិទ្យាសាស្រ្តហៅថា Coriandrum sativa Linn ជាបន្លែមានដើមឈរត្រង់ទៅលើ មានអាយុប្រមាណជា 40 – 60ថ្ងៃ អាចដាំបានលើគ្រប់សភាពដី ហើយនឹងដាំបានល្អនៅលើដីដែលធូរមានចរន្តទឹកហូរចេញចូលបានល្អ មានសំណើមសមល្មម និងអាចដាំបានពេញមួយឆ្នាំ តែនឹងលូតលាស់ធំធាត់បានល្អបំផុតនៅក្នុងអំឡុងខែរងា ដោយពូជជីរវ៉ាន់ស៊ុយដែលកសិករនិយមនាំគ្នាដាំជាទូទៅគឺ ពូជសាំងហ្គាពួ ពូជសាំងហ្គាពួគ្រាប់ខ្មៅ និងពូជតៃវ៉ាន់។ បន្លែជីរវ៉ាន់ស៊ុយគេអាចប្រើប្រាស់បានគ្រប់ផ្នែក ទាំងស្លឹក ដើម គល់ និងឫស ដែលប្រើប្រាស់ធ្វើជាគ្រឿងផ្សំរបស់ម្ហូបអាហារបានច្រើនយ៉ាង ប្រៀបដូចជាគ្រឿងទេស និងបន្លែដែលប្រើសម្រាប់បន្ថែមក្លិន ជួយបង្កើនក្លិនឈ្ងុយ និងរសជាតិម្ហូបអាហារឱ្យរឹតតែឈ្ងុយឆ្ងាញ់ឡើងថែមទៀត។

-ការដាំដុះ

. ការត្រៀមដី ៈ សម្រាប់ជីរវ៉ាន់ស៊ុយ គឺជាដំណាំបន្លែដែលមានប្រព័ន្ធចាក់ឫសខ្លីរាក់ ដូច្នេះហើយទើបដីដែលស័ក្តិសមនឹងការដាំដុះជីរវ៉ាន់ស៊ុយនេះត្រូវតែជាដីដែលមានសភាពធូរ មិនណែនស្អិត ដោយការដាំដុះត្រូវចាប់ផ្ដើមពីការភ្ជួរដាស់ដីឱ្យបានជ្រៅប្រមាណ 15 – 20សង់ទីម៉ែត្រ និងត្រូវហាលដីឱ្យឆ្អិនប្រមាណជា 5 – 7ថ្ងៃ។ បន្ទាប់ពីនោះទើបដាក់ជីកំប៉ុស ឬជីលាមកគោក្នុងអត្រា 2តោនក្នុងទំហំដី 50ម៉ែត្រ x 50 ម៉ែត្រ(កន្លះហិកតា) ហើយរាស់ច្របល់ឱ្យចូលគ្នាសព្វ និងបំបែកដីឱ្យម៉ដ្ឋដើម្បីងាយស្រួលក្នុងការដាក់ដាំ។

. វិធីដាំ ៈ ចាប់ផ្ដើមពីការត្រៀមកូនដោយការនាំយកគ្រាប់ពូជមកដំល្មមៗតែបែក បន្ទាប់មកក៏ដាក់ត្រាំក្នុងទឹកទុកចោល 1យប់។ ឯការដាក់ដាំវិញ គឺមុននឹងដាក់ដាំត្រូវស្រោចទឹកឱ្យសព្វលើដី(ឬរង) រួចយកគ្រាប់ពូជជីរវ៉ាន់ស៊ុយដែលត្រាំទឹក 1យប់ហើយនោះមកព្រោះឱ្យសព្វលើដី(ឬរង)ដែលត្រូវដាំ បន្ទាប់ពីនោះក៏គ្របពីលើដោយចំបើងស្ងួត និងស្រោចទឹកពីលើម្ដងទៀត ដោយចំបើងនឹងជួយរក្សាសំណើមនៅក្នុងដី ជួយឱ្យដំណាំធំលូតលាស់បានល្អ។

– វិធីថែរក្សា និងមើលថែទាំ

. ការស្រោចទឹក ៈ គួរស្រោចទឹករាល់ពេលព្រឹក-ល្ងាច ឱ្យបានជាប់លាប់​ និងគ្រប់គ្រាន់ តែកុំឱ្យច្រើនជ្រុលពេករហូតដល់បែកភក់ ព្រោះដំណាំជីរវ៉ាន់ស៊ុយមិនចូលចិត្តទឹកច្រើនឡើយ បើច្រើនជ្រុលពេកនឹងធ្វើឱ្យរលួយគល់។

. ការដាក់ជី ៈ ចូរឧស្សាហ៍ដាក់ជីលាមកគោ ឬជីសរីរាង្គរៀងរាល់ 7ថ្ងៃម្ដង ដោយរោយពីលើស្ដើងៗ ព្រមជាមួយបាញ់ទឹកថ្នាំសរីរាង្គ 1វែកសម្ល លាយជាមួយទឹកធម្មតា 10លិត្រ និងបាញ់ដាក់រៀងរាល់ 7ថ្ងៃម្ដងព្រមគ្នា ឬជ្រើសរើសដាក់ជីគីមីរូបមន្ត 25-7-7 ក្នុងអត្រា 20 -​ 30គីឡូក្រាមលើទំហំដី 50ម៉ x 50ម៉ រួមជាមួយផងក៏បាន។

. ការការពារ និងកម្ចាត់សត្រូវដំណាំ ៈ រោគ និងសត្វល្អិតសត្រូវរបស់ដំណាំជីរវ៉ាន់ស៊ុយគឺ ពពួកសត្វល្អិតស៊ីស្លឹក និងរោគក្រាស៊ីស្លឹក។ តាំងពីរយៈដំបូងដែលសត្រូវដំណាំចូលមក រហូតដល់រយៈកាលឆ្លងរាលដាល ចូរប្រើថ្នាំឱសថបុរាណ ដូចជាសម្បកដើមស្ដៅ មើមម្ដេង គល់ស្លឹកគ្រៃ មួយមុខមួយផ្នែកផ្សំចូលគ្នា ហើយត្រាំទឹកទុកចោល 1យប់ រួចត្រងយកតែទឹកចំនួន 1លិត្រមកលាយជាមួយទឹកចំនួន 18លិត្រ រួចយកទៅបាញ់ ឬស្រោចលើដំណាំរៀងរាល់ 7ថ្ងៃម្ដង។

– វិធីប្រមូលផល

នៅពេលដំណាំជីរវ៉ាន់ស៊ុយមានអាយុប្រមាណ 40 – 50ថ្ងៃ រាប់ចាប់ពីថ្ងៃដាក់ដាំមក យើងអាចប្រមូលផលបានហើយ និងគួរប្រមូលផល(ដោយការដកទាំងឫស)ក្នុងខណៈដែលវាមិនទាន់ចេញផ្កា និងរក្សាទុកក្នុងកន្លែងដែលគ្មានពន្លឺថ្ងៃ និងស្ងួតល្អ៕

Advertisement