ដំណាំ ម្រះ

Momordica charantia Linn ឬឈ្មោះជាភាសាខ្មែរហៅថា ម្រះ ជារុក្ខជាតិមានដើមជាវល្លិ៍ ចូលចិត្តដុះដីធូរ និងមិនមានទឹកដក់។ ម្រះដែលគេនិយមដាំយ៉ាងទូលំទូលាយនោះមាន 2ប្រភេទគឺ ម្រះអាចម៍ចាប ដែលមានលក្ខណៈផ្លែតូចខ្លី មានរសជាតិល្វីងខ្លាំង សាច់ក្រៅគ្រើមធំៗជារាងបន្លា មានសាច់ស្ដើង ងាយស្រួលដាំ និងសម្បូរផ្លែ គេនិយមយកមកស្រុសទទួលទានធ្វើជាអន្លក់ញ៉ាំជាមួយទឹកគ្រឿង ឬប្រហុក។ ឯមួយប្រភេទទៀតគឺ ម្រះចិន ជាពូជដែលនាំចូលមកពីប្រទេសចិន មានផ្លែធំៗ វែងប្រវែង 20 – 30សង់ទីម៉ែត្រ មានពណ៌បៃតងខ្ចី សាច់ក្រាស់មានរសជាតិល្វីងតែបន្តិចបន្តួចប៉ុណ្ណោះ គេនិយមបរិភោគច្រើន ដោយសារតែអាចយកមកច្នៃជាម្ហូបបានច្រើនប្រភេទ ដូចជាស្ងោរ ខ ឆា ញាំ ឬស្រុសជ្រលក់ទឹកគ្រឿងក៏បាន។

– ការដាំដុះ

. ការត្រៀមដី ៈ អាចធ្វើបានដូចគ្នានឹងការត្រៀមដីសម្រាប់ដំណាំវារឡើងទ្រើងឯទៀតៗដែរ។ ដោយសារម្រះជារុក្ខជាតិដែលមានប្រព័ន្ធឫសចាក់ជ្រៅកម្រិតកណ្ដាល ដូច្នេះគួរភ្ជួរដីឱ្យជ្រៅទៅក្រោមប្រមាណជា 25 – 30សង់ទីម៉ែត្រ ហាលដីសម្លាប់ស្មៅ និងសត្វល្អិតសត្រូវដំណាំចោលប្រមាណ 7 – 10ថ្ងៃ បន្ទាប់មកដាក់ជីលាមកគោ ឬជីកំប៉ុសឱ្យសព្វពេញដី មុននឹងរាស់ជ្រួយដីឱ្យបែកល្អិតម្ដងទៀត រួចទើបលើកជារងតាមលក្ខណៈផ្ទៃដីដាំដុះ ទុកចន្លោះផ្លូវដើរកណ្ដាលរង ដើម្បីងាយស្រួលក្នុងការមើលថែទាំ។

– វិធីការដាំដុះ ៈ ការបណ្ដុះគ្រាប់ម្រះជាមុន មុននឹងយកទៅដាក់ដាំ នឹងធ្វើឱ្យទទួលបានទិន្នផលល្អបំផុត។ ការបណ្ដុះគ្រាប់ម្រះអាចធ្វើបានតាម 3វិធីដូចខាងក្រោម ៈ

. វិធីទី 1 ការបណ្ដុះកូននៅលើរង ៈ ការបណ្ដុះកូនដោយវិធីនេះត្រូវជ្រួយដីឱ្យធូរ លាយជាមួយជីលាមកគោដើម្បីឱ្យដីកាន់តែធូរខ្លាំងឡើង។ យកគ្រាប់ម្រះមកដាក់ដាំបណ្ដុះជាជួរឆ្ងាយពីគ្នា 3សង់ទីម៉ែត្រ រោយលុបដោយដីកម្រាស់ 2 – 3សង់ទីម៉ែត្រ យកចំបើងស្ងួតគ្របពីលើរង រួចស្រោចទឹក 3 – 4ថ្ងៃ។ រង់ចាំរហូតដល់កូនម្រះលាស់ស្លឹក 2សន្លឹក អាយុប្រមាណ 10ថ្ងៃ ទើបអាចដកយកទៅបំបែកដាំលើរងផ្សេងបាន តែមុននឹងដកកូនម្រះ ត្រូវស្រោចទឹកឱ្យជោគដីជាមុនសិន ដើម្បីកុំឱ្យកូនម្រះខូចខាតបាក់ជាំខ្លាំងពេកក្នុងពេលដក។

. វិធីទី 2 ការបណ្ដុះក្នុងថង់ក្រដាស ៈ ចូរយកដីលាយជីលាមកគោដាក់ចូលក្នុងថង់ក្រដាសទំហំ 7 x 8សង់ទីម៉ែត្រត្រៀមទុកជាស្រេច បន្ទាប់មកចូរយកគ្រាប់ម្រះទៅត្រាំទឹកប្រហែល 1ម៉ោងមុននឹងស្រង់យកមកបណ្ដុះនៅក្នុងថង់ 1ថង់ 1គ្រាប់ ស្រោចទឹកឱ្យសើមជោកល្មម។ នៅពេលកូនម្រះលាស់ស្លឹកឡើង 2សន្លឹក សឹមលើកយកទៅដាក់ដាំនៅលើរង។

. និងវិធីទី 3 ការបណ្ដុះជារួម ៈ ស្រដៀងនឹងការបណ្ដុះសណ្ដែកបណ្ដុះដែរ ដោយត្រូវយកគ្រាប់ម្រះមកដាក់ត្រាំក្នុងទឹកទុកចោលប្រមាណ 1ម៉ោង មុននឹងស្រង់យកមករុំខ្ចប់ដោយក្រណាត់សើមប្រមាណជា 2 – 3ថ្ងៃ រហូតទាល់តែឫសចាប់ផ្ដើមដុះចេញមកពីគ្រាប់។ ចូរជ្រើសរើសគ្រាប់ណាដែលមានឫសដុះចេញមកល្អយកទៅដាក់ដាំ។

នៅពេលបានកូនម្រះ និងត្រៀមដីរួចរាល់ហើយ ចូររៀបចំចម្ងាយក្នុងការដាក់ដាំរវាងជួរនីមួយៗប្រមាណ 1ម៉ែត្រ ដោយត្រូវជីកជារណ្ដៅតូចៗជម្រៅប្រមាណ 20 – 30 សង់ទីម៉ែត្រ ដាក់ជីលាមកគោទ្រាប់បាតរណ្ដៅក្នុងមួយរណ្ដៅប្រមាណ 200 – 300ក្រាម។ យកកូនម្រះមកដាក់ដាំក្នុងមួយរណ្ដៅ 2ដើម មុននឹងរោយដីលុប។ ការដាំម្រះចាំបាច់ត្រូវតែធ្វើទ្រើងឱ្យរឹងមាំដើម្បីឱ្យដើមម្រះធំធាត់លូតលាស់ឡើង និងហុចផលបានល្អ។

– វិធីមើលថែទាំ

. ការស្រោចទឹក ៈ គួរស្រោចទឹករៀងរាល់ថ្ងៃក្នុងរដូវក្ដៅ និងឈប់ស្រោចខ្លះក្នុងរដូវភ្លៀង។

. ការដាក់ជី ៈ សម្រាប់ការដាក់ជីចែកចេញជា 3ដំណាក់កាល គឺ ដំណាក់កាលត្រៀមដី ឬដាក់ជីទ្រាប់បាតរណ្ដៅ។ ដំណាក់កាលទី 2 ក្នុងអំឡុងពេលដាក់ដាំកូនម្រះហើយបាន 7ថ្ងៃ ឬពេលកូនម្រះចាប់ផ្ដើមរឹងមាំល្អហើយ និងដំណាក់កាលចុងក្រោយ គឺការដាក់ជីនៅពេលដើមម្រះមានអាយុបាន 30ថ្ងៃ។

– ការការពារ និងកម្ចាត់សត្រូវដំណាំ ៈ នៅពេលដើមម្រះអាយុបាន 40ថ្ងៃ នឹងចាប់ផ្ដើមចេញផ្កា ដែលមានជាប់ក្ដឹបទំហំប៉ុនចុងម្រាមកូនដៃ ។ ត្រូវចាប់ផ្ដើមរុំខ្ចប់ក្ដឹបម្រះដោយប្រើក្រដាសកាសែតបត់ធ្វើជាថង់ទំហំ 15 x 20សង់ទីម៉ែត្រ ដើម្បីការពារក្នុងរឿងសត្វល្អិតសត្រូវដំណាំដែលចូលមកបំផ្លាញ និងជួយឱ្យផ្លែម្រះមានពណ៌បៃតងខ្ចីស្រស់គួរឱ្យចង់ទទួលទាន។

– វិធីប្រមូលផល

ម្រះ អាចហៅបានថាជារុក្ខជាតិដែលមានអាយុខ្លី ដោយរាប់ពីថ្ងៃដែលចាប់ផ្ដើមដាំ រហូតដល់ថ្ងៃប្រមូលផលបាន គឺប្រមាណជា 45 – 55ថ្ងៃ អាស្រ័យលើពូជដែលយើងជ្រើសរើសដាំ។ ម្រះនឹងឱ្យទិន្នផលជាជំនាន់ៗ ដោយជំនាន់ដំបូង គេហៅថា ម្រះជាប់ដី ឬម្រះដើមដៃ ផ្លែមានលក្ខណៈធំធាត់ តែខ្លី ផ្លែច្រើនតែស្ថិតនៅនឹងគល់ដើមក្បែរៗដី អាចបេះបានមួយថ្ងៃខានមួយថ្ងៃ។ នៅពេលប្រមូលផលបាន 3ដង ក៏នឹងដល់ម្រះជំនាន់តូច ឬគេហៅថា ម្រះចុងដើម ផ្លែនឹងមានខ្នាតតូចជាងមុន។ ក្នុងការប្រមូលផលផ្លែម្រះ គួរជ្រើសរើសបេះផ្លែដែលនៅខ្ចី មានពណ៌បៃតង និងមានខ្នាតធំតាមដែលត្រូវការបរិភោគ៕

Advertisement