កម្ពុជានាំចេញលទ្ធផលកសិកម្មបានជិត6លានតោនក្នុងរយៈពេល 9ខែដើមឆ្នាំ2020

កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសសំខាន់ៗលើពិភពលោក ដែលនាំចេញ​ផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិ។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានលើកឡើងថា​ នៅក្នុងរយៈពេល​9ខែដើមឆ្នាំ 2020 នេះកម្ពុជា បានផលិត​ និងនាំចេញបានប្រមាណ 6លានតោន ដោយក្នុងនោះមានដូចជា៖

1) លទ្ធផលនៃការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ2020

គិតមកទល់ ថ្ងៃទី30 ខែកញ្ញា ឆ្នាំ2020 ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងប្រទេសសម្រេចធ្វើការស្ទូងនិងព្រួសបានសរុបចំនួន 2,714,216 ហ.ត ស្មើនឹង 104.87% នៃផែនការចំនួន 2,588,130 ហ.ត លើសឆ្នាំ2019ចំនួន 70,217 ហ.ត ។ តាមរយៈលទ្ធផលដែលសម្រេចបានខាងលើ ក្នុងនោះមាន៖ ស្រូវស្រាលចំនួន 828,733 ហ.ត, ស្រូវកណ្តាលចំនួន 1,385,066 ហ.ត, ស្រូវធ្ងន់ចំនួន 446,301 ហ.ត, ស្រូវចម្ការចំនួន 20,668 ហ.ត និង ស្រូវឡើងទឹកចំនួន 33,448 ហ.ត ។ ទន្ទឹមនឹងនេះ យើងបានប្រមូលផលស្រូវស្រាលដើមរដូវវស្សាបានជាបណ្តើរៗ បានចំនួន 436,287 ហ.ត ទទួលបរិមាណផលសរុបចំនួន 1,662,061 តោន លើសឆ្នាំមុនចំនួន 246,618 តោន ទិន្នផលគិតជាមធ្យមទទួលបាន 3.810 តោន/ហ.ត ។

2) ការនាំចេញផលិតផលកសិកម្ម ឆ្លងកាត់ច្រកចេញចូលតែមួយ និងមិនបានឆ្លងកាត់

ចំពោះការនាំចេញផលិតផលកសិកម្ម ក្នុងរយៈពេល 9ខែ ឆ្នាំ2020 ក្រសួងបានពិនិត្យឃើញថាមានការកើនឡើងល្អប្រសើរ គឺមានបរិមាណសរុប ចំនួនជាង 5.8 លាន តោន ដែលក្នុងនេះមានផលិតផលសំខាន់ៗមួយចំនួនដូចខាងក្រោម៖

  1.  អង្ករ សម្រេចបាន 488,775 តោន មានកំណើន 22.63% ដែលធៀបទៅនឹងរយៈ9ខែដើមឆ្នាំ2019 (398,586 តោន) បាននាំចេញទៅកាន់ 60 ប្រទេស។
  2. ស្រូវ សម្រេចបាន 1,392,306 តោន, ថយចុះប្រមាណជា 17% ធៀបប្រៀបទៅឆ្នាំ2019 នាំចេញទៅកាន់ប្រទេសវៀតណាម (ក្រៅផ្លូវការ)។
  3. គ្រប់ស្វាយចន្ទី សម្រេចបាន 204,208 តោន មានកំណើន 20.5%, នាំចេញទៅកាន់ប្រទេស វៀតណាម, ជប៉ុន, រុស្សី, ចិន, ហុងកុង, បារាំង, កូរ៉េ, តួគី, បង់ក្លាដេស និងថៃ។
  4. គ្រាប់ពោត សម្រេចបាន 193,950 តោន បាននាំចេញទៅកាន់ប្រទេសថៃ, កូរ៉េ និងកោះតៃវ៉ាន់។
  5. ចេកស្រស់ សម្រេចបាន 235,171.63 តោន មានកំណើន 225.69%, បាននាំចេញទៅកាន់ប្រទេស ចិន វៀតណាម និងជប៉ុន ។
  6. ក្រូចថ្លុង សម្រេចបាន 15,150 តោន ទៅកាន់ប្រទេសថៃ ។
  7. ដំណាប់ស្វាយ សម្រេចបាន 4,998.64 តោន, បាននាំចេញទៅកាន់ប្រទេស ចិន, ជប៉ុន, ថៃ, កូរ៉េ, ហ្វីលីពីន និងវៀតណាម។
  8. ដំឡូងមីស្រស់ សម្រេចបាន 1,780,496 តោន, បាននាំចេញទៅកាន់ប្រទេស វៀតណាម និងថៃ ទាំងផ្លូវការ និងក្រៅផ្លូវការ ។
  9. ចំណិតដំឡូងម៉ីក្រៀម សម្រេចបាន 1,202,644.81 តោន បាននាំចេញទៅកាន់ប្រទេសថៃ និងវៀតណាម (ផ្លូវការ)
  10. ម្សៅដំឡូងមី សម្រេចបាន 12,002 តោន បានថយចុះ 56.72%, បាននាំចេញទៅកាន់ប្រទេស ឥណ្ឌា ចិន ប៊ែលហ្សិក ហូឡង់ ប៉ាគីស្ថាន ឆេក ក្រូអាត និងអ៊ីតាលី។
  11. ស្វាយស្រស់ សម្រេចបាន 62,920.56 តោន មានកំណើន 158.83%, បាននាំចេញទៅកាន់ប្រទេស ថៃ, វៀតណាម, បារាំង, រុស្សី, កូរ៉េ និងហុងកុង ។
  12. ម្រេច សម្រេចបាន 4,121.95 តោន មានកំណើន 123.76%, បាននាំចេញទៅកាន់ប្រទេស ជប៉ុន, ប៊ែលហ្សិក, ហូឡង់,បារាំង, អាល្លឺម៉ង់, ស្វីស, វៀតណាម, អាមេរិច, រុស្ស៊ី, អង់គ្លេស, ឥណ្ឌា, បេឡារូស, កូរ៉េ, ឆេក, ណូវែហ្សែឡង់, អូស្រ្តាលី, ថៃ, តៃវ៉ាន់, ស៊ុយអ៊ែត, សិង្ហបុរី និងប្រទេសអូស្ត្រាលី។
  13. ម្ទេសស្រស់ 55,154.60 តោន និងម្ទេសក្រៀម 1,500 តោន មានកំណើនទ្វេដង ធៀបប្រៀបទៅនឹងឆ្នាំ2019 បាននាំចេញទៅកាន់ប្រទេសថៃ ។
  14. បន្លែ សម្រេចបាន 87.57 តោន នាំចេញទៅកាន់ប្រទេសបារាំង, ឆេក និងប្រទេសហូឡង់ ។

ទន្ទឹមនឹងនេះកម្ពុជាក៏មានផលិតផលកសិកម្មជាច្រើនមុខដ៏ទៃទៀតដែលបាននាំចេញ៕

Advertisement