សង្គ្រោះ​កប៉ាល់​ដឹក​កុងតឺន័រ Ever Given បាន​ដោយ​ជោគជ័យ ក្រោយ​ជាប់គាំង​ជិត​មួយ​សប្ដាហ៍​នៅក្នុង​ព្រែក Suez

ថ្ងៃទី 29មីនា​នេះ កប៉ាល់ Ever Given បាន​ចាកចេញ​ផុតពី​ទីតាំង​ជាប់គាំង និង​ចាប់ផ្ដើម​ផ្លាស់​ទី ក្រោយ​រយៈពេល​ជិត​មួយ​សប្ដាហ៍​នៃ​ការជាប់គាំង​នៅក្នុង​ព្រែកជីក Suez ដែល​បាន​បណ្ដាលឱ្យ​កប៉ាល់​ដឹកទំនិញ​រាប់រយ​ត្រូវ​ស្ទះផ្លូវ។

រូបភាព​​មួយ​ចំនួន​ដែល​ត្រូវបាន​បង្ហោះ​នៅលើ​បណ្ដាល​គេហទំព័រ​តាមដាន​សកម្មភាព​លើ​ផ្ទៃសមុទ្រ Vesselfinder និង Myshiptracking បាន​បង្ហាញថា កន្ទុយ​របស់​កប៉ាល់ Ever Given បាន​ចាក​ផុតពី​ភ្លឺ​ខាងលិច​របស់​ព្រែក Suez។ សារព័ត៌មាន AFP របស់​បារាំង​ក៏បាន​បញ្ជាក់​អំពី​ដំណឹង​នេះ។

ប្រភពព័ត៌មាន​មិន​បញ្ចេញ​ឈ្មោះ​មួយ​នៃ​ក្រុមហ៊ុន Shoei Kisen ដែលជា​ម្ចាស់​កប៉ាល់ កាលពី​ព្រឹក​ថ្ងៃទី 29មីនា​នេះ បានឱ្យដឹងថា កប៉ាល់​អូស​ចំនួន 11គ្រឿង បាន​ទាញ Ever Given ចេញពី​ទីតាំង​ជាប់គាំង​ជាបណ្ដើរៗហើយ ប៉ុន្តែ កប៉ាល់​នេះ​មិនទាន់​ដំណើរការ​ដូច​ធម្មតា​បាន​នៅឡើយ។ ចំណែក​ក្រុមមន្ត្រី​គ្រប់គ្រង​ព្រែក ភាគី​អា​ហ្ស៊ី​ប និយាយថា កប៉ាល់ Ever Given បាន​ផ្លាស់​ទី​មក​ត្រង់​ទិសដៅ​បាន 80% ហើយ ខណៈដែល​សារព័ត៌មាន​អង់គ្លេស Reuters ក៏បាន​អះអាង​ស្រដៀង​នេះដែរ។

ជោគជ័យ​ខាងលើនេះ បាន​កើតឡើង​បន្ទាប់ពី​ក្រុម​សង្គ្រោះ បាន​ស្ដារ​យក​ដី​ប្រមាណ 27,000ម៉ែត្រគូប និង​ជម្រៅ 18ម៉ែត្រ ចេញពី​បាត​ព្រែក​ដែល​នៅ​ជុំវិញ​កប៉ាល់ ដើម្បី​ជា​ផ្លូវ​សម្រាប់​ការផ្លាស់​ទី​របស់​កប៉ាល់​ដែល​កំពុង​ជាប់គាំង។ ក្បាល​របស់​កប៉ាល់​បាន​ខូចខាត​មួយផ្នែក ប៉ុន្តែ រចនាសម្ព័ន្ធ​ទាំងមូល​របស់​វា នៅតែមាន​ស្ថាន​ភាពល្អ។

សូម​រំលឹកថា កប៉ាល់​ដឹក​កុងតឺន័រ Ever Given ដែល​គ្រប់គ្រង​ដោយ​តៃវ៉ាន់ ដែលមាន​ជាង 200,000តោន និង​ដោត​ទង់ជាតិ​របស់​ប៉ា​ណា​ម៉ា បាន​បុក​បញ្ឆិត​ជញ្ជាំង​ព្រែកជីក Suez កាលពី​ព្រឹក​ថ្ងៃទី 24មីនា នៅពេល​ធ្វើដំណើរ​ពី​សមុទ្រ​ក្រហម ទៅកាន់​ម​ជ្ឈឹ​ម​បូព៌ា ដោយសារតែ​ត្រូវ​ព្យុះ​បក់បោក។

ជា​លទ្ធផល Ever Given ដែលជា​កប៉ាល់​ធំជាងគេ​មួយ​ក្នុង​ពិភពលោក ជាមួយនឹង​ប្រវែង 400ម៉ែត្រ បាន​ជាប់គាំង​ទទឹង​ព្រែកជីក​ដែល​ត្រូវបាន​គេ​ចាត់ទុកថា ជា​ផ្លូវទឹក​សំខាន់បំផុត​ក្នុង​ពិភពលោក ត​ភ្ជាប់​រវាង​សមុទ្រ​ក្រហម និង​ម​ជ្ឈ​ម​បូព៌ា៕

ប្រភព​៖ CNN, BI
ប្រែសម្រួល​៖ បុត្រា

Advertisement