នារី​ជា​ប្រធាន​ក្រុម​នាវិក​ដំបូង​របស់​អេ​ហ្ស៊ី​ប ត្រូវគេ​សង្ស័យថា «ជា​អ្នក​ធ្វើឱ្យ​កប៉ាល់ Ever Given ត្រូវ​ជាប់គាំង​លើ​ព្រែក Suez»

នាង Marwa Elselehdar ដែលជា​នាវិកនាយិកា​ដំ​បូ​ង​បង្អស់​របស់​ប្រទេស​អេ​ហ្ស៊ី​ប មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​នៅពេល​មាន​ព័ត៌មាន​ចចាមអារ៉ាម​ថា នាង​បាន​បង្កឱ្យមាន​ករណី​កប៉ាល់ Ever Given ជាប់គាំង ធ្វើឱ្យ​ស្ទះផ្លូវ​ទឹក​របស់​ព្រែកជីក Suez កាលពីពេលថ្មីៗនេះ។

Marwa Elselehdar បានឱ្យដឹងថា មានមតិ និង​ខ្លឹមសារ​អត្ថបទ​សារព័ត៌មាន​មួយចំនួន​ដែល​ត្រូវគេ​កែប្រែ ត្រូវបាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​នៅ​អេ​ហ្ស៊ី​ប​ចាប់ពី​ថ្ងៃទី23 ខែមីនា ដោយ​យល់ថា នាង​ជាប់​ទាក់ទិន​នឹង​ករណី​កប៉ាល់​ដឹក​កុងតឺន័រ Ever Given ដែល​បាន​ជាប់គាំង​ទទឹង​ព្រែកជីក Suez។ ប៉ុន្តែ Marwa Elselehdar មិនបាន​ឱ្យដឹង​ច្បាស់​អំពី​ខ្លឹមសារ​នៃ​ពាក្យ​ចចាមអារ៉ាម​ទាំង​នោះទេ។

«ខ្ញុំ​ពិតជា​ភ្ញាក់ផ្អើល​ណាស់។ ខ្ញុំ​គិតថា ខ្ញុំ​ត្រូវគេ​វាយប្រហារ ដោយសារតែ​ជា​ស្ត្រី​ដែល​ទទួលបាន​ជោគជ័យ​ក្នុង​វិស័យនេះ ឬថា ខ្ញុំ​គឺជា​ជនជាតិ​អេ​ហ្ស៊ី​ប» នាង Marwa Elselehdar និយាយ​ដូច្នេះ និង​បាន​បន្ថែមថា នាង​កំពុងធ្វើការ​នៅលើ​កប៉ាល់ Aida IV Alexandria ក្នុងពេល​កប៉ាល់ Ever Given ជួប​បញ្ហា។

នាង Marwa Elselehdar

Marwa Elselehdar អាយុ29ឆ្នាំ គឺជា​ស្ត្រី​ដំបូង​គេ​ដែល​កាន់តំណែង​ជា​ប្រធាន​ក្រុម​នាវិក​របស់​ប្រទេស​អេ​ហ្ស៊ី​ប។ នាង​ធ្លាប់​ទទួលរង​ការរិះគន់​ប្រកបដោយ​ការរើសអើង​ភេទ​កាលពី​នៅ​សិក្សា​នៅឯ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​ដឹក​ជញ្ជូនជើង​ទឹក​នៅ Alexandria។ នាង Marwa Elselehdar មិនត្រូវ​បាន​គេ​អនុញ្ញាត​ឱ្យចូល​សិក្សា​នៅ​សាកលវិទ្យាល័យ​នេះ រហូតដល់​មានការ​យល់ព្រម​ពី​ប្រធានាធិបតី​អេ​ហ្ស៊ី​ប ដែល​ពេលនោះ​គឺ​លោក Hosni Mubarak។

«សង្គម​អេ​ហ្ស៊ី​ប នៅតែ​មិនទាន់​ទទួលយក​គំនិត​ដែលថា ស្ត្រី​អាចធ្វើ​ការ​នៅលើ​សមុទ្រ និង​ឆ្ងាយ​ពី​ផ្ទះសម្បែង​ក្នុង​រយៈពេល​យូរ។ ប៉ុន្តែ អ្នក​មិនចាំបាច់​សុំច្បាប់​គ្រប់គ្នា​នោះឡើយ នៅពេល​ចង់​ធ្វើ​អ្វីដែល​ខ្លួន​ចូលចិត្ត» Marwa Elselehdar ថ្លែង​បញ្ជាក់។

នាង​ Marwa Elselehdar កំពុង​ត្រូវ​បាន​កាសែត​នានា​ចាប់​អារម្មណ៍ (រូប​ថត​៖ the Sun)

Ever Given ដែលជា​កប៉ាល់​ដឹក​កុងតឺន័រ​ធំជាងគេ​មួយ​ក្នុង​ពិភពលោក ដោយមាន​ទម្ងន់​សរុប​ជាង 200,000 តោន បាន​ជ្រុល​ទៅបុក​ច្រាំង​របស់​ព្រែកជីក Suez និង​ជាប់គាំង​ទទឹង​ផ្លូវទឹក​កាលពី​ព្រឹក​ថ្ងៃទី 24មីនា នៅពេល​កំពុងធ្វើដំណើរ​ពី​សមុទ្រ​ក្រហម ទៅកាន់​មជ្ឈិមបូព៌ា ធ្វើឱ្យ​កប៉ាល់​ទាំងអស់​ដែល​មកពី​មុខ និង​តាម​ពីក្រោយ ត្រូវ​កកស្ទះ​អស់​រយៈពេល 6ថ្ងៃ។

ក្រុមមន្ត្រី​អេ​ហ្ស៊ី​ប ក្រោយមក​ក៏បាន​បញ្ជូន​កប៉ាល់​អូស រួម​នឹង​គ្រឿងចក្រ​ជាច្រើន​គ្រឿង​ទៅ​ជួយសង្គ្រោះ។ កិច្ចខិតខំ​របស់​អាជ្ញា​ធរ ទទួលបាន​ជោគជ័យ​កាលពី​ថ្ងៃទី29 ខែមីនា ស្របពេល​ដេ​ល​ទឹកជោរ​បាន​ឡើងដល់​ចំណុចកំពូល។

កប៉ាល់​ Ever Given

ក្រុម​អ្នកជំនាញ​បាន​គណនា​ឃើញថា ទំនិញ​ដែល​បាន​ស្ទះ​នៅក្នុង​ករណី​ខាងលើនេះ មានតម្លៃ​រហូតដល់ 9.6ពាន់​លាន​ដុល្លារ​អាមេរិក ខណៈដែល​ក្រុមហ៊ុន​ធានារ៉ាប់រង​អាល្លឺម៉ង់ Allianz បាន​ប្រាប់ថា វិស័យ​ពាណិជ្ជកម្ម​ទូទាំង​ពិភពលោក ទំនងជា​បាន​ខាតបង់​អស់​ចាប់ពី 6-10ពាន់​លាន​ដុល្លារ។

ទីប្រឹក្សា​ម្នាក់​របស់​ប្រធានាធិបតី​អេ​ហ្ស៊ី​ប បានឱ្យដឹងថា ទីក្រុង​គែរ អាច​ស្នើឱ្យ​ម្ចាស់​កប៉ាល់ Ever Given សង​ការខូចខាត និង​តម្រូវឱ្យ​ប្រធាន​ក្រុម​នាវិក​ទទួលខុសត្រូវ​ចំពោះ​ករណី​ជាប់​កប៉ាល់​នេះ។ ប្រធាន​ស្ថាប័ន​គ្រប់គ្រង​ព្រែកជីក Suez (SCA) លោក Osama Rabia បានឱ្យដឹងថា ប្រាក់​ចំណាយ​ទៅលើ​ការជួយ​សង្គ្រោះ​កប៉ាល់ Ever Given នេះ កើន​ដល់ 1ពាន់​លាន​ដុល្លារ​អាមេរិក៕

ប្រភព៖ BBC
ប្រែ​សម្រួល៖ បុត្រា

Advertisement