ផ្សា​របឹង​កេងកង ស្នើឱ្យ​អាជីវករ​គ្រប់​តូប ដាក់​ស្លាក​តម្លៃ​លើ​ទំនិញ​គ្រប់មុខ

«អាជីវករ​ក្នុង​ផ្សា​របឹង​កេងកង នៅ​រាជធានី​ភ្នំពេញ ត្រូវបាន​ស្នើឱ្យ​ដាក់​ស្លាក​តម្លៃ​លើ​មុខទំនិញ​របស់ខ្លួន ចៀសវាង​ជន​ឆ្លៀតឱកាស​កេង​យក​ផលចំណេញ» នេះ​បើតាម​សម្ដី​របស់​ប្រធាន​ផ្សារ។

លោក ឯក និមល ប្រធាន​ផ្សា​របឹង​កេងកង ក្នុង​ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី19 ខែមេសា ឆ្នាំ2021នេះ បានឱ្យដឹងថា តម្លៃ​ទំនិញ​ទាំងអស់ តម្រូវឱ្យ​បងប្អូន​អាជីវករ​គ្រប់​តូប និង​ស្តង់ ដាក់​ស្លាក​តម្លៃ​របស់ខ្លួន ក្នុង​បំណង​ចៀសវាង​ជន​ឆ្លៀតឱកាស អាច​កេង​យកចំណេញ​លើ​តម្លៃ​ទំនិញ​នៅក្នុង​ផ្សារ​នេះ។

ជាង​នេះ គណៈកម្មការ​ផ្សារ​ខាងលើ ក៏បាន​ដាក់​កម្លាំង​សន្តិសុខ​នៅតាម​ច្រកទ្វារ​ចេញចូល​ផ្សារ ដើម្បី​សាកសួរ ឬ​ត្រួតពិនិត្យ​លើ​តម្លៃ​ទំនិញ ដែល​អតិថិជន​បានមក​ទិញ​ពី​ក្នុង​ផ្សារ​ផងដែរ។

ទាក់ទង​នឹង​បញ្ហា Covid-19 ក្រុម​អ្នកគ្រប់គ្រង​ផ្សារ​ក៏​រឹតបន្តឹង​លើ​កិច្ចការ​បង្ការ​វីរុស​នេះ ក្នុងនោះ​មានដូចជា ការកំណត់​ឱ្យ​ពាក់​ម៉ាស​ការពារ ការ​ស្គែ​ន​កំដៅ ការបាញ់ទឹក​អាល់កុល និង​ការ​ស្គែ​ន QR code នៅតាម​ច្រកចេញចូល​ដើម្បី​តាមដាន​ដំណើរ​របស់​អតិថិជន។ សម្រាប់​ការទិញ​ទំនិញ​វិញ តូប​មួយ​អាច​ទទួល​អតិថិជន​ម្ដង​បានតែ​ពីរ​នាក់​ប៉ុណ្ណោះ លើសពីនេះ​គឺ​ត្រូវ​រក្សា​គម្លាត​ឱ្យ​ឆ្ងាយ​ពីគ្នា។ ចំណែក​បរិវេណ​ផ្សារ​នេះ​ក៏​នឹង​ត្រូវបាន​បាញ់ថ្នាំ​សម្លាប់​មេរោគ​ជា​រៀងរាល់​ល្ងាច បន្ទាប់ពី​អាជីវករ​បាន​ចាកចេញ​ទៅផ្ទះ៕

ប្រភព៖ វិទ្យា​ជាតិ​កម្ពុជា
ដកស្រង់៖ បុត្រា

 

Advertisement