អាមេរិកបញ្ចេញវីដេអូដ៏រន្ធត់ បង្ហាញពីកុមារអាយុ2ឆ្នាំ ត្រូវបានទាញចូលម៉ាស៊ីនរត់ហាត់ប្រាណ ​និង​ណែនាំ​ឱ្យ​ឈប់​ប្រើ​ឧបករណ៍​នេះ ប៉ុន្តែក្រុមហ៊ុនបានច្រានចោល

ស្ថាប័ន​គ្រប់គ្រង​សុវត្ថិភាព​ផលិតផល​ប្រើប្រាស់​របស់​សហរដ្ឋអាមេរិក (CPSC) បាន​ព្រមាន និង​ណែនាំ​ឱ្យ​ឈប់​ប្រើប្រាស់​ម៉ាស៊ីន​រត់​ហាត់ប្រាណ សម្រាប់​គ្រួសារ​ណា​ដែលមាន​កូនតូច បន្ទាប់ពី​មាន​ករណី​កុមារា​អាយុ 2ឆ្នាំ​ម្នាក់ ត្រូវបាន​ម៉ាស៊ីន​នេះ​ទាញ​ចូលទៅ​ខាងក្រោម។

CPSC បាន​បញ្ចេញ​វីដេអូ​មួយ​ដ៏​គួរឱ្យ​រន្ធត់ បង្ហាញ​អំពី​ករណី​កុមារា​ម្នាក់​ដែលមាន​អាយុ2ឆ្នាំ ត្រូវបាន​អូស​ចូល​ក្រោម​ម៉ាស៊ីន​រត់​ហាត់ប្រាណ​របស់​ក្រុមហ៊ុន Peloton។ ក្នុងពេល​កំពុង​លេង គ្រាប់​បាល់​ក៏បាន​ជាប់​នៅក្រោម​ឧបករណ៍​រត់​ហាត់ប្រាណ។ កុមារ​នេះ​ក៏បាន​ឱប​បាល់ ហើយក៏​ត្រូវ​ទាញ​ចូលទៅ​ជាប់​នឹង​ម៉ាស៊ីន។

សំណាងល្អ កុមារ​រូបនេះ​បាន​រួច​ផុតពី​ការ​ទាញ​របស់​ម៉ាស៊ីន​រត់​ហាត់ប្រាណ​ដែលមាន​តម្លៃ​ជាង 4,000ដុល្លារ​អាមេរិក ដោយ​មិនមាន​របួស​ធ្ងន់ធ្ងរ។

ស្ថាប័ន​គ្រប់គ្រង​សុវត្ថិភាព​ផលិតផល​ប្រើប្រាស់​របស់​សហរដ្ឋអាមេរិក (CPSC) បាន​ព្រមាន និង​ណែនាំ​ឱ្យ​ឈប់​ប្រើប្រាស់​ម៉ាស៊ីន​រត់​ហាត់ប្រាណ សម្រាប់​គ្រួសារ​ណា​ដែលមាន​កូនតូច និង​សត្វ​ចិញ្ចឹម ដើម្បី​ចៀសវាង​បញ្ហា​សុវត្ថិភាព​ដូច្នេះ​គ្នា​នេះ​កើតឡើង។ CPSC កន្លងមក ក៏បាន​ទទួល​របាយការណ៍​ចំនួន 39ករណី ទាក់ទង​នឹង​បញ្ហា​ម៉ាស៊ីន​រត់​ហាត់ប្រាណ​របស់​ក្រុមហ៊ុន Peloton ក្នុងនោះ​មាន​ករណី​ស្លាប់​កុមារ​ម្នាក់​ផងដែរ។

CPSC «ជឿថា Peloton អាច​បង្ក​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​ក្មេងតូចៗ ដូចជា​បង្ក​របួសស្នាម បាក់ឆ្អឹង និង​ស្លាប់»។ ក៏ប៉ុន្តែ Peloton បាន​ច្រានចោល​ការព្រមាន​របស់ CPSC និង​បាន​និយាយថា ការចោទប្រកាន់​នោះ «មិនមាន​ភា​ម​ត្រឹមត្រូវ និង​បង្ក​ការយល់ច្រឡំ»។

ក្រុមហ៊ុន Peloton បញ្ជាក់ថា៖ «មិនមាន​មូលហេតុ​ណាមួយ​ដើម្បី​ឈប់​ប្រើប្រាស់​ម៉ាស៊ីន​រត់​ហាត់ប្រាណ​របស់​ក្រុមហ៊ុន បើសិនជា​អតិថិជន ធ្វើតាម​ការណែនាំ​ផ្នែក​សុវត្ថិភាព។ ក្មេង​អាយុ​ក្រោម16ឆ្នាំ មិនត្រូវ​ប្រើប្រាស់​ម៉ាស៊ីន​រត់​ហាត់ប្រាណ និង​មិន​ត្រូវឱ្យ​ក្មេង​តូច ឬ​សត្វ​ចិញ្ចឹម លេង​ក្បែរ​ម៉ាស៊ីន»៕

ប្រភព៖ CNET, CPSC
ប្រែសម្រួល​៖ បុត្រា

Advertisement