Elon Musk ត្រូវ tag ចូល​អត្ថបទ​ដែល​ចោទថា លោក «បញ្ជា​លើ​តម្លៃ» Bitcoin និង​សំងំ «ទិញ​ថោក-លក់​ថ្លៃ» ដោយ​ប្រើ «ឧបាយកល​ទីផ្សារ» តែ CEO របស់ Tesla តប​វិញ​មួយ​ឃ្លា ទាក់ទាញ​បានការ​ចូលចិត្ត​ជិត 100,000លើក

នៅពេល​ត្រូវបាន​គេ​ចោទថា​ជា អ្នក «បញ្ជា​លើ​តម្លៃ» របស់​រូបិយវត្ថុ​អេឡិចត្រូនិក Bitcoin និង​បាន «ច្រក​ហោប៉ៅ» រាប់រយ​លាន​ដុល្លារ មហាសេដ្ឋី Elon Musk បានចេញ​មុខ ឆ្លើយតប​ដោយផ្ទាល់ និង​ទទួល​បានការ​បន្ទរ និង​គាំទ្រ​ដោយ​អ្នកសារព័ត៌មាន​របស់ Bloomberg។

អ្នកយកព័ត៌មាន មកពី​អង្គភាព Bloomberg ឈ្មោះ Matt Levine ថ្មីៗនេះ បាន​សរសេរ​អត្ថបទ​មួយ​ដែល​និយាយ​អំពី​ទំនាក់ទំនង​រវាង​ក្រុមហ៊ុន Tesla, Elon Musk និង Bitcoin។ លោក Matt Levine បាន​ដកស្រង់​ចំណុចសំខាន់ៗដែល​គួរឱ្យ​ចាប់អារម្មណ៍ ដូចខាងក្រោម៖

  1. Tesla សំងំ​ទិញ​រូបិយវត្ថុ​អេឡិចត្រូនិក Bitcoin មួយចំនួន (ពេល​វា​នៅមាន​តម្លៃ​ទាប)។
  2. Tesla ប្រកាសថា Bitcoin គឺជា​ខ្ទង់​វិនិយោគ​ល្អ ហើយ​ថា ពួកគេ​បាន​ទិញ​រូបិយវត្ថុ​នេះ។
  3. តម្លៃ Bitcoin ចាប់ផ្ដើម​ឡើងថ្លៃ ព្រោះ​តែមាន​ក្រុមហ៊ុនធំៗជាច្រើន ទទួលយក​ការទូទាត់​ដោយ​ប្រើ​ប្រាក់​នេះ។ ប៉ុន្តែ មូលហេតុ​ចម្បង​នោះ​គឺ «ទ្រឹស្ដី​ទីផ្សារ Elon Musk» ព្រោះថា អ្វីដែល​លោក Musk បាន​ទិញ គឺ​វា​សុទ្ធតែ​ឡើងថ្លៃ។
  4. Tesla សំងំ​លក់​ចេញ Bitcoin មួយចំនួន និង​រកបាន​ប្រាក់ចំណេញ​រាប់រយ​លាន​ដុល្លារ។
  5. Musk បង្ហោះ​សារ​ថា តម្លៃ Bitcoin ខ្ពស់​ពេក​ហើយ។
  6. តម្លៃ Bitcoin ចាប់ផ្ដើម​ធ្លាក់ ក៏​ព្រោះតែ «ទ្រឹស្ដី​ទីផ្សារ Elon Musk»។
  7. វិល​ត្រលប់​ទៅរក​ជំហាន​ទី1 (Tesla សំងំ​ទិញ Bitcoin មួយចំនួន នៅពេល​វា​ចុះថោក)។

កាលពី​ថ្ងៃ​ចន្ទ ក្រុមហ៊ុន Tesla បានប្រកាស​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំត្រីមាស​របស់ខ្លួន រួម​នឹង​អ្វីដែល​បានកើត​ឡើង​ដូច​ទៅនឹង​ការ​ព្យាករ៖

Tesla រកបាន​ប្រាក់ចំណេញ​ខ្ពស់ជាង​មុន ដោយសារ​បាន​លក់ Bitcoin ចំនួន 10% ស្មើនឹង 101លាន​ដុល្លារ ក្នុងចំណោម Bitcoin សរុប ដែល​ក្រុមហ៊ុន​នេះ​កំពុង​កាន់កាប់។

អ្នកយកព័ត៌មាន Matt Levine បាន​ផ្ញើ​សារ​អបអរ​ជា​លក្ខណៈ​ឯកជន ជូន​ដល់ Tesla និង Elon Musk។ ប្រការនេះ គ្រប់គ្នា​យល់​យ៉ាងណា? មាន​ពាក្យ​ចចាមអារ៉ាម​មួយចំនួន ដែល​ត្រូវ​បានលើកឡើង ដោយ​សង្ស័យថា មាន​អំពើ​បោក​បញ្ឆោត​ណាមួយ នៅពេល Tesla ទិញ Bitcoin ខណៈ Elon Musk និយាយថា ចូលចិត្ត ហើយ​ក្រោយមក​ក៏​លក់​វា​ចេញ។

តួយ៉ាង​ដូចជា ករណី​អ្នកលេង Twitter ម្នាក់​ដែលមាន​ឈ្មោះថា Dave Portnoy បាន​បង្ហោះ​អត្ថបទ​មួយ​ដែល tag លោក Elon Musk ចូល និយាយ​អំពី​បញ្ហា​នេះ។ Dave ប្រើពាក្យ «pump» (សប់​បំប៉ោង) ដើម្បី​អធិប្បាយ​អំពី​សកម្មភាព​របស់ Tesla នៅលើ Twitter។ Dave សរសេរថា៖ «តាម​ខ្ញុំ​យល់​គឺ​យ៉ាងនេះ៖ Elon Musk ទិញ Bitcoin ហើយ​ក្រោយមក គាត់​បំប៉ោង ដោយ​ការលើកសរសើរ​ចំពោះ Bitcoin។ តម្លៃ របស់ Bitcoin ក៏បាន​កើនឡើង។ ហើយ​ក្រោយមក Elon Musk លក់​ចេញ និង​រកបាន​ប្រាក់ចំណេញ​យ៉ាង​ក្រាស់ក្រែល»។

មិនយូរប៉ុន្មាន មហាសេដ្ឋី Elon Musk បាន​ឆ្លើយតប​វិញ នៅ​ខាងក្រោម​អត្ថបទ​នេះ​ថា៖ «អូ អត់​ទេ ខ្ញុំ​មិនបាន​ធ្វើ​ដូច្នេះ​ទេ។ Tesla លក់ 10% នៃ Bitcoin ដែល​កំពុង​កាន់កាប់​គឺជា រឿង​ចាំបាច់ ដើម្បី​បង្ហាញ​អំពី​ភាពងាយស្រួល​ក្នុង​ការដក​ប្រាក់​របស់ Bitcoin ដែល​ដូច​ទៅនឹង​ស្ថាប័ន​ជំនួស សម្រាប់​ការផ្ញើ​ប្រាក់»។

ចម្លើយ​របស់លោក Musk ទទួលបាន​ការ​ចុច​ចូលចិត្ត​ជិត 100,000លើក, ការចែករំលែក​បន្ត​ចំនួន 16.4k និង​ការបញ្ចេញមតិ ជិត 5k។

នៅក្នុង​ថ្ងៃ​ចេញ​របាយការណ៍​ហិរញ្ញវត្ថុ កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ CFO របស់ Tesla គឺ​លោក Zachary Kirkhorn បាន​និយាយថា Tesla ចាត់ទុក Bitcoin ជា​កន្លែង​សម្រាប់​រក្សាទុក​សាច់ប្រាក់ ក្នុងពេលដែល​វា​នៅតែ​អាច​រក្សាបាន​នូវ​ភាពងាយស្រួល​ក្នុង​ការដក​ប្រាក់ ពិសេស​គឺ​នៅក្នុង​ស្ថានភាព​ដែល​វិស័យ​វិនិយោគ​បុរាណ កំពុង​ប្រែជា​អន់ថយ និង​មិន​ទាក់ទាញ។

«យើង​ជឿជាក់​ក្នុង​រយៈពេល​វែង​ចំពោះ​តម្លៃ​របស់ Bitcoin។ គោលដៅ​របស់​យើង​គឺ​បន្ត​រក្សា​នូវ​អ្វីដែល​កំពុងមាន ក្នុង​រយៈពេល​វែង និង​បន្ត​សន្សំ Bitcoin តាមរយៈ​ការទូទាត់​របស់​អតិថិជន​ដែល​ទិញ​រថយន្ត​ដោយ​ប្រាក់​អេឡិចត្រូនិក​នេះ»។

ទាក់ទង​នឹង​បញ្ហា​នេះ ក្នុង​អត្ថបទ​របស់ខ្លួន អ្នកយកព័ត៌មាន Levine មកពី​អង្គភាព Bloomberg ក៏​បំភ្លឺ​លើ​ចំណុច​មួយចំនួន៖

  1. ខ្ញុំ​មិន​យល់ថា មាន​បញ្ហា​អ្វីមួយ​ដែល​កើតឡើង​ពី​ការដែល Tesla ទិញ Bitcoin។ ពួកគេ​ទិញ Bitcoin ហើយ​​  ក្រោយ​មក​​លក់​វា​ក្នុងតម្លៃ​ខ្ពស់។ មិនមាន​សេចក្ដីលម្អិត​ណា​បញ្ជាក់ថា Tesla និង Musk និយាយ​កុហក ឬ​មាន​ចេតនា​ប្រើល្បិច​ក្នុង​ទីផ្សារ។
  2. ខ្ញុំ​យល់ថា សកម្មភាព​របស់ Tesla គឺ​ពិតជា​អស្ចារ្យ ហើយ​ខ្ញុំ​អបអរ​ចំពោះ​ពួកគេ និង​សង្ឃឹមថា ពួកគេ​នឹងធ្វើ​ដូច្នេះ​ទៀត។
  3. ខ្ញុំ​គិតថា ប្រសិនបើ ជា Elon Musk និង​មាន​សមត្ថភាព​ធ្វើឱ្យ​តម្លៃ Bitcoin ឡើងថ្លៃ តាមរយៈ​ការ​បង្ហោះ​សារ​មួយ​ឃ្លា តើ​អ្នក​នឹងធ្វើ​ដូច្នេះ​ដែរ ឬទេ?

ប្រភព៖ Bloomberg
ប្រែ​សម្រួល៖ បុត្រា

Advertisement