ក្រសួង​ព័ត៌មាន ប្រកាស​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ពុំ​ទាន់​ស្រប​​ច្បាប់ រួសរាន់​មក​ចុះបញ្ជិកា​ ឱ្យបាន​មុន​ដំណាច់ឆ្នាំ2021

ភ្នំពេញ៖ ក្រសួង​ព័ត៌មាន ប្រកាស​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​ដែល​មិនទាន់បាន​ចុះបញ្ជី​ពាណិជ្ជកម្ម និង​កិច្ចការពារ​ពាណិជ្ជ​នាម និង​ពាណិជ្ជសញ្ញា ឱ្យមក​ចុះបញ្ជី​ពាណិជ្ជកម្ម ឱ្យបាន​ត្រឹមត្រូវ និង​ស្របតាម​ច្បាប់។

សេចក្ដីប្រកាស​របស់​ក្រសួង​ព័ត៌មាន​នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ក្រសួង​បាន​សង្កេតឃើញថា នៅមាន​ក្រុមហ៊ុន អង្គភាព និង​ស្ថាប័ន​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​តូច មិនទាន់​បានមក​ចុះបញ្ជី​ត្រឹមត្រូវ​នៅឡើយ។ ការចុះ​បញ្ជិកា​នេះ​គឺ ដើម្បី​ការពារ​ពាណិជ្ជ​នាម និង​ពាណិជ្ជសញ្ញា​របស់​ស្ថាប័ន អង្គភាព និង​ក្រុមហ៊ុន​របស់​អស់លោក លោកស្រី ព្រមទាំង​ដើម្បី​ចៀសវាង​ការរំលោភបំពាន​ពាណិជ្ជ​នាម និង​ពាណិជ្ជសញ្ញា ពី​ភាគី​ណាមួយ។

ក្រសួង​ព័ត៌មាន ណែនាំ​ដល់​ម្ចាស់​ស្ថាប័ន អង្គភាព​សារព័ត៌មាន រួម​នឹង​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​លើ​វិស័យ​ព័ត៌មាន និង​សោតទស្សន៍​ទាំងអស់ ដែល​មិនទាន់​បានមក​ចុះ​បញ្ជិកា អញ្ជើញ​មក​ចុះឈ្មោះ ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ រហូតដល់​ដំណាច់​ឆ្នាំ​2021។

ក្នុងករណី​មិន​អនុវត្តតាម​សេចក្តីជូនដំណឹង​នេះ ហើយ​នៅតែ​បន្ត​ប្រើប្រាស់​ម៉ាក និង​ពាណិជ្ជ​នាម​ស្ថាប័ន អង្គភាព និង​ក្រុមហ៊ុន​របស់ខ្លួន​ដោយ​បំពាន​ច្បាប់ ក្រសួង​ព័ត៌មាន នឹង​បញ្ឈប់​ការផ្តល់​អាជ្ញា​បណ្ណ​ប្រកប​អាជីវកម្ម ចាប់ពី​ឆ្នាំ​2022​ តទៅ៕
ប្រភព៖ ក្រសួង​ព័ត៌មាន​
ដកស្រង់​៖ បុត្រា

Advertisement