ទេសចរណ៍​អវកាស! Virgin Galactic មាន​អតិថិជន​ជាង 600នាក់​ក្នុង​ដៃ ខណៈ Blue Origin មិនទាន់​ប្រកាស​ពី​តម្លៃ​សំបុត្រ​ធម្មតា​នៅឡើយ

ប្រព័ន្ធ​យាន​អវកាស​​​ SpaceShipTwo VSS Unity របស់​ក្រុម​ហ៊ុន​ Virgin Galactic

ប្រព័ន្ធ​យានអវកាស SpaceShipTwo របស់ Virgin Galactic កំពុង​ឆ្ពោះ​ទៅជិត​ដល់​ដំណាក់កាល​ធ្វើ​ពាណិជ្ជកម្ម ដោយ​ជើងហោះហើរ​សាកល្បង​ដឹក​មនុស្ស​លើក​ទី​បី ទទួលបាន​ជោគជ័យ។

យានអវកាស SpaceShipTwo VSS Unity ដែល​ភ្ជាប់​នៅ​ខាងក្រោម​យន្តហោះ​មេ VMS Eve បាន​ហោះ​ឡើង​ពី​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម Spaceport America របស់​ក្រុមហ៊ុន Virgin Galactic កាលពី​វេលា​ម៉ោង 8និង35នាទី​ព្រឹក ថ្ងៃទី22 ខែឧសភា (ម៉ោង​ក្នុងស្រុក) គឺជា​ជើងហោះហើរ​ដែលមាន​ក្រុម​អ្នកបើកបរ​ដំបូង នៃ​យាន​ដែល​ត្រូវបាន​ធ្វើឡើង​នៅក្នុង​រដ្ឋ New Mexico សហរដ្ឋអាមេរិក។ ជើងហោះហើរ​សាកល្បង​ពីរលើក​មុន​នោះ សុទ្ធតែ​ត្រូវបាន​ធ្វើឡើង​នៅឯ​កំពង់ផែ​អាកាសចរណ៍​អវកាស Mojave នៅ​ភាគ​អាគ្នេយ៍​នៃ​រដ្ឋ California។

ប្រហែល 50នាទី បន្ទាប់ពី​ហោះ​ឡើង យាន VSS Unity បាន​ផ្ដាច់ខ្លួន​ចេញពី​យាន​មេ VMS Eve នៅលើ​កម្ពស់ 13,411​ម៉ែត្រ រួច​បញ្ឆេះ​ម៉ាស៊ីន​រ៉ុក្កែត​ដែល​នៅលើ​យាន ដើម្បី​ហោះចូល​លម្ហ​អាកាស​ខាងក្រោម​គន្លង​គោចរ​របស់​ផែនដី។ អ្នកនាំពាក្យ​របស់ Virgin Galactic បានឱ្យដឹងថា យានអវកាស​នេះ​បាន​ហោះ​ក្នុង​ល្បឿន​លឿន​ជាង​សំឡេង​បី​ដង និង​ហោះ​ដល់​កម្ពស់ 89,2​គីឡូម៉ែត្រ មុនពេល​ចុះចត​លើដី។ ប្រការនេះ មានន័យថា វា​ហោះ​ជិត​ដល់​គន្លង Karman (ដែលមាន​កម្ពស់ 100​គីឡូម៉ែត្រ​​លើ​ផ្ទៃ​ទឹកសមុទ្រ) ជា​គន្លង​ខណ្ឌ​ចែក​រវាង​បរិយាកាស​ផែនដី និង​ទី​អវកាស។

ជើងហោះហើរ​សាកល្បង​ខាងលើ អូសបន្លាយ​ពេល​សរុប 1ម៉ោង និង10នាទី ដោយ​អវកាសយានិកឈ្មោះ​ CJ​ Sturckow ​និង Dave Mackay បញ្ជា​ឱ្យ​យាន​ចុះចត​លើផ្លូវ​រត់ នៅវេលា​ម៉ោង 9និង45នាទី (ម៉ោង​ក្នុងស្រុក)។ VSS Unity ត្រូវបាន​រចនា​ដើម្បី​ផ្ទុក​មនុស្ស​បាន 6នាក់ ប៉ុន្តែ ការសាកល្បង​លើក​នេះ មានតែ​អ្នកបើកបរ​ពីរ​នាក់ និង​បន្ទុក​ទម្ងន់​ផ្នែក​វិទ្យាសាស្ត្រ (scientific payload) មួយចំនួន។

ក្រុមហ៊ុន Blue Origin បានត្រៀមខ្លួនរួចរាល់ក្នុងការផ្ទាល់សេវាកម្មទេសចរណ៍អវកាស ដែលចាប់ផ្ដើមពីខែកក្កដា ឆ្នាំ2021

យាន​ទេសចរណ៍​អវកាស​របស់​ក្រុមហ៊ុន Virgin Galactic កំពុងស្ថិត​ក្នុងដំណាក់កាល​ចុងក្រោយ​នៃ​បេសកកម្ម​សាកល្បង ប៉ុន្តែ​មិនទាន់​ត្រៀមខ្លួន​ជាស្រេច​សម្រាប់ធ្វើ​ពាណិជ្ជកម្ម​នៅឡើយ។ ក្រុមហ៊ុន​នឹងត្រូវ​ធ្វើការ​ហោះហើរ​សាក​ល្បង​ដែលមាន​មនុស្ស​បើក​ជាច្រើនលើក​ទៀត នៅក្នុង​ឆ្នាំនេះ មុនពេល​ចាប់ផ្ដើម​បម្រើ​អតិថិជន នៅ​ដើមឆ្នាំ2022។

កាលបរិច្ឆេទ​របស់​ក្រុមហ៊ុន Virgin Galactic យឺតយ៉ាវ​ជាង​គូប្រជែង​ផ្ទាល់​របស់​ពួកគេ​គឺ Blue Origin របស់​មហាសេដ្ឋី​អាមេរិក Jeff Bezos។ ក្រុមហ៊ុន Blue Origin បាន​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​ផ្ទាល់​សេវាកម្ម​ទេសចរណ៍​អវកាស ដែល​ចាប់ផ្ដើម​ពី​ខែកក្កដា ឆ្នាំ2021 ដោយ​ប្រើ​ប្រព័ន្ធ​ស្វ័យប្រវត្ត New Shepard។ Blue Origin កំពុង​លក់​ដេញថ្លៃ​សំបុត្រ​សម្រាប់​កៅអី​មួយ​ក្នុងចំណោម​កៅអី​ចំនួន 6 សម្រាប់​ជើងហោះហើរ​ទេសចរណ៍​ទៅកាន់​ទី​អវកាស​របស់ខ្លួន ដែល​គិត​មកដល់​ថ្ងៃទី21 ខែឧសភា មាន​អតិថិជន​មួយរូប​បានឱ្យ​តម្លៃ​ដល់ 2.8លាន​ដុល្លារ​អាមេរិក។

ក្រុមហ៊ុន Blue Origin មិនទាន់​ប្រកាស​ពី​តម្លៃ​សំបុត្រ​ធម្មតា​នៃ​ជើងហោះហើរ​ធម្មតា​របស់​ពួកគេ​នៅឡើយ ខណៈដែល Virgin Galactic បានចាប់ផ្ដើម​ទទួល​ការ​កក់​មុន ជាមួយនឹង​តម្លៃ 250,000ដុល្លារ​អាមេរិក/កៅអី។ Richard Branson ស្ថាបនិក​របស់​ក្រុមហ៊ុន Virgin Galactic បានឱ្យដឹងថា បច្ចុប្បន្ន មាន​អតិថិជន​ជាង 600​នាក់ បាន​កក់​សំបុត្រ​ទិញ​សេវាកម្ម​ទេសចរណ៍​អវកាស​របស់​ពួកគេ​រួចហើយ៕

ប្រភព៖ Space
ប្រែ​សម្រួល៖ បុត្រា

Advertisement