មហាសេដ្ឋី Elon Musk ជិត​ក្លាយជា «ជន​គ្មាន​ផ្ទះសំបែង​ផ្ទាល់ខ្លួន» ខណៈសម្រេចចិត្តដាក់លក់ផ្ទះចុងក្រោយ

មហាសេដ្ឋី Elon Musk

រយៈពេល​មួយ​សប្ដាហ៍ ក្រោយពី​ត្រូវបាន​ចោទប្រកាន់ថា បង់ពន្ធ​តិចតួច​អំឡុង​ប៉ុន្មាន​ឆ្នាំ​កន្លង លោក Elon Musk បាន​និយាយថា ខ្លួន​កំពុង​ប្រកាស​លក់​ផ្ទះមួយ​ខ្នង​ដែល​នៅសល់​ចុងក្រោយ​របស់ខ្លួន ដែល​ប្រការនេះ នឹងធ្វើ​ឱ្យ​លោក ក្លាយជា​មហាសេដ្ឋី​ពិភពលោក ដែល​មិន​មានផ្ទះ​ផ្ទាល់ខ្លួន សម្បី​តែមួយ​ខ្នង។

នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla លោក Elon Musk បាន​ហៅ​ផ្ទះ​ចុងក្រោយ​ដែល​លោក​កំពុង​កាន់កាប់ នៅ San Francisco ក្នុង​រដ្ឋ California ថា​ជា «ទីលំនៅ​ពិសេស»។ កាលពី​ដើមខែ​នេះ លោក Musk បានឱ្យដឹងថា ផ្ទះមួយ​ខ្នង​នោះ ត្រូវបាន​ដាក់ឱ្យ​ជួល​ដើម្បី​ប្រារព្ធ​ពិធីផ្សេង។ ដូច្នេះ បើសិនជា​ត្រូវបាន​លក់ ផ្ទះ​នោះ​នឹងមិន​សូវ​បាន​ប្រើប្រាស់។ យ៉ាង​នេះហើយ ទើប​លោក​សង្ឃឹមថា នឹងមាន​គ្រួសារ​ធំ​ណាមួយ​មក​ទិញ។

យោងតាម​សារព័ត៌មាន Bloomberg មហាសេដ្ឋី វ័យ 49ឆ្នាំ​រូបនេះ បានប្រកាស​អំពី​គម្រោង​លក់​ផ្ទះ និង​ទ្រព្យសម្បត្តិ​ស្ទើរតែ​ទាំងអស់​របស់ខ្លួន កាលពី​ជាង​មួយឆ្នាំ​មុន ដើម្បី​ជាការ​ច្រានចោល​ការរិះគន់​អំពី​ភាពមានបាន​របស់លោក។ ឆ្នាំ2020 គ្រាន់តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ លោក Musk បានប្រកាស​លក់​អចលនទ្រព្យ​ចំនួន 2 កន្លែង​របស់ខ្លួន នៅ California។

កាលពី​សប្ដាហ៍​មុន ProPublica បាន​រាយការណ៍​ថា កំពូល​មហាសេដ្ឋី​ជាច្រើនរូប នៅ សហរដ្ឋអាមេរិក បង់ពន្ធ​លើ​ប្រាក់ចំណូល តិចតួច​ណាស់ ក្នុងអំឡុង​ចាប់ពី​ឆ្នាំ2014-2018។ ក្នុងនោះ នាយក​ប្រតិបត្តិ​របស់ Tesla និង SpaceX លោក Elon Musk ត្រូវបាន​គេ​រិះគន់ថា មិនបាន​បង់ពន្ធ​លើ​ប្រាក់ចំណូល នៅក្នុង​ឆ្នាំ2018 និង​បាន​បង់​តិចជាង 70,000ដុល្លារ នៅក្នុង​ឆ្នាំ2015 និង 2017។

លោក Elon Musk លក់​ផ្ទះចុង​ក្រោយ​របស់​ខ្លួន​ ដែល​ស្ថិត​នៅ​ក្នុង​ទីក្រុង​ San Francisco ក្នុង​តម្លៃ​ 37.5 លាន​ដុល្លារ​អាមេរិក​ (nypost)

លោក Musk ក៏​មិនបាន​ប្រតិកម្ម​អ្វី​ចំពោះ​បញ្ហា​ចោទប្រកាន់​ដែល​ត្រូវបាន ProPublica លើកឡើង ប៉ុន្តែ គ្រាន់តែ​ដាក់​ជា​សញ្ញា​សួរ។ យ៉ាងនេះ​ក្ដី ក្រោយពី​មាន​សេចក្ដីរាយការណ៍​ខាងលើ មហាសេដ្ឋី​អាមេរិកាំង ដើមកំណើត​អាហ្វ្រិក​ខាងត្បូង រូបនេះ បានឱ្យដឹងថា នឹង​បន្ត​បង់ពន្ធ​លើ​ប្រាក់ចំណូល នៅ California ទៅតាម​ពេលវេលា​ដែល​លោក​ស្ថិតនៅក្នុង​រដ្ឋ​នេះ។

កន្លងមក លោក Elon Musk ធ្លាប់បាន​និយាយ​ច្រើនដង​ហើយ​ថា លោក​មាន​គម្រោង​លក់​ទ្រព្យសម្បត្តិ​ភាគច្រើន​របស់ខ្លួន ក្នុងនោះ មាន​ទាំង​គេហដ្ឋាន​ទាំងឡាយ​របស់លោក ដើម្បី​យកប្រាក់​មក​ផ្គត់ផ្គង់​គម្រោង​នាំ​មនុស្ស​ទៅ​រស់​នៅលើ​ពិភព​ព្រះ​អង្គារ។ លោក Musk មានបំណង​បញ្ជូន​មនុស្ស 1លាន​នាក់ ឡើងទៅ​កាន់​ផ្កាយ​អង្គារ នៅ​ឆ្នាំ2050។

ស្ថាបនិក​នៃ​ក្រុមហ៊ុន​អវកាស SpaceX រូបនេះ បាន​រើ​ទៅ​រស់នៅក្នុង​រដ្ឋ Texas កាលពី​ឆ្នាំមុន និង​កំពុង​ជួល​ផ្ទះមួយ​ខ្នង​ដែលមាន​តម្លៃ​ត្រឹម 50,000ដុល្លារ ស្ថិតនៅក្នុង​តំបន់ Boca Chica ពី Space Exploration Technologies ជា​ក្រុមហ៊ុន​ដែលមាន​វាល​បាញ់​បង្ហោះ​រ៉ុក្កែត​អវកាស នៅក្នុង​រដ្ឋ​នេះ៕

ប្រភព៖ Bloomberg, Insider
ប្រែ​សម្រួល៖ បុត្រា

Advertisement