កូរ៉េខាងជើង៖ កាហ្វេ​មួយកញ្ចប់​តូច​ល្មម ឡើងថ្លៃ​ដល់ 100ដុល្លារ​អាមេរិក

លោក​ Kim Jong-un

ទំនិញ​ជាច្រើន​មុខ ដូចជា ដំឡូងបារាំង ម្សៅ​មី កាហ្វេ និង​តែ​ជាដើម បាន​ឡើងថ្លៃ​ខ្ពស់​ជ្រុល នៅពេល កូរ៉េខាងជើង កំពុង​ធ្លាក់​ទៅក្នុង​ស្ថាន​ភាពខ្វះ​ស្បៀងអាហារ។

នៅក្នុង​កិច្ចប្រជុំ​គណៈ​កម្ម​ធិ​ការប្រតិបត្តិ នៃ​គណបក្ស​ពលករ​កូរ៉េខាងជើង កាលពី​ថ្ងៃទី15 ខែមិថុនា មេដឹកនាំ​កូរ៉េខាងជើង លោក Kim Jong-un បានឱ្យដឹងថា ស្ថានភាព​ស្បៀងអាហារ​នៅ​ប្រទេស​នេះ កំពុង​ក្លាយជា​បញ្ហា​គួរឱ្យ​ព្រួយបារម្ភ​ ដោយ​សារ​តែ វិស័យ​កសិកម្ម​ទទួល​បរាជ័យ​ក្នុងការ​បង្កបង្កើនផល​ធញ្ញជាតិ ព្រោះតែ​ព្យុះ​កាលពី​ឆ្នាំទៅ។

ការផ្លាស់ប្ដូរ​ប្រភព​ផ្គត់ផ្គង់​អាហារ​ក្នុងប្រទេស ដោយ​ការនាំ​ចូល​ពី​បរទេស អាច​នឹងមាន​ការលំបាក ដោយសារតែ​ព្រំដែន ហាក់ដូច​នៅតែ​ត្រូវបាន​បិទ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការឆ្លង Covid-19។ នៅ​រដ្ឋធានី​ព្យុងយ៉ាង តម្លៃ​ទំនិញសំខាន់ៗមួយចំនួន បាន​កើនឡើង​យ៉ាងខ្ពស់។ ក្រុម​អ្នកជំនាញ បានឱ្យដឹងថា តម្លៃ​អង្ករ និង​ឥន្ធនៈ នៅមាន​លំនឹង​ល្អ ប៉ុន្តែ ដំឡូងបារាំង បាន​ឡើងថ្លៃ​ខ្ពស់ជាង​មុន 3ដង នៅក្នុង​ផ្សារ Tongil ជា​កន្លែង​ដែល​ពលរដ្ឋ​ក្នុងស្រុក និង​បរទេស អាចមក​ទិញ​ទំនិញ​បាន។

ប្រជាជន​កូរ់េខាង​ជើង​ នៅ​ទីក្រុង​ព្យុង​យ៉ាង​ កាល​ពី​ខែ​ឧសភា​។ រូប​ថត​៖ Reuters

តម្លៃ​របស់​ទំនិញសំខាន់ៗដែល​ត្រូវបាន​នាំចូល ដូចជា ស្ករ ប្រេងឆា និង​ម្សៅ​មី​ជាដើម ក៏បាន​កើនឡើង​ខ្ពស់។ អតិថិជន​ក្នុងស្រុក បង្ហើប​ឱ្យដឹងថា ទំនិញ​មិនចាំបាច់​ជាច្រើន ដូចជា តែ​ខ្មៅ​មួយកញ្ចប់ ត្រូវបាន​លក់​ក្នុងតម្លៃ​ប្រហែល 70ដុល្លារ​អាមេរិក ខណៈ កាហ្វេ​មួយកញ្ចប់ មានតម្លៃ​ប្រហែល​ជាង 100ដុល្លារ។

លោក Kim Jong-un មិនបាន​លើកឡើង​អំពី​ទំហំ​នៃ​ការខ្វះ​ស្បៀងអាហារ​របស់​ប្រទេស​នេះ ប៉ុន្តែ អង្គការ​ស្បៀងអាហារ និង​កសិកម្ម នៃ​អង្គការសហប្រជាជាតិ (FAO) ថ្មីៗនេះ បាន​បញ្ជាក់ថា កូរ៉េខាងជើង កំពុង​ខ្វះ​ស្បៀង​ប្រមាណ​ជា 860,000 តោន សម្រាប់​រយៈពេល 2ខែ។

កូរ៉េខាងជើង មិនទាន់​រកឃើញ​ករ​ណី​វិជ្ជមាន​នឹង Covid-19 ណាមួយ​នៅឡើយ ប៉ុន្តែ ប្រទេស​នេះ​នៅតែ​បន្ត​ចាត់វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​យ៉ាង​តឹងរ៉ឹង ក្នុងនោះ ក៏មាន​ការបិទ​ព្រំដែន និង​កាត់បន្ថយ​ការ​ដើរហើរ​ក្នុងប្រទេស​ផងដែរ៕

ប្រភព៖ CNN
ប្រែ​សម្រួល៖ បុត្រា

Advertisement