“អាណាចក្រ​ពាណិជ្ជកម្ម” របស់​មហាសេដ្ឋី Jeff Bezos

នៅពេល Jeff Bezos ចាក​ចេញពី​តំណែង CEO កាលពី​ថ្ងៃទី 5 ខែកក្កដា ឆ្នាំ 2021 ក្រុមហ៊ុន​យក្ស Amazon ដែល​លោក​បាន​កសាងឡើង កំពុងតែ​រីក​មាឌ​លឿន​ជាងពេលណាៗទាំងអស់។

ក្នុងអំឡុង 27 ឆ្នាំ លោក Jeff Bezos បានប្រែក្លាយ Amazon ទៅជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​ក្នុង​ពិភពលោក ដែលមាន​អំណាច និង​ឥទ្ធិពល​យ៉ាង​សម្បើម នៅក្នុង​វិស័យ​ជាច្រើន។ ទ្រព្យសម្បត្តិ​របស់ Jeff Bezos និង​ក្រុមហ៊ុន Amazon ក៏បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅថ្មីៗនេះ។

ក្រៅពី​ការដណ្ដើម​បាន​ជោគជ័យ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​អន​ឡាយ ក្រុមហ៊ុន Amazon ក៏​ទទួលបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​ក្នុង​វិស័យ​ជាច្រើន​ទៀត ក្នុងនោះ​មានដូចជា​សេវាកម្ម កុំព្យូទ័រ​ពពក (cloud computing) កម្សាន្ត និង​សេវា​ផ្សាយពាណិជ្ជកម្ម។

ចាប់ពី​ថ្ងៃទី 5 ខែកក្កដា ឆ្នាំ 2021 ក្រោយពី​បានប្រគល់​តំណាង CEO ឱ្យ Andy Jassy ដើម្បី​ក្លាយជា​ប្រធាន​ក្រុមហ៊ុន មហាសេដ្ឋី Jeff Bezos នឹង​ឈាន​ចូលដល់​ជីវភាព​ថ្មី ហើយ​លោក​នឹង​ចំណាយ​ពេលវេលា​ច្រើនជាង​មុន ទៅលើ​កិច្ចការ​ស្រាវជ្រាវ​អវកាស កិច្ចការ​មនុស្សធម៌ ទិញ​អចលនទ្រព្យ និង​នាវា​ទេសចរណ៍។

ធ្វើ​ជំនួញ​ក្នុង​វិស័យ​ជាច្រើន

ក្រុមហ៊ុន​ស្រាវជ្រាវ eMarketer បានឱ្យដឹងថា Amazon គ្រប់គ្រង​ផ្នែក​លក់រាយ​អន​ឡាញ ប្រមាណ 41% ក្នុងចំណោម​ផលិតផល​លក់រាយ​តាម​អន​ឡាញ​សរុប​របស់ សហរដ្ឋអាមេរិក។ ប៉ុន្តែ Amazon ក៏បាន​នាំមុខគេ​ក្នុង​វិស័យ​សេវាកម្ម​កុំព្យូទ័រ​ពពក និង​ជា «មហាអំណាច» មួយ​ក្នុង​វិស័យ​ផ្សាយពាណិជ្ជកម្ម ដែល​ប្រកួតប្រជែង​នឹង Google និង Facebook ផងដែរ។ Amazon ក៏​វាយលុក​ទៅក្នុង​វិស័យ​ផ្ដល់​សេវាកម្ម​អន​ឡាញ និង​ផលិតផល​ឆ្លាត​វៃ។

ការជ្រើសរើស​បុគ្គលិក

Amazon បានជ្រើសរើស​បុគ្គលិក​បន្ថែម ជាង 500,000 នាក់ នៅ​ជុំវិញ​ពិភពលោក នា​ឆ្នាំ 2020 ហើយ​ក្នុង​ឆ្នាំ​បន្តបន្ទាប់​ទៀត ក្រុមហ៊ុន​នេះ អាច​យកឈ្នះ Walmart ដើម្បី​ក្លាយជា​អ្នក​ជ្រើសរើស​បុគ្គលិក​ច្រើនជាងគេបង្អស់​នៅ សហរដ្ឋអាមេរិក។

ដើមឆ្នាំ 2021 នេះ Amazon បានជ្រើសរើស​បុគ្គលិក​បន្ថែម​ជិត 4,000 នាក់​ទៀត។ បច្ចុប្បន្ន ក្រុមហ៊ុន​នេះ មាន​បុគ្គលិក​ការិយាល័យ​ចំនួន​ជាង 130,000នាក់ ក្នុងចំណោម 950,000 នាក់ របស់ខ្លួន ដែល​កំពុងធ្វើការ​នៅ សហរដ្ឋអាមេរិក។

ជោគជ័យ​នៅ Hollywood

Amazon បានចាប់ផ្ដើម​ចូលប្រលូក​ក្នុង​វិស័យ​ឧស្សាហកម្ម​ភាពយន្ត​កាលពី​ឆ្នាំ 2010 តាមរយៈ Amazon Studios។ បច្ចុប្បន្ន ពួកគេ​គឺជា​ផលិតកម្ម និង​ជា​អ្នកផ្គត់ផ្គង់​ភាពយន្ត​ដែលមាន​ឈ្មោះ​ល្បីល្បាញ។ ខ្សែភាពយន្ត​របស់ Amazon ដែល​ទទួលបាន​ជោគជ័យ​ច្រើនជាងគេ មានដូចជា រឿង “The Marvelous Mrs. Maisel”, “Manchester by the Sea” និង “Sound of Metal” ជាដើម។

គម្រោង​វិនិយោគ​ដទៃ

មហាសេដ្ឋី Bezos មាន​គម្រោង​ហោះ​ទៅកាន់​ទី​អវកាស នៅ​ថ្ងៃទី 20 ខែកក្កដា ខាងមុខ។ លោក ក៏​នឹង​ផ្ដោតទៅលើ​កិច្ចការ​មនុស្សធម៌ អាកាសធាតុ​ច្រើនជាង​មុន​ផងដែរ។ លោក Bezos គឺជា​មហាសេដ្ឋី​លំដាប់​ទីមួយ​ក្នុង​ពិភពលោក ដោយមាន​ទ្រព្យ​ប្រមាណ 200 ពាន់​លាន​ដុល្លារ​អាមេរិក នេះ​បើតាម Bloomberg Billionaires Index៕

ប្រភព ៖ WSJ
ប្រែ​សម្រួល ៖ បុត្រា

Advertisement