(វីដេអូ)-មហាសេដ្ឋី Richard Branson ហោះហើរ​ទៅកាន់​ទី​អវកាស​លើកដំបូង ដោយ​ជោគជ័យ

មហាសេដ្ឋី Richard Branson សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន​អវកាស Virgin Galactic ទើបតែ​ទទួលបាន​ជោគជ័យ​ក្នុងការ​ហោះហើរ​ទៅកាន់​ទី​អវកាស​ជា​លើកដំបូង ដែល​នេះ​ត្រូវបាន​គេ​ចាត់ទុកថា​ជា ការបើកផ្លូវ​សម្រាប់​ការរីកចម្រើន​របស់​វិស័យ​ទេសចរណ៍​អវកាស។

ក្រោយ​ការធ្វើដំណើរ​ប្រហែល 1 ម៉ោង ជើងហោះហើរ​ដែល​ដឹក​មហាសេដ្ឋី Richard Branson បាន​ចុះចត​ដោយ​សុវត្ថិភាព នៅលើ​ព្រលានយន្តហោះ​នៅ New Mexico សហរដ្ឋអាមេរិក។ ជើងហោះហើរ​នេះ​ក៏មាន​មនុស្ស​យ៉ាងច្រើន​តាមដាន ទាំង​នៅលើ​អ៊ីនធឺណិត ទាំង​នៅលើ​ដី​ផ្ទាល់។

ក្រុម​អ្នក​អវកាស​ នៅ​ក្នុង​យាន​អវកាស​របស់​ Virgin Galactic

នៅលើ​កម្ពស់​ប្រហែល 14 គម យានអវកាស​បាន​ផ្ដាច់ខ្លួន ហើយ​រ៉ុក្កែត​ក៏ត្រូវ​បាន​បញ្ឆេះ ដើម្បី​នាំ​ក្រុម​អវកាស​ចរ ឡើងទៅ​កាន់​កម្ពស់ 85.9 គម និង​បាន​ស្ថិតនៅក្នុង​ស្ថានភាព​គ្មាន​ទម្ងន់​ជាច្រើន​នាទី មុននឹង​វិល​ត្រលប់​មកកាន់​ផែនដី។ ក្រោយ​ការ​ចុះចត​ភ្លាម មហាសេដ្ឋី Richard Branson បាន​ប្រាប់ថា នេះ​គឺជា «បទពិសោធន៍​គ្មាន​ពីរ»។

មហា​សេដ្ឋី Richard Branson

ការហោះហើរ​ខាងលើនេះ គឺជា ជើងហោះហើរ​សាកល្បង​ចុងក្រោយ​មួយ របស់ Virgin Galactic មុនពេល​បើក​ដំណើរការ​សេវាកម្ម​ទេសចរណ៍​អវកាស ក្នុង​ឆ្នាំ 2022។ ក្រៅពី​មហាសេដ្ឋី Richard Branson ដំណើរ​ទេសចរណ៍​អវកាស​នេះ ក៏មាន​បុគ្គលិក​របស់ Virgin Galactic ចំនួន 3 រូប នៅក្នុង​បន្ទប់​អវកាស​ចរ ដើម្បី​វាយតម្លៃ​លើ​បទពិសោធន៍ និង​អ្នកបើកបរ​ចំនួន 2 នាក់ នៅក្នុង​បន្ទប់​បើកបរ។

នេះ​គឺជា​បេសកកម្ម​សំខាន់ នៅក្នុង​មហិច្ឆតា​ធ្វើ​ពាណិជ្ជកម្ម​លើ​វិស័យ​ទេសចរណ៍​អវកាស របស់​ក្រុមហ៊ុន Virgin Galactic ដែល​ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ 2004។ មកដល់​បច្ចុប្បន្ន ក្រុមហ៊ុន​នេះ លក់​សំបុត្រ​បាន​ប្រហែល 600 សំបុត្រ ដល់​អតិថិជន​ដែល​បាន​បញ្ជា​ទិញ​ជាមុន ក្នុងតម្លៃ​ប្រមាណ 250,000 ដុល្លារ ក្នុង 1 សំបុត្រ៕

ប្រភព៖ Reuters
ប្រែសម្រួល​៖ បុត្រា

Advertisement