«ព្រះអាទិត្យ​សិប្បនិម្មិត» បញ្ចេញ​កំដៅ 100 លាន​អង្សា​សេ របស់​ អង់គ្លេស​ អាច​ផ្គត់​ផ្គង់​អគ្គិសនី​ដល់​ទីក្រុង​ប៉ុន Oxford

ឧបករណ៍​ប្រមូលផ្ដុំ​ថាមពល​នុយ​ក្លេ​អែរ ឬ ថាមពល​ដែល​កើត​ពី​ប្រតិកម្ម​នុយ​ក្លេ​អែរ (Nuclear fusion) ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Tokamak Energy មាន​សក្ដានុពលធំធេង​​ផ្នែក​ពាណិជ្ជកម្ម។

ខុសពី​រោងចក្រ​នុយ​ក្លេ​អែរ​ធម្មតា (nuclear fission reactor) ដែល​ក្នុងនោះ ថាមពល​ត្រូវបាន​បញ្ចេញ​តាមរយៈ​ដំណើរការ​​បំបែក​អាតូម​អ៊ុយ​រ៉ា​ញ៉ូ​ម រោងចក្រ​ថាមពល​នុយក្លេអែរ​ របស់​​​ក្រុមហ៊ុន Tokamak Energy បង្កើត​ថាម​ពល​ដោយ​ការ​​ប្រមូលផ្ដុំ​អាតូម (fusion power reactor) និង​​មិនអាច​ក្ដៅ​រហូតដល់​រលាយខ្លួន​ឯង​នោះទេ។

រោងចក្រ fusion power reactor របស់ អង់គ្លេស នេះ​ គឺ​យោងទៅលើ​ប្រតិកម្ម​នៃ​ការប្រមូលផ្ដុំ​រវាង​អាតូម​អ៊ីដ្រូសែន​ចំនួន 2 ផ្សេងគ្នា បង្កើតបានជា អាតូម​អេ​ល្យូ​ម ហើយក៏​បញ្ចេញ​ជា​ថាមពល​ដ៏​មហិមា។ វត្ថុធាតុដើម​របស់​រោង​ចក្រ​ប្រតិកម្ម​នុយ​ក្លេ​អែរ​នេះ មិន​បំ​ភាយ​ឧស្ម័ន ព្រមទាំង​មានតម្លៃ​ទាប ព្រោះ​វត្ថុធាតុដើម​ដែលជា អ៊ីដ្រូសែន អាច​រកបាន​ពី​ទឹកសមុទ្រ។

កំណែ​ប្រភេទ​តូច​ចល័ត​របស់​រោងចក្រ​នេះ អាច​ផ្ដល់​ថាមពល​ដល់​យន្តហោះ និង​កប៉ាល់ធំៗ ជួយ​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូ​និក​បាន​យ៉ាងច្រើន។ ថាមពល​ដែល​កើតឡើង​ពី​រ៉េ​អា​ក់ទ័រ​ខាងលើ អាច​ទាញ​យកបាន​តាមរយៈ​ឧបករណ៍​ដែល​ផលិត​ដោយ​ក្រុម​អ្នកស្រាវជ្រាវ​របស់​អង្គភាព​ថាមពល​នុយ​ក្លេ​អែរ អង់គ្លេស នៅ Oxfordshire។ ថាមពល​នេះ នឹងត្រូវ​បាន​ប្រើ​ដើម្បី​កំដៅ​ចំហាយ​ទឹក សម្រាប់​ជួយ​ឱ្យ​កង្ហារ​ទួ​រ​ប៊ី​ន​វិល និង​បញ្ចេញ​ជា​អគ្គិសនី។

យោងតាម​បណ្ឌិត David Kingham សហ​ស្ថាបនិក និង​ជា​អនុប្រធាន នៃ​ក្រុមហ៊ុន Tokamak Energy ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ រ៉េ​អា​ក់ទ័រ ST 40 នឹង​ឆ្លង​ផុតចំណុច​សំខាន់ នៅពេល កំដៅ​ផ្លា​ស្មា ឡើងដល់ 100 លាន​អង្សា​សេ ក្ដៅ​ជាង 6 ដង ធៀប​នឹង​ស្នូល​របស់​ព្រះអាទិត្យ (15 លាន​អង្សា​សេ)។

ក្រុមហ៊ុន កំពុង​ឆ្ពោះទៅរក​គោលដៅ​ផ្គត់ផ្គង់​រ៉េ​អា​ក់ទ័រ បែប​ពាណិជ្ជកម្ម ដំបូង នៅ​ចុង​ទសវត្សរ៍ 2030។ រោងចក្រ​​ជាច្រើន​នឹងត្រូវ​បាន​បើក​នៅ​ពាសពេញ​ពិភពលោក ដោយ​ប្រើប្រាស់​ឧបករណ៍​របស់ អង់គ្លេស ដែល​រ៉េ​អា​ក់ទ័រ​នីមួយៗ បញ្ចេញ​ថាមពល 150 MW គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​អគ្គិសនី​ដល់ទី​ក្រុង​មួយ​ដែលមាន​ប្រជាជន​ជាង​ 150,000 នាក់ ដូចជា Oxford ជាដើម។

រោងចក្រ​រ៉េ​អា​ក់ទ័រ របស់ Tokamak Energy ដែល​ទាក់ទាញ​ទុន​បាន 207.6 លាន​ដុល្លារ ពី​អ្នកវិនិយោគ រួម​នឹង​ថវិកា 13.8 លាន​ដុល្លារ​ពី​រដ្ឋាភិបាល​នេះ បច្ចុប្បន្ន មាន​គូប្រជែង​មួយចំនួន​ ដែល​កំពុង​ញាប់ដៃ ញាប់ជើង ក្នុងការ​អភិវឌ្ឍ ក្នុងនោះ​មាន​ទាំង​ក្រុមហ៊ុន Lockheed Martin នៅ អាមេរិក និង មហាសេដ្ឋី Jeff Bezos ផងដែរ។

ក្រៅពីនេះ ITER ដែលជា​រោងចក្រ​ថាមពល​នុយ​ក្លេ​អែរ ដែល​បង្កើតឡើង​ដោយ​ប្រទេស​ចំនួន 35 និង​ស្ថិតនៅលើ​ទឹកដី បារាំង ក៏​គ្រោង​នឹង​ដំណើរការ​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ 2020។ ITER មាន​ទំហំ​ប្រហាក់ប្រហែល​នឹង​ទីលាន​បាល់ទាត់​ចំនួន 60 ខណៈដែល​រោងចក្រ​របស់ Tokamak Energy មាន​ទំហំ​ប៉ុន​ផ្ទះ​ធម្មតា​មួយ​ខ្នង​ប៉ុណ្ណោះ៕

ប្រភព៖ Mail
ប្រែ​សម្រួល៖ បុត្រា

Advertisement