យាន Blue Origin របស់​មហា​សេដ្ឋី Jeff Bezos នឹង​ដឹក​មនុស្ស​ទៅកាន់​ទី​អវកាស នា​ថ្ងៃនេះ

រាប់​ពី​ឆ្វេង​៖ Mark Bezos, Jeff Bezos, Oliver Daemen, Wally Funk

សហរដ្ឋអាមេរិក៖ Blue Origin ដែលជា​ក្រុមហ៊ុន​អវកាស​របស់​មហាសេដ្ឋី Jeff Bezos បាន​ត្រៀមខ្លួន​រួចរាល់ សម្រាប់​ដំណើរ​ហោះហើរ​ដឹក​មនុស្ស​ដំបូង​របស់ខ្លួន ទៅកាន់​ទី​អវកាស បន្ទាប់ពី​បាន​វាយតម្លៃ​លើកចុងក្រោយ។

Jeff Bezos និង​អតិថិជន​ចំនួន 3 នាក់​ផ្សេងទៀត នឹង​ហោះ​ទៅកាន់​ទី​អវកាស​ក្បែរ​គន្លង​តារាវិថី​ផែនដី តាមរយៈ​យាន New Shepard របស់​ក្រុមហ៊ុន Blue Origin។ បេសកកម្ម​នេះ នឹងត្រូវ​ធ្វើឡើង​នៅវេលា​ម៉ោង 20 នៃ​ថ្ងៃទី 20 កក្កដា ឆ្នាំ 2021 (ម៉ោង​នៅ​ភ្នំពេញ) ដែល​ត្រូវ​នឹង​ខួប​ទី 52 ឆ្នាំ ដែល​យានអវកាស Apollo 11 បាន​ចុះចត​លើ​ឋាន​ព្រះ​ចន្ទ។ លទ្ធផល​នៃ​ការវាយតម្លៃថ្មីៗនេះ បាន​បង្ហាញថា ពុំមាន​បញ្ហា​អ្វីដែល​អាច​ប្ដូរផ្លាស់​កាលបរិច្ឆេទ​នៃ​ការហោះហើរ​នេះនោះ​ទេ រួមទាំង​កត្តា​អាកាសធាតុ។

New Shepard បាន​ត្រៀម​ខ្លួន​រួច​រាល់​

New Shepard ជា​យាន​អាច​ប្រើប្រាស់​ឡើងវិញ ដែលមាន​ការរួម​ផ្សំរ​វាង​រ៉ុក្កែត និង​បន្ទប់​សម្រាប់​អ្នក​អវកាស ត្រូវបាន​រចនា​ឡើង​ដើម្បី​ដឹក​មនុស្ស និង​ទំនិញ ទៅកាន់​ទី​អវកាស​ក្បែរ​គន្លង​តារា​វិ​ថិ​ផែនដី។ កន្លងមក យាន New Shepard ផ្សេងគ្នា​ចំនួន 4 បាន​ហោះហើរ​សាកល្បង​ចំនួន 15 ជើង​រួចមកហើយ ប៉ុន្តែ​ថ្ងៃនេះ​គឺជា​លើកដំបូង​ដែល​យាន​ត្រូវ​ដឹក​មនុស្ស។

ក្រុម​អវកាស​ចរ​ដែល​ហោះហើរ​ទៅកាន់​ទី​អវកាស​នា​ថ្ងៃនេះ រួមមាន មហាសេដ្ឋី Jeff Bezos ដែលជា​ស្ថាបនិក​របស់ Blue Origin, ប្អូនប្រុស​របស់លោក Jeff Bezos គឺ​លោក Mark Bezos, អ្នកបើកបរ​វ័យ 82 ឆ្នាំ អ្នក​ស្រី​ Wally Funk និង​និស្សិត​វ័យ 18 ឆ្នាំ Oliver Daemen ជា​ភ្ញៀវ​ដែល​បាន​ទិញ​សំបុត្រ​ដំបូង​គេ​របស់​ក្រុមហ៊ុន។

យាន​អវកាស​​ New Shepard របស់​ Blue Origin

«យើង​បាន​ត្រួតពិនិត្យ​រាល់​ប្រព័ន្ធ​របស់​យាន រួមមាន​ផ្នែក​ទន់ ផ្នែក​រឹង ពេលវេលា និង​កម្រិត​នៃ​ការត្រៀមខ្លួន​របស់​ក្រុម​អ្នក​អវកាស» Steve Lanius នាយក​ផ្នែក​ហោះហើរ​របស់ Blue Origin បាន​និយាយ​កាលពី​ថ្ងៃទី 18 កក្កដា។

លោក Jeff Bezos នឹង​ក្លាយជា​មហាសេដ្ឋី​ទី​ពីរ ដែល​ហោះ​ទៅកាន់​ទី​អវកាស នៅក្នុង​អំឡុងពេល​មិន​ដល់ 2 សប្ដាហ៍​ចុងក្រោយ​នេះ។ កាលពី​ថ្ងៃទី 11 កក្កដា ស្ថាបនិក​ក្រុមហ៊ុន Virgin Group គឺ​មហាសេដ្ឋី Richard Branson បាន​ហោះ​ទៅកាន់​ព្រំដែន​រវាង​បរិយាកាស​ផែនដី និង​អវកាស នៅក្នុង​ជើងហោះហើរ​ដឹក​ភ្ញៀវ​ដំបូង​របស់​យន្តហោះ VSS Unity ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Virgin Galactic។ Virgin Galactic និង Blue Origin គឺជា​គូប្រជែង​សំខាន់​នៅក្នុង​វិស័យ​ទេសចរណ៍​អវកាស​ក្បែរ​គន្លង​គោចរ​ផែនដី។

យន្តហោះ VSS Unity អាច​ចាប់ផ្ដើម​ដំណើរការ​សកម្មភាព​ពា​ណិ​ជ្ជ​កម្ម​របស់ខ្លួន នៅ​ដើម​ឆ្នាំក្រោយ បើសិនជា​ការហោះហើរ​សាក​ល្បង​មួយចំនួន​នាពេលខាងមុខ ដំណើរការ​ដោយ​រលូន។ ចំណែក Blue Origin ក៏​កំពុង​តែមាន​គម្រោង​ដឹក​អ្នកដំណើរ​ច្រើន​រូប​ទៅកាន់​ទី​អវកាស នៅក្នុង​អំឡុងពេល ចាប់ពី​ខែកញ្ញា ដល់​ខែតុលា ឆ្នាំ 2021៕

ប្រភព៖ Space
ប្រែ​សម្រួល៖ បុត្រា

Advertisement