ក្រុមហ៊ុន​ស៊ុយអែត អភិវឌ្ឍ​យន្តហោះ ប្រើ​ម៉ាស៊ីន​អគ្គិសនី​តម្លៃ​ទាប​ជាង 20 ដង ធៀប​នឹង​ម៉ាស៊ីន​ទួ​រ​ប៊ី​ន​កង្ហារ​ធម្មតា

(ស៊ុយអែត)-យន្តហោះ​អគ្គិសនី ES-19 ដែល​នឹង​ផ្ដល់​សេវាកម្ម​ដឹក​អ្នកដំណើរ​ផ្លូវ​ជិត អាច​ដឹក​ភ្ញៀវ​បាន 19 នាក់ និង​អាចធ្វើ​ដំណើរ​បាន​រយៈ​ចម្ងាយ 400 គីឡូម៉ែត្រ។

ក្រុមហ៊ុន​បច្ចេកវិទ្យា​ថ្មី Heart Aerospace របស់​ប្រទេស ស៊ុយអែត កំពុង​អភិវឌ្ឍ​យន្តហោះ ES-19 ដំណើរការ​ទាំងស្រុង​ដោយ​អគ្គិសនី និង​សម្រាប់​ដឹក​អ្នកដំណើរ​ក្នុង​រយៈ​ចម្ងាយ​ផ្លូវ​ជិត ដែល​បច្ចុប្បន្ន​មិនមាន​សក្ដានុពល​ផ្នែក​សេដ្ឋកិច្ច​សម្រាប់​ប្រភេទ​យន្តហោះ​ធម្មតា។ នេះ​បើតាម​សារព័ត៌មាន New Atlas ចេញផ្សាយ​កាលពី​ថ្ងៃទី 19 កក្កដា។ Heart Aerospace ទើបតែ​រកបាន​អ្នកវិនិយោគ​ថ្មី​ជាច្រើន ក្នុងនោះ​មាន United Airlines ផងដែរ។ ក្រុមហ៊ុន United Airlines គ្រោង​នឹង​បញ្ជា​ទិញ ES-19 ចំនួន 100 គ្រឿង ដើម្បី​ប្រើប្រាស់​ក្នុងពេល​អនាគត។

យន្តហោះ​អគ្គិសនី ត្រូវការ​ពេលវេលា​យូរ​ទៀត ទើប​អាច​ផ្ដល់​សេវាកម្ម​ដឹកជញ្ជូន​ផ្លូវ​ឆ្ងាយ ឬ​ដំណើរ​ហោះហើរ​ជា​អន្តរជាតិ ដូច​ទៅនឹង​យន្តហោះ​ពាណិជ្ជកម្ម​នាបច្ចុប្បន្ន ដោយសារតែ​បច្ចេកវិទ្យា​ថាមពល​អាគុយ​មានកំណត់។ ប៉ុន្តែ ពួកវា​មាន​សក្ដានុពល​ខ្លាំងក្លា នៅពេល​ដឹកជញ្ជូន​ផ្លូវ​ជិត។ ES-19 ត្រូវបាន​អភិវឌ្ឍ​ឡើង ដើម្បី​ឆ្លើយតប​នឹង​គោលដៅ​នេះ។

ក្រុមហ៊ុន Heart Aerospace បានឱ្យដឹងថា ម៉ាស៊ីន​ប្រើ​អគ្គិសនី​របស់ ES-19 មានតម្លៃ​ទាប​ជាង 20 ដង បើ​ធៀប​នឹង​ម៉ាស៊ីន​ទួ​រ​ប៊ី​ន​កង្ហារ​ធម្មតា ហើយ​ការចំណាយ​លើ​ការថែទាំ​ក៏​ទាប​ជាង 100 ដង​ផងដែរ។

ES-19 អាច​ដឹក​ភ្ញៀវ​បាន 19 នាក់ ដោយ​ហោះហើរ​ក្នុង​រយៈ​ចម្ងាយ​ផ្លូវ 400 គីឡូម៉ែត្រ។ រយៈ​ចម្ងាយ​នេះ​នឹងត្រូវ​កើនឡើង នៅពេល​បច្ចេកវិទ្យា​អាគុយ​នាពេល​អនាគត រីកចម្រើន​ជាង​នេះ។ ES-19 អាច​ហោះ​ឡើង​ពី​ផ្លូវ​រត់​ប្រវែង​ត្រឹម 750 ម៉ែត្រ។ វា​ក៏​អាច​ដឹក​អ្នកដំណើរ​ឆ្លងកាត់​ភ្នំ ឬ​ពី​កោះ​មួយ​ទៅ​កោះ​មួយ ជា​តំបន់​ដែល​ពិបាក​ធ្វើដំណើរ​ដោយ​ផ្លូវគោក។ នេះ​បើតាម Heart Aerospace។

តាម​ផែនការ Heart Aerospace នឹង​បង្ហើយ​កិច្ចការ​រចនា​រូបរាង​សម្រាប់ ES-19 នៅក្នុង​ឆ្នាំ 2023 និង​ធ្វើការ​ហោះហើរ​ដំបូង​នៅក្នុង​ត្រីមាស​ទីមួយ ឆ្នាំ 2024។ ក្រុមហ៊ុន​នេះ ក៏​សង្ឃឹមថា ម៉ូ​ដែល​យន្តហោះ​ថ្មី​របស់ខ្លួន នឹង​ទទួលបាន​លិខិតអនុញ្ញាត​ពី​អាជ្ញាធរ នៅក្នុង​ឆ្នាំ 2026 ហើយ​ដំណើរការ​ជា​ផ្លូវការ​ចាប់ពី​ត្រីមាស​ទី 4 ក្នុង​ឆ្នាំ​ដដែល៕

ប្រភព៖ New Atlas
ប្រែ​សម្រួល៖ បុត្រា

Advertisement