ពាណិជ្ជកម្ម អាមេរិក-ចិន ល្អ​ដូច​មិន​ធ្លាប់មាន​ភាព​តានតឹង និង COVID-19

យោងតាម​សារព័ត៌មាន Bloomberg សហរដ្ឋអាមេរិក និង​ចិន កំពុង​ដោះដូរ​ទំនិញ​ក្នុង​ល្បឿន​លឿន​បំផុត ធៀប​នឹង​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ ហើយ​ប្រៀបដូចជា​ពុំ​ធ្លាប់មាន​សង្គ្រាម​ពាណិជ្ជកម្ម ឬ​វីរុស COVID-19 ដូច្នោះ​ដែរ។

រយៈពេល 18 ខែ បន្ទាប់ពី​អាជ្ញាធរ​របស់លោក Trump បាន​ចុះ​កិច្ចព្រមព្រៀង​ផ្អាក​សង្គ្រាម​ពាណិជ្ជកម្ម កង្វះ​ផ្នែក​ពាណិជ្ជកម្ម​របស់ សហរដ្ឋអាមេរិក នៅតែ​មិនទាន់បាន​កាត់បន្ថយ ក្នុងនោះ ការយកពន្ធ​នានា នៅតែ​ត្រូវបាន​អនុវត្ត ហើយក៏​មិនទាន់មាន​កិច្ចចរចា​ណាមួយ​ស្ដីពី​បញ្ហា​សេដ្ឋកិច្ចផ្សេងៗនៅឡើយ។ ប៉ុន្តែ ពាណិជ្ជកម្ម​ទ្វេភាគី គឺជា​វិស័យ​ដែលមាន​ស្ថិរភាព នៅក្នុង​ស្ថានការណ៍​ដែល​ទំនាក់ទំនង​របស់​ប្រទេស​ទាំង 2 បន្ត​អាក្រក់ឡើងៗ ទាក់ទិន​នឹង​បញ្ហា​ប្រភព​របស់​វីរុស COVID-19 បញ្ហា​ហុងកុង និង តៃវ៉ាន់ ។ល។

កាលពី​ខែកុម្ភ ឆ្នាំ 2020 ចំណូល​បានមកពី​វិស័យ​ពាណិជ្ជកម្ម រវាង អាមេរិក-ចិន បាន​ថយចុះ 19 ពាន់​លាន​ដុល្លារ ដោយសារតែ​ចិន​បាន​បិទ​រោងចក្រ​ជាច្រើន ព្រោះតែ​រោគរាតត្បាត។ ប៉ុន្តែ យោងតាម​ទិន្នន័យ​ផ្លូវការ​របស់​ចិន តួលេខ​នេះ​បាន​ងើប​ឡើងដល់​កំណត់ត្រា​ថ្មី​ក្នុង​ឆ្នាំ 2020។ ការ​ងើបឡើង​នេះ ទំនងជា​នឹង​នៅតែ​បន្ត គ្រា​ដែល​ចិន ទិញ​កសិផល​រាប់លាន​តោន​ពី សហរដ្ឋអាមេរិក នៅក្នុង​ឆ្នាំនេះ និង​ឆ្នាំក្រោយ ទន្ទឹមនឹង​ការដែល​ពលរដ្ឋ​អាមេរិក​ដែល​នៅជាប់​ក្នុងផ្ទះ នៅតែ​បន្ត​ទិញ​ទំនិញ​យ៉ាងច្រើន​មិន​ធ្លាប់មាន​ពីមុនមក។

សកម្មភាព​ពាណិជ្ជកម្ម​មមាញឹក​ឡើងវិញ បើទោះជា​មានការ​ព្យាករ​ទាក់ទង​នឹង​បញ្ហា​ពន្ធដា ក្នុងនោះ តម្លៃ​ខ្ទង់សែន​លាន​ដុល្លារ​នៃ​ទំនិញ​របស់​ចិន នឹងត្រូវ​ចែករំលែក​ដល់​បណ្ដា​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់។ ប៉ុន្តែ ភាគី​ទាំងពីរ បាន​រៀន​រស់​ជាមួយនឹង​ប្រភេទ​ពន្ធផ្សេង។ បណ្ដា​ក្រុមហ៊ុន​ចិន បញ្ជា​ទិញ​ទំនិញ​ច្រើនជាង​មុន ដើម្បី​ឆ្លើយតប​នឹង​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​ស្ដីពី​ពាណិជ្ជកម្ម ឆ្នាំ 2020។ ចំណែក សហរដ្ឋអាមេរិក វិញ ទិញ​ទំនិញ​ទាំងឡាយណា​ដែល​ខ្លួន​មិនអាច​ទិញ​ពី​កន្លែង​ផ្សេង ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​របស់​គ្រួសារ​នានា ដោយ​ប្រើប្រាស់​កញ្ចប់​ជំនួយ​សេដ្ឋកិច្ច​រាប់លាន​លាន​ដុល្លារ​របស់​រដ្ឋាភិបាល។

ទំនិញចិន ដែលបាននាំចូល សហរដ្ឋអាមេរិក កើនឡើងខ្ពស់ជាង​ទំនិញ​ដែល​បាន​នាំ​ពី​ សហរដ្ឋ​អាមេរិក​ មក​ប្រទេស​ ចិន​

«យើង​ឃើញថា តម្រូវការ​ប្រើប្រាស់​យ៉ាងខ្លាំង​ក្លា កំពុងតែ​កើតមានឡើង​នៅក្នុង​រដូវ COVID-19 ហើយ​ផលិតផល​នាំចូល ក៏​កំពុង​កើនឡើង​ខ្ពស់។ នោះ​ជា​សញ្ញា​បង្ហាញថា សេដ្ឋកិច្ច​នៅតែ​បន្ត​ងើបឡើង» លោក Jonathan Gold អនុប្រធាន​ផ្នែក​ផ្គត់ផ្គង់ និង​គោលនយោបាយ​ពន្ធដា នៃ​ក្រុមហ៊ុន National Retail Federation ឱ្យដឹង​ដូច្នេះ។

ក្នុងដំណាក់កាល​ដូចគ្នា ទំនិញ​ដែល​នាំចូល​ពី​កូរ៉េខាងត្បូង និង​តៃវ៉ាន់ ទៅកាន់ សហរដ្ឋអាមេរិក ក៏បាន​កើនឡើង​ខ្ពស់​ផងដែរ។ ប៉ុន្តែ ជិត​ពាក់កណ្ដាល​ក្នុងចំណោម​ទំនិញ​តម្លៃ 259 ពាន់​លាន​ដុល្លារ ដែល​ចេញចូល​តាម​កំពង់ផែ Los Angeles (កំពង់ផែ​ធំ​បំផុត​របស់​អាមេរិក) មាន​ជាប់ទាក់ទង​នឹង​ប្រទេស​ចិន និង ហុងកុង។

Jonathan Gold និយាយថា «ពន្ធដា និង​ថ្លៃ​ដឹកជញ្ជូន​កើនឡើង សុទ្ធតែ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ក្រុមហ៊ុន​នានា។ រដ្ឋាភិបាល​របស់លោក Biden បច្ចុប្បន្ន​មិនទាន់​ឱ្យដឹងថា តើ​នឹង​អនុវត្ត​កិច្ចព្រមព្រៀង​បន្តទៀត ឬ​យ៉ាងណា​នៅឡើយ ប៉ុន្តែ កំពុងតែ​ពិចារណា​អំពី​គោលនយោបាយ​របស់ សហរដ្ឋអាមេរិក ចំពោះ ចិន ទាក់ទង​នឹង​បញ្ហា​ពាណិជ្ជ​កម្មនេះ៕

ប្រភព៖ Bloomberg
ប្រែ​សម្រួល៖ បុត្រា

Advertisement