គូស្នេហ៍​​ក្លាយជា​សេដ្ឋី​មុន​វ័យ 20 ឆ្នាំ ៖ Startup តាំងពី​រៀន​នៅ​វិទ្យាល័យ និង​តែង​គោរព​តាម​គោលការណ៍ «ចាយ​កម្រិតណា វិនិយោគ​កម្រិត​នោះ» ដើម្បី​ក្លាយជា​អ្នកមាន

Dalton Ng និង Joella Lum បច្ចុប្បន្ន រស់នៅ​ជាមួយគ្នា​ក្នុង​ខុន​ដូ​មួយ​ដ៏​សុខសាន្ត ដោយសារ​ពួកគេ​សុទ្ធតែជា​សេដ្ឋី​ដែល​រកស៊ី​មានបាន​ពី​បាត់​ដៃទទេ ហើយ​បច្ចុប្បន្ន ពួកគេម្នាក់ៗ មានទ្រព្យ​ចាប់ពី 2 ដល់ 3 លាន​ដុល្លារ​អាមេរិក។

សេដ្ឋី Dalton Ng (វ័យ 20 ឆ្នាំ) និង​សេដ្ឋិនី Joella Lum (វ័យ 19 ឆ្នាំ) ពុំមែន​ជា​គូស្នេហ៍​ដែល​ស្រលាញ់គ្នា​ធម្មតា​នោះទេ។ Joella បានឱ្យដឹងថា អ្នក​ទាំងពីរ​សុទ្ធតែជា​មនុស្ស​ដែល​ចូលចិត្ត​ភាព​ឯករាជ្យ និង​មាន «ឈាម» ជា​អ្នកជំនួញ​តាំងតែ​ពី​ក្មេង។ «អ្នក​ដឹងថា មានក្មេងៗដែល​រៀន​នៅ​បឋមសិក្សា ទិញ​ប្រដាប់​លុប 1 កញ្ចប់ ហើយ​លក់រាយ​ទៅវិញ​ដើម្បី​រកប្រាក់​ចំណេញ​ដែរ​ទេ? ពួកយើង​គឺជា​មនុស្ស​ប្រភេទ​នោះ»។

គ្រា​ដែល​មនុស្ស​ជាច្រើន​ក្នុង​វ័យ​ប្រហាក់ប្រហែល​នឹង Dalton Ng និង Joella Lum សុទ្ធតែ​កំពុងធ្វើការ​រកប្រាក់​ទៅតាម​ម៉ោង Dalton Ng និង Joella Lum បែរជា​រកបាន​ប្រាក់​ពី 70,000 ដល់ 150,000 ក្នុងមួយខែៗ ពី​សកម្មភាព​ជំនួញ​មួយចំនួន និង​ការវិនិយោគផ្សេង។

ចំពោះ Joella Lum វិញ នាង​កំពុង​គ្រប់គ្រង​ហាង​មួយចំនួន​នៅលើ​ផ្សារ​អន​ឡាញ Shopify។ នាង​ក៏​ទទួលបន្ទុក​ក្នុងការ​វិនិយោគ​លើ​មូល​ប​ត្រ និង​រូបិយវត្ថុ​ឌីជីថល របស់​អ្នក​ទាំងពីរ​ផងដែរ។

ដោយសារតែ​ការប្រឹងប្រែង និង​ព្យាយាម ពេលដែល Joella ទើបតែ​មាន​វ័យ 18 ឆ្នាំ ហើយ Dalton វ័យ 19 ឆ្នាំ ពួកគេ​ក៏មាន​លទ្ធភាព​ចេញ​រស់នៅ​ខាងក្រៅ និង​មាន​ប្រាក់​សល់​សម្រាប់​ទិញ​ផ្ទះ ក៏ដូចជា​មធ្យោបាយ​ធ្វើដំណើរ​មួយចំនួន បម្រើ​ដល់​កិច្ចការជំនួញ។

ខាងក្រោម​នេះ​គឺជា​ការណែនាំ​មួយចំនួន​របស់ Dalton Ng និង Joella Lum ជូន​ចំពោះ​យុវជន យុវនារី ដែល​ទើបតែ​ពេញវ័យ និង​ចង់​ក្លាយជា​អ្នកមាន៖

1-ឆាប់​ចាប់ផ្ដើម

Dalton Ng និង Joella Lum មិនមែន​ក្លាយជា​អ្នកមាន​ក្រោយ​រយៈពេល​តែមួយ​យប់​នៅទេ ប៉ុន្តែ ពួកគេ​បានចាប់ផ្ដើម​មុខ​ជំនួញ​តាំងតែ​ពី​នៅ​រៀន​វិទ្យាល័យ រួមផ្សំ​នឹង​ទម្លាប់​សន្សំសំច័យ និង​ការវិនិយោគ​បន្ថែម​ដើម្បី​ទទួលបាន​ប្រាក់ចំណូល​ខ្ពស់។

Joella ចាប់ផ្ដើម​ធ្វើ​ជំនួញ​ដោយ​ការលក់​សម្លៀកបំពាក់​ដែល​បាន​ទិញ​ពី​ហាង H&M និង Cotton On នៅលើ​គេហទំព័រ Carousell និង​រកបាន​ប្រាក់​រាប់ពាន់​ដុល្លារ​តាំងតែ​ពី​នៅ​រៀន​វិទ្យាល័យ។ ចំណែក Dalton វិញ បាន​ធ្វើជា​អ្នកសរសេរ​កូដ ក៏ដូចជា​អភិវឌ្ឍ​កម្មវិធី (App) តាំងពី​នៅ​រៀន​អនុវិទ្យាល័យ ហើយ​រកបាន​ប្រហែល 10,000 ដុល្លារ​ពី​គម្រោងនីមួយ។

2-ចាយវាយ​ដោយ​ការទទួលខុសត្រូវ

ការចាយវាយ​សម្រាប់​ជីវិត​លំដាប់​ខ្ពស់ គឺជា ការទាក់ទាញ​ចំពោះ​មនុស្ស​គ្រប់រូប​ដែល​រកបាន​ប្រាក់​ច្រើន​ដូចជា Dalton  និង Joella។ ប៉ុន្តែ គូស្នេហ៍​នេះ ឆាប់​ចាប់ផ្ដើម​ចេះ​ចាយវាយ​ដោយមាន​ការទទួលខុសត្រូវ និង​តែង​គោរព​ទៅតាម​គោលការណ៍ «ចាយ​កម្រិតណា វិនិយោគ​កម្រិត​នោះ។

3-ស្រាវជ្រាវ​ទីផ្សារ​ឱ្យបាន​ច្បាស់លាស់ និង​មិន​វិនិយោគ​ច្រើនជាង​ប្រាក់​ដែល​អ្នក​អាច​បាត់បង់

បច្ចុប្បន្ន មាន​យុវវ័យ​ជាច្រើន បាន​លោត​ទៅ​វិនិយោគភ្លាមៗ បន្ទាប់ពី​បាន​មើល​វីដេអូ​មួយចំនួន​នៅលើ Youtube ពិសេស​គឺ​ទាក់ទង​នឹង​ផ្សា​រមូល​ប​ត្រ។ ប៉ុន្តែ Dalton និង Joella សង្កត់ធ្ងន់ថា ប្រការនេះ​នាំឱ្យ​យើង​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់។ ផ្ទុយទៅវិញ អ្នក​ត្រូវតែ​ស្វែងយល់​ឱ្យបាន​ច្បាស់លាស់ មុននឹង​ធ្វើការ​វិនិយោគ។

Dalton និយាយថា៖ «អ្នក​មិនគួរ​វិនិយោគ​ទៅលើ​អ្វីដែល​ខ្លួន​មិន​យល់ច្បាស់ សូម្បីតែ​រូបិយវត្ថុ​ឌីជីថល។ មុនពេល​ទិញ​រូបិយវត្ថុ​ឌីជីថល ខ្ញុំ​បាន​ស្វែងយល់​អំពី​វា តាំងពី​នៅ​រៀន​អនុវិទ្យាល័យ»៕

ប្រភព៖ Asia One
ប្រែ​សម្រួល៖ បុត្រា

Advertisement