Apple ឈរ​ស្ងៀម នៅតែ​ត្រូវ Elon Musk ដៀមដាម​រហូតដល់​ពី​រលើ​ក នៅក្នុង​ថ្ងៃ​ប្រកាស​លទ្ធផល​អាជីវកម្ម​របស់ Tesla

មហាសេដ្ឋី​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង លោក Elon Musk ទើបតែ​បាន​ឌឺដង ដៀមដាម​ជា​សាធារណៈ ឱ្យ Apple នៅក្នុង​ថ្ងៃ​ប្រកាស​លទ្ធផល​អាជីវកម្ម​របស់ Tesla។

សារព័ត៌មាន CNBC បាន​រាយការណ៍​ថា CEO របស់​ក្រុមហ៊ុន Tesla គឺ​លោក Elon Musk បាន​និយាយ​ចំអក​ឱ្យ «អ្នកជិតខាង» នៅក្នុង​ជ្រលង Silicon (Apple) រហូតដល់ 2 លើក នៅក្នុង​កិច្ចប្រជុំ​ប្រកាស​លទ្ធផល​អាជីវកម្ម​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla កាលពី​ម្សិលមិញ។

ក្រុមហ៊ុន Tesla និង Apple មិនទាន់មាន​ការប្រកួត​ប្រជែង​ផ្ទាល់​ជាមួយគ្នា​នៅឡើយ។ ប៉ុន្តែ ថ្មីៗនេះ Apple បាន​បង្ហើប​ឱ្យដឹងថា ខ្លួន​កំពុង​អភិវឌ្ឍ​រថយន្ត​អគ្គិសនី​បើកបរ​ស្វ័យប្រវត្ត។ Apple ក៏បាន​ទាក់ទាញ​វិស្វករ និង​មេដឹកនាំ​ជាន់ខ្ពស់​ជាច្រើន​នាក់ ពី Tesla ធ្វើឱ្យ​ទំនាក់ទំនង​របស់​ក្រុមហ៊ុន​ទាំងពីរ មាន​ភាព​តានតឹង។ គម្រោង​ផលិត​រថយន្ត​អគ្គិសនី បើកបរ​ស្វ័យប្រវត្ត​ដែលមាន​ឈ្មោះថា Titan របស់ Apple ក៏​កំពុង​ត្រូវបាន​ដឹកនាំ​ដោយ Doug Field ដែល​បានមក​ធ្វើ​ការឱ្យ Apple តាំងពី​ឆ្នាំ 2018 បន្ទាប់ពី​នៅ​ជាមួយ Tesla បាន 5 ឆ្នាំ។

«ខ្ញុំ​គិតថា Apple ប្រើប្រាស់​ធាតុគីមី cobalt 100% សម្រាប់​ថ្ម​ទូរស័ព្ទ និង​កុំព្យូទ័រ​យួរដៃ​របស់​ពួកគេ ប៉ុន្តែ Tesla វិញ មិន​ដូច្នោះ​ទេ។ តាម​គណនា យើង​ប្រើប្រាស់​តែ 2% ប៉ុណ្ណោះ ធៀប​នឹង Apple។ ដូច្នេះ យើង​មិន​រង​ផលប៉ះពាល់​ច្រើន​ឡើយ នៅពេល​បណ្ដាញ​ផ្គត់ផ្គង់ (cobalt) ត្រូវ​ច្របូកច្របល់» នៅក្នុង​កិច្ចប្រជុំ ប្រកាស​លទ្ធផល​អាជីវកម្ម មហាសេដ្ឋី Elon Musk បាន​ឆ្លើយតប​នឹង​សំណួរ ស្ដីពី​បណ្ដាញ​ផ្គត់ផ្គង់​របស់ Tesla។

មួយ​ភាគ​នៃ​បរិមាណ cobalt ត្រូវបាន​ជីក​រុករក​នៅក្នុង​ប្រទេស​ជាច្រើន មានដូចជា កុង​ហ្គោ ជាដើម ទទួលរង​ការរិះគន់​ច្រើន ទាក់ទិន​នឹង​បញ្ហា​បំពាន​កម្លាំង​ពលកម្ម​កុមារ និង​រំលោភ​សិទ្ធិមនុស្ស។ ឆ្នាំ 2019 Apple និង Tesla រួម​នឹង​ក្រុមហ៊ុន​បច្ចេកវិទ្យាធំៗជាច្រើន​ផ្សេងទៀត ត្រូវបាន​គេ​ហៅថា ជនជាប់ចោទ នៅក្នុង​បណ្ដឹង​មួយ ទាក់ទង​នឹង​សិទ្ធិមនុស្ស។

ចំពោះ​ខ្លួនឯង​វិញ នៅក្នុង​របាយការណ៍​មួយ​ដែល​ត្រូវបាន​ប្រកាស​កាលពីដើម​ឆ្នាំនេះ Apple បានឱ្យដឹងថា ខ្លួន​បានប្រកាស​បញ្ជី​ឈ្មោះ​ប្រភេទ​រ៉ែ និង​រោងចក្រ​រំលាយ ចម្រាញ់ cobalt ទាំងអស់​ដែល​ខ្លួន​បាន​សហការ។ ជាង​នេះ គ្រប់​រោងចក្រ​ផ្គត់ផ្គង់ cobalt របស់ Apple សុទ្ធតែ​បាន​ចូលរួម​ការធ្វើ​សវនកម្ម​កាលពី​ឆ្នាំ 2020 ។ តំណាង​របស់ Apple មិនបាន​បញ្ចេញយោបល់ ទាក់ទង​នឹង​ការ​ឡកឡាយ​របស់ Elon Musk នោះទេ។

Elon Musk បន្ត​វាយប្រហារ Apple ជា​លើក​ទី​ពីរ នៅក្នុងពេល​ដំណាលគ្នា​នោះ។ Musk និយាយ​អំពី «Walled Garden» (សួន​ដែល​ត្រូវបាន​ការពារ​ដោយ​ជញ្ជាំង ឬ ជញ្ជាំង​សុវត្ថិភាព) របស់ Apple។ (Apple ប្រើប្រាស់​បច្ចេកវិទ្យា​ផ្ទាល់ខ្លួន ជំនួស​ឱ្យ​បច្ចេកវិទ្យា​យកមក​ពី​ខាងក្រៅ)។

លោក Musk យល់ថា «walled garden» ដែល​ត្រូវបាន​ដាក់ឈ្មោះ​ដូច្នេះ ក៏​ព្រោះតែ Apple គ្រប់គ្រង​យ៉ាង​ម៉ត់ចត់ ចំពោះ​ផ្នែក​ទន់​ទាំងឡាយណា​ដែល​ត្រូវ​ដំឡើង​នៅលើ iPhone តាមរយៈ App Store របស់​ពួកគេ។ បច្ចុប្បន្ន Walled Garden របស់ Apple កំពុង​ប្រឈម​នឹង​ការត្រួតពិនិត្យ តាមដាន ពី​សំណាក់​ក្រុម​អ្នកតាក់តែង​ច្បាប់ និង​ក្រុមហ៊ុនផ្សេងៗ រួមទាំង​សវនាការ​ប្រឆាំងនឹង​សិទ្ធិផ្ដាច់មុខ​មួយ​ផងដែរ បន្ទាប់ពី Epic Games បាន​ប្ដឹង​ជំទាស់​នឹង​គោលការណ៍ និង​ការយកថ្លៃ​របស់ App Store។

ពេល​ត្រូវបាន​សួរ​អំពី​ការដែល Tesla អនុញ្ញាតឱ្យ​គូប្រជែង​នានា ប្រើប្រាស់​ប្រព័ន្ធ​បញ្ចូល​ថាមពល​របស់​ពួកគេ លោក Musk និយាយថា៖ «យើង​ចង់​សង្កត់ធ្ងន់ថា គោលដៅ​របស់​ក្រុមហ៊ុន​គឺ គាំទ្រ​ដល់​វត្តមាន​របស់​ថាមពល​ឋិតថេរ (ថាមពល​ស្អាត) ពោលគឺ​មិនបង្កើត Walled Garden និង​ប្រើប្រាស់​វា​ដើម្បី​ផាត់​ចោល​គូប្រជែង ដូច​ក្រុមហ៊ុន​មួយចំនួន​កំពុង​ធ្វើ​នោះឡើយ»។

ឆ្លើយ​រួច លោក Elon Musk ក៏​គ្រហែម និង​បន្ត​និយាយថា៖ «Apple»៕

ប្រភព៖ CNBC
ប្រែ​សម្រួល៖ បុត្រា

Advertisement