តម្លៃ​មូលធន​របស់ Facebook បាត់អស់ 40 ពាន់​លាន​ដុល្លារ ក្រោយ Zuckerberg ថា «ពេលខាងមុខ Facebook ពិបាក​រស់» ប៉ុន្តែ Zuckerberg​ នៅ​មាន​ «អាវុធ» ពិសេស​មួយ​ទៀត

Facebook កំពុង​ក្ដោប​ក្ដាប់​អ្នកប្រើប្រាស់ 2.9 ពាន់​លាន​នាក់​ក្នុង​ដៃ នៅក្នុង 1 ត្រីមាស។ ហេតុអ្វី​បានជា មហា​សេដ្ឋី​ Mark Zuckerberg និយាយថា «ពេលខាងមុខ Facebook នឹង​ពិបាក​រស់» ទៅវិញ?

សារព័ត៌មាន CNN អះអាងថា សកម្មភាព​អាជីវកម្ម​របស់ Facebook កំពុងតែ​ហោះ​ឡើង​ខ្ពស់បំផុត ប៉ុន្តែ ស្ថានភាព​ល្អប្រសើរ​នេះ ទំនងជា​ស្ថិតនៅ​មិនបាន​យូរអង្វែង​ឡើយ។

Facebook ទើបតែ​បានប្រកាសថា រកបាន​ចំណូល​ជិត 29.1 ពាន់​លាន​ដុល្លារ នៅក្នុង​អំឡុង 3 ខែ ដែល​បានបញ្ចប់​កាលពី​ថ្ងៃទី 30 មិថុនា កើន 56% ធៀប​នឹង​ដំណាក់កាល​ដូចគ្នា កាលពី​ឆ្នាំ 2020។ ប្រាក់ចំណេញ​របស់ Facebook ក៏​កើនឡើង​ទ្វេដង (10.4 ពាន់​លាន​ដុល្លារ) ខ្ពស់ជាង​ឆ្ងាយ បើ​ធៀប​នឹង 8.7 ពាន់​លាន​ដុល្លារ ដែល​ក្រុម​អ្នកជំនាញ​បាន​ព្យាករ។

ក៏ប៉ុន្តែ ចក្ខុវិស័យ​សម្រាប់​ពាក់កណ្ដាល​ចុងឆ្នាំ 2021 នេះ ហាក់​មិនល្អ​ប្រសើរ។ នេះ​បើតាម​ការអះអាង នៃ CFO របស់ Facebook លោក David Wehner។

ល្បឿន​នៃ​កំណើន​ប្រាក់ចំណូល កំពុង​ថយចុះ ដោយសារតែ «ការផ្លាស់ប្ដូរ​គោលការណ៍ និង​ថ្នាល​បច្ចេកវិទ្យា» (ដែល​នេះ​ចង់​សំដៅលើ​ការកំណត់​ថ្មី​នៅលើ​ប្រព័ន្ធ​ប្រតិបត្តិ iOS របស់ Apple។ ការប្ដូរ​ផ្លាស់​ដែល​បាន​អនុវត្ត​ចាប់ពី​ខែមេសា នេះ ទំនងជា​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អាជីវកម្ម​របស់ Facebook នៅក្នុង​ត្រីមាស​ទី 3 ។

ជាក់ស្ដែង Apple បានប្រកាស​ការកែលំអ​មួយចំនួន​សម្រាប់ iOS 15។ ក្នុងនោះ អ្នកប្រើប្រាស់​ឧបករណ៍ iOS អាច​ប្រើ Facetime ដែលជា​កម្មវិធី​ហៅ​ទូរស័ព្ទ​ជា​វីដេអូ ដោយ​ការប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត រវាង​ឧបករណ៍ iOS មុនៗ ជាមួយនឹង​ឧបករណ៍ Android និង Window។

ក្រៅពីនេះ អ្នកប្រើប្រាស់​ក៏​អាច​ប្រើ​កម្មវិធី​ថ្មី SharePlay ដែលមាន​មុខងារ​ចែករំលែក​ចម្រៀង រូបថត ឬ​មើល livestream ក្នុងពេល​កំពុង​រង់ចាំ​ការហៅ​ទូរស័ព្ទ​ដោយ​កម្មវិធី Facetime។ កម្មវិធី​ផ្ញើ​សារ​តាម​អ៊ី​ន​ធើ​ណិ​ត iMessage រវាង​ឧបករណ៍ iOS មុន​នោះ ក៏ត្រូវ​បាន​កែលំអ ឱ្យមាន​ភាពងាយស្រួល​ជាង​មុន ក្នុងការ​ចែករំលែក​តំណ​ភ្ជាប់ រូបថត ចម្រៀង ឬ​អាសយដ្ឋាន​ទំនាក់ទំនង​ផងដែរ។

ការកែលំអ​ទាំងឡាយ​ខាងលើ​របស់ Apple បាន​វាយប្រហារ​ខ្លាំងក្លា​ទៅលើ​វិស័យ​ដែល Facebook កំពុង​​រកស៊ី​ ដោយ​សារ​តែ​អ្នកប្រើប្រាស់​ឧបករណ៍ Android ពេលនេះ អាច​ប្រើ Facetime បាន។

ក្រោយ​ពេលចេញ​របាយការណ៍​ស្ដីពី​លទ្ធផល​អាជីវកម្ម តម្លៃ​មូល​ប​ត្រ​របស់ Facebook បាន​ធ្លាក់ចុះ​ជិត 4% ដែល​ប្រហាក់ប្រហែល​នឹង 40 ពាន់​លាន​ដុល្លារ។

ប៉ុន្តែ យ៉ាងណាក៏ដោយ Facebook នៅតែ​រីកចម្រើន។ Facebook មាន​អ្នកប្រើប្រាស់​ជាង 2.9 ពាន់​លាន​នាក់ នៅក្នុង​ត្រីមាស​កន្លង កើន 7% ធៀប​នឹង​ឆ្នាំមុន។

ក្នុង​អនាគត Zuckerberg មានបំណង​កសាង​កំណែ Facebook ធំ​ជាង​នេះ ដោយ​ពង្រីក​វិសាលភាព​ឱ្យ​កាន់តែ​ធំ ទៅក្នុង​វិស័យ​កំសាន្ត ការបំពេញ​ការងារ បណ្ដាញ​សង្គម។ល។

ម្ចាស់ Facebook និយាយថា៖ «ប្រការ​ដែល​ខ្ញុំ​យល់ថា អស្ចារ្យ​បំផុត នោះ​គឺ ធ្វើយ៉ាងណា​ដើម្បី​នាំយក​វិស័យ​ទាំងឡាយ (ដែល Facebook កំពុង​ធ្វើ) គួបផ្សំ​ជាមួយគ្នា ជា​គំនិត​ដ៏​ធំ​មួយ។ គោលដៅ​ជារួម នោះ​គឺ នាំយក Metaverse ចូលទៅក្នុង​ការរស់នៅ​ប្រចាំថ្ងៃ»។

Metaverse នឹង​នាំមក​នូវ​ឱកាស​ដ៏​ធំ សម្រាប់​អ្នក​ផលិត​ខ្លឹមសារ សិល្បករ​ឯករាជ្យ អ្នក​ដែល​ចង់​ធ្វើការ​ពី​ចម្ងាយ ក៏ដូចជា​ក្រុមមនុស្ស​ដែល​រស់នៅក្នុង​តំបន់​ដែល​ការអប់រំ ការកំសាន្ត មានកំណត់។ នេះ​បើតាម​មហាសេដ្ឋី Mark Zuckerberg៕

ប្រភព៖ CNN
ប្រែ​សម្រួល៖ បុត្រា

Advertisement