អតីតរដ្ឋមន្ត្រី​របស់ អា​ហ្វ​ហ្គា​នី​ស្ថាន ក្លាយជា អ្នក​ដឹកជញ្ជូន​ទំនិញ នៅ​ប្រទេស​អាល្លឺម៉ង់

Sadaat ធ្លាប់ជា​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​និង​ព័ត៌មានវិទ្យា​របស់ អា​ហ្វ​ហ្គា​នី​ស្ថាន មុនពេល​ទៅកាន់​ប្រទេស​អាល្លឺម៉ង់ កាលពី​ឆ្នាំ 2020 ហើយ​បច្ចុប្បន្ន លោក​គឺជា​បុគ្គលិក​ផ្នែក​ដឹកជញ្ជូន​ទំនិញ​មួយរូប​នៅ​ទីក្រុង Leipzig។

Syed Ahmed Shah Sadat អាយុ 49 ឆ្នាំ បានឱ្យដឹងថា មនុស្ស​មួយចំនួន​នៅឯ អា​ហ្វ​ហ្គា​នី​ស្ថាន រិះគន់​លោក ដោយសារតែ​ធ្វើការ​ជា​អ្នក​ប្រគល់​ទំនិញ​ដោយ​ជិះ​កង់។ ប៉ុន្តែ អតីតរដ្ឋមន្ត្រី​របស់ អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​បាន​ចប់​អាណត្តិ​កាលពី​ឆ្នាំ 2018 រូបនេះ យល់ថា ការងារ​ប្រគល់​ទំនិញ​គឺជា​ការងារ​ធម្មតា​ដូច​ទៅនឹង​ការងារផ្សេងៗទៀត។

«ខ្ញុំ​ពុំមាន​អារម្មណ៍​ថា​ខុសឆ្គង​អ្វី​នោះទេ» លោក Sadaat និយាយ​កាលពី​ថ្ងៃទី 26 សីហា នៅពេល​លោក​ស្លៀកពាក់​ឈុត​ពណ៌​ទឹកក្រូច អង្គុយ​ក្បែរ​កង់​មួយគ្រឿង។ «ខ្ញុំ​សង្ឃឹមថា អ្នកនយោបាយ​ផ្សេងទៀត ក៏​ធ្វើ​តាមរបៀប​ខ្ញុំ ជំនួស​ឱ្យ​ការលាក់ខ្លួន ពួន​អាត្មា»។

សារព័ត៌មាន Bild បាន​រាយការណ៍​ថា អតីតរដ្ឋមន្ត្រី Sadaat បានមក​កាន់​ប្រទេស​អាល្លឺម៉ង់ គឺ​ដើម្បី​គេច​ចេញពី​ក្រុម តា​លី​បង់។ រឿងរ៉ាវ​របស់ Sadaat កាន់តែ​ទទួលបាន​ចំណាប់អារម្មណ៍ ពិសេស​គឺ​នៅពេល អា​ហ្វ​ហ្គា​នី​ស្ថាន ស្ថិតក្នុង​ភាពវឹកវរ ក្រោយពី តា​លី​បង់ បាន​ចូល​គ្រប់គ្រង​ប្រទេស។ គ្រួសារ មិត្តភក្ដិ​របស់ Sadaat រួម​នឹង​ជនជាតិ អា​ហ្វ​ហ្គា​នី​ស្ថាន រាប់ម៉ឺន​នាក់ មានបំណង​ចាកចេញ​ពី​ប្រទេស តាមរយៈ​យន្តហោះ​ដឹក​ជនភៀសខ្លួន​នៅ​រដ្ឋធានី​កា​ប៊ុល។

នៅសល់តែ 4 ថ្ងៃ​ទៀត​ប៉ុណ្ណោះ ពោលគឺ​នៅ​ថ្ងៃទី 31 សីហា ខាងមុខ កាលបរិច្ឆេទ​ចុងក្រោយ​នៃ​ការ​ដកទ័ព​របស់ សហរដ្ឋអាមេរិក នឹងត្រូវ​បានបញ្ចប់​ជា​ស្ថាពរ។ ចំនួន​មនុស្ស​ដែល​បាន​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​អាល្លឺម៉ង់ បាន​កើន 130% រាប់​ចាប់ពី​ដើមឆ្នាំ។ នេះ​បើតាម​ការិយាល័យ​ជាតិ​ទទួលបន្ទុក​លើ​បញ្ហា​ជនភៀសខ្លួន​របស់ អាល្លឺម៉ង់។

អតីតរដ្ឋមន្ត្រី​របស់ អា​ហ្វ​ហ្គា​នី​ស្ថាន មាន​សញ្ញាបត្រ​ផ្នែក​ព័ត៌មានវិទ្យា និង​ទូរគមនាគមន៍ ហើយ​លោក​ក៏​ធ្លាប់មាន​សង្ឃឹមថា នឹង​រកបាន​ការងារ​សមស្រប​នៅ អាល្លឺម៉ង់។ ប៉ុន្តែ ឱកាស​មាន​តិចតួច​ណាស់ ដោយសារតែ​លោក​មិនចេះ​ភាសា​អាល្លឺម៉ង់។

Sadaat រៀន​ភាសា​អាល្លឺម៉ង់ 4 ម៉ោង​ក្នុង​មួយថ្ងៃ នៅឯ​សាលា​ភាសា​មួយ មុនពេល​ចេញទៅ​ប្រគល់​ទំនិញ​តាម​វេន​ដែល​អូសបន្លាយ​ពេល 6 ម៉ោង នៅពេល​ល្ងាច។ អតីតរដ្ឋមន្ត្រី​រូបនេះ បានចាប់ផ្ដើម​ការងារ​របស់ខ្លួន​តាំងពី​រដូវក្ដៅ​ឆ្នាំនេះ។

លោក Syed Ahmed Shah Sadat រៀបរាប់​អំពី​ការងារ​ប្រគល់​ទំនិញ​ដោយ​ការ​ជិះ​កង់​របស់លោក នៅក្នុង​ទីក្រុង​ថា៖ «ការងារ​ប៉ុន្មាន​ថ្ងៃ​ដំបូង​គឺ​ពិតជា​រឿង​លំបាក ប៉ុន្តែ សប្បាយ។ ការងារ​បង្រៀន​យើង»៕

Advertisement