«ផ្ទះបាយ​ខ្មោច» (Ghost Kitchens) កំពុង​ពេញនិយម​នៅ​តំបន់​អាស៊ី

ក្នុង «ផ្ទះបាយ​ខ្មោច» មួយកន្លែង នៅ​តំបន់ឧស្សាហកម្ម​ជាយក្រុង​តៃប៉ិ នៃ​កោះ​តៃវ៉ាន់ ក្រុម​ចុងភៅ​កំពុង​ញាប់ដៃ ញាប់ជើង ចម្អិន​អាហារ​ដែល​មិនត្រូវ​បាន​បម្រើ​អតិថិជន​នៅក្នុង​ភោជនីយដ្ឋាន​នោះទេ៖ ស្វាគមន៍​មកកាន់​ពិភពលោក «ផ្ទះបាយ​ខ្មោច»។

មុន COVID-19 មកដល់ វិស័យ​ប្រគល់​អាហារ​ដល់ផ្ទះ​អតិថិជន បាន​រីកចម្រើន​ណាស់​ទៅហើយ ប៉ុន្តែ នៅពេល​បម្រាម​គោចរ​ត្រូវបាន​អនុវត្ត បន្ទាប់ពី COVID-19 បង្ហាញខ្លួន វិស័យនេះ​បន្ត​រីកចម្រើន​ថែម​មួយកម្រិត​ទៀត​នៅ​ទ្វីបអាស៊ី។

នៅពេល​កម្មវិធី​ទូរស័ព្ទ (App) បញ្ជា​ទិញ និង​ប្រគល់​អាហារ​បាន​ផ្ទុះឡើង ក៏​មានន័យថា អតិថិជន​បាន​ស៊ាំ​នឹង​ការហៅ​មុខ​អាហារ ឬ​ភេសជ្ជៈ​ពី​ចម្ងាយ និង​ទទួលបាន​យ៉ាង​ឆាប់រហ័ស។ ឆ្លើយតប​នឹង​តម្រូវការ​នេះ ភោជនីយដ្ឋាន​កាន់តែច្រើនឡើងៗ នាំគ្នា​បង្កើត​សេវាកម្ម​លក់​អាហារ​ដោយ​មិន​បម្រើ​នៅនឹងកន្លែង ឬ​ហៅថា «ផ្ទះបាយ​ពពក» (cloud kitchens) ឬ «ផ្ទះបាយ​ខ្មោច» (ghost kitchens)។ ក្រោយមក មហា​រោគរាតត្បាត បានមក​ដល់ ធ្វើឱ្យ​មនុស្ស​រាប់ពាន់​លាន​នាក់​មិនអាច​ទៅកាន់​ភោជនីយដ្ឋាន​ដើម្បី​បរិភោគ។

«COVID-19 ពិតជា​បាន​ជំ​រុញឱ្យ​វិស័យនេះ​រីកចម្រើន​ខ្លាំងក្លា ពិតជា​ផ្ដល់​ផលប្រយោជន៍​ច្រើន​ដល់​យើងខ្ញុំ» Jason Chen នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន JustKitchen និយាយ​ដូច្នេះ។

JustKitchen ចាប់ផ្ដើម​ដំណើរការ «ផ្ទះបាយ​ខ្មោច» ដំបូង​នៅ តៃវ៉ាន់ ចាប់ពី​ដើមឆ្នាំ 2020។ បច្ចុប្បន្ន ក្រុមហ៊ុន​នេះ​មាន​សាខា​ចំនួន 17 នៅ កោះ​តៃវ៉ាន់, 1 កន្លែង​នៅ ហុងកុង និង​កំពុងមាន​គម្រោង​ពង្រីក​ទៅកាន់​ប្រទេស​ហ្វីលីពីន និង សិង្ហ​បុរី នៅ​ចុង​ឆ្នាំនេះ។

បណ្ដា​ក្រុមហ៊ុនធំៗក្នុង​វិស័យ​ដឹកជញ្ជូន​អាហារ​ក្នុង​តំបន់ ក៏បាន​ក្ដោប​ក្ដាប់​និន្នាការ​នេះ​បាន និង​បាន​ពង្រីក​ផ្ទះបាយ​ពពក​នៅ​ពាសពេញ​តំបន់ អាស៊ីអាគ្នេយ៍ ចាប់តាំងពី COVID-19 រាតត្បាត​ខ្លាំង។

បុគ្គលិក​របស់​ក្រុម​ហ៊ុន​ JustKitchen កំពុង​ញាប់​ដៃញាប់​ជើង

យោងតាម Researchchandmarkets.com វិស័យ «ផ្ទះបាយ​ខ្មោច» នៅ​ទូទាំង​សកលលោក ត្រូវគេ​រំពឹងថា​នឹងមាន​កំណើន 12% ជា​រៀងរាល់ឆ្នាំ ហើយ​មានតម្លៃ​សរុប​ប្រមាណ 139.37 ពាន់​លាន​ដុល្លារ គិត​ត្រឹម​ឆ្នាំ 2028។ អាស៊ី​ប៉ាស៊ីហ្វិក ជា​តំបន់​ដែលមាន​ប្រជាជន 4.3 ពាន់​លាន​នាក់ កាន់កាប់​ចំណែក​ទីផ្សារ​ពិភពលោក​ក្នុង​វិស័យនេះ ប្រហែល 60%។

ក្រុមហ៊ុន​ស្រាវជ្រាវ Euromonitor បាន​គណនា​ឃើញថា ផ្ទះបាយ​ពពក ចំនួន 7,500 កន្លែង កំពុងដំណើរការ​នៅ​ប្រទេស​ចិន, 3,500 កន្លែង នៅ ឥណ្ឌា, 1,500 នៅ សហរដ្ឋអាមេរិក និង 750 នៅ​ប្រទេស​អង់គ្លេស។

Natalie Phanphensophon ត្រូវ​ប្ដូរ​ទិសដៅ​អាជីវកម្ម​នៃ​ក្រុមហ៊ុន​គ្រប់គ្រង​ភោជនីយដ្ឋាន​អាយុកាល 45 ឆ្នាំ​របស់ខ្លួន ទៅជា​សេវា​អាហារ​វេច​ទៅផ្ទះ ដោយសារតែ COVID-19។ គ្រួសារ​របស់​នាង គ្រប់គ្រង​បណ្ដាញ​ភោជនីយដ្ឋាន Mango Tree & Coca នៅ​ប្រទេស​ថៃ។

ដើមឆ្នាំ​នេះ ពួកគេ​បាន​បើក​ភោជនីយដ្ឋាន​ពពក​ដំបូង នៅ​ជាយក្រុង​បាងកក និង​កំពុង​ត្រៀម​បើក​បន្ថែម 2 កន្លែង​ផ្សេងទៀត។ «គោលដៅ​របស់​យើង​គឺ​ធានា​ឱ្យ​បុគ្គលិក​គ្រប់រូប​ក្នុង​បណ្ដាញ អាច​ឆ្លង​ផុត​ការលំបាក​រួមគ្នា» ស្ត្រី​វ័យ 35 ឆ្នាំ​ខាងលើ និយាយ​ដូច្នេះ។

ប្រាក់ចំណេញ​ដែល​ផ្ទះបាយ ឬ​ភោជនីយដ្ឋាន​ពពក​នាំមក​គឺ​តិចជាង បើ​ធៀប​នឹង​ភោជនីយដ្ឋាន​បែប​បុរាណ ព្រោះ​តែមាន​អតិថិជន​តិចតួច​ដែល​បញ្ជា​ទិញ​អាហារ​ច្រើន​មុខ​ក្នុងពេល​តែមួយ។ ប៉ុន្តែ ជំនួស​មកវិញ ប្រាក់​ចំណាយ​សម្រាប់​ដំណើរការ​ហាង​គឺ​ទាប​ជាង​ច្រើន។

iBerry Group ក្រុមហ៊ុន​គ្រប់គ្រង​បណ្ដាញ​ភោជនីយដ្ឋាន និង​ហាង​កា​រ៉ែ​ម ដែល​នៅក្នុង​បណ្ដា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​ប្រទេស​ថៃ ក៏បាន​បើក​ក្រុមហ៊ុន​ដឹកជញ្ជូន​អាហារ​ដល់ផ្ទះ​មួយកន្លែង​ផងដែរ។

អាស៊ីប៉ាស៊ីហ្វិក ជាតំបន់ដែលមានប្រជាជន 4.3 ពាន់លាននាក់ កាន់កាប់ចំណែកទីផ្សារពិភពលោកក្នុងវិស័យនេះ ប្រហែល 60%។

«ផ្ទះបាយ​ពពក ជា​មូលដ្ឋាន គ្រាន់តែ​ជា​ម៉ាស​អុកស៊ីសែន សម្រាប់​ពួកយើង​នៅក្នុង​សម័យ COVID-19» Thitanun Taveebhol នាយក​ផ្នែក​ម៉ាក យីហោ (Brand Manager) របស់ iBerry Group បញ្ជាក់​ដូច្នេះ។

នៅពេល​បណ្ដា​ក្រុមហ៊ុន និង​បណ្ដាញ​ភោជនីយដ្ឋាន ងាក​ទៅរក​អាជីវកម្ម​ប្រគល់​ទំនិញ​ដល់ផ្ទះ បណ្ដា​ផ្ទះបាយ​ពពក​លក្ខណៈ​គ្រួសារ ក៏​ចាប់ផ្ដើម​ពេញនិយម។

បន្ទាប់ពី​បាន​ចូលនិវត្តន៍​ពី​ក្រុមហ៊ុន​អាកាសចរណ៍ Air India លោក Nirjash Roy Chowdhury ក៏បាន​យកប្រាក់​សន្សំ​បាន​ទៅ​បើក​ភោជនីយដ្ឋាន​ពពក​មួយ នៅ​ទីក្រុង ម៉ុម​បៃ។ អ្នកជំនួញ​រូបនេះ​បាន​ជួល​បុគ្គលិក 6 នាក់ ដែល​ធ្លាប់​បានធ្វើការ​នៅ​សណ្ឋាគារ។

Chowdhury ឱ្យដឹងថា លោក​ចំណាយពេល 6 ខែ ទើប​រកបាន​ប្រាក់​ដើម​មកវិញ ប៉ុន្តែ លោក​ជឿជាក់ថា វិស័យនេះ​នៅតែ​បន្ត​មាន​សក្ដានុពល​យូរអង្វែង។

ក្រុម​អ្នកជំនាញ​យល់ថា នេះ​គឺជា​ទិសដៅ​ដែល​ប្រកបដោយ​សុវត្ថិភាព។ Nailul Huda អ្នកវិភាគ​ប្រចាំ​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែលមាន​ការិយាល័យ​ក​ណ្ដា​ល​នៅ​ទីក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូនេស៊ី ឱ្យដឹងថា កត្តា​ថ្លៃ​ដំណើរការ​ទាប​ជាង និង​ទម្លាប់​ហៅ​អាហារ​ដែល​ដឹកជញ្ជូន​ដល់ផ្ទះ​របស់​ក្រុម​យុវវ័យ​សម័យថ្មី នឹង​ធានា​ស្ថិរភាព​នៃ​កំណើនសេដ្ឋកិច្ច​សម្រាប់​វិស័យ​ផ្ទះបាយ​ពពក៕

Advertisement