លក់​កាហ្វេ​​ដោយ​​រទេះ​រុញ​តាម​​ដងផ្លូវ ពេល​នេះ​កសិករ​ជនជាតិ​អា​ម៉េ​រិក ម្នាក់ ក្លាយជា​មហាសេដ្ឋី

ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ 1990 បងប្អូន​ពីរ​នាក់​របស់​គ្រួសារ​ត្រកូល Boersma សន្សំ​បាន​ប្រាក់​មួយចំនួន​ដើម្បី​ទិញ​រទេះរុញ​មួយគ្រឿង និង​ម៉ាស៊ីន​ឆុង​កាហ្វេ espresso មួយគ្រឿង ដើម្បី​លក់​កាហ្វេ​តាម​ដងផ្លូវ។ ពួកគេ​ចាប់ផ្ដើម​លក់​កាហ្វេ​នៅក្នុង​ទីក្រុង Grants Pass (Oregon)។ មិនយូរប៉ុន្មាន ពួកគេ​ទិញ​បាន​រទេះរុញ​រហូតដល់ 5 គ្រឿង​ដើម្បី​លក់​កាហ្វេ។

Dane និង Travis Boersma គឺជា​កសិករ​ចិញ្ចឹម​គោ​យក​ទឹកដោះ ជំនាន់​ទី​បី​របស់​គ្រួសារ។ នៅពេល​ស្វែងរក​ការងារ​សមស្រប​មួយ​ធ្វើនឹង​គេ ក្រៅពី​កិច្ចការ​ចិញ្ចឹម​គោ​របស់​គ្រួសារ ពួកគេ​សម្រេចចិត្ត​សាកល្បង​ក​ម្លាំ​ង​ជាមួយនឹង​កាហ្វេ។ ពួកគេ​ក្រោយមក​ក៏​រកបាន​ប្រាក់​ដែល​អាច​សន្សំ និង​ចាយវាយ​សម្រាប់​ពិធី​កំសាន្តធំៗបាន។

បន្ទាប់ពី​បងប្រុស Dane បាន​ស្លាប់​ដោយសារ​ជំងឺ​ស្វឹ​តដៃ​ជើង Travis ក៏​បន្ត​មុខរបរ​ប្រចាំថ្ងៃ។ បច្ចុប្បន្ន យីហោ Dutch Bros Inc. របស់ Travis គ្រប់គ្រង​ហាង​ចំនួន 471 កន្លែង នៅ​ពាសពេញ​តំបន់​ភាគ​ខាងលិច​នៃ​ទឹកដី សហរដ្ឋ​អាម៉េរិក ដោយ​រកចំណូលបាន​ជា​ង 400 លាន​ដុល្លារ​ក្នុងមួយឆ្នាំ។

លោក Travis Boersma

មូល​ប​ត្រ​របស់​ក្រុមហ៊ុន​នេះ ផ្ដើម​ដាក់ឱ្យ​ជួញដូរ​ចាប់ពី​ថ្ងៃទី 15 កញ្ញា នៅលើ​ផ្សារ​ហ៊ុន NYSE ដោយមាន​ឈ្មោះ​កូដ BROS។ តម្លៃ​មូល​ប​ត្រ​នេះ​បាន​កើន​ឡើងដល់ 34.01 ដុល្លារ/​ហ៊ុន​ កើន 48% ធៀប​នឹង​ពេល​មាន​វត្តមាន​ក្នុង​ផ្សារ​ហ៊ុន​ដំបូង ដែល​នេះ​បាន​នាំឱ្យ​តម្លៃ​មូលធន​ទីផ្សារ​របស់ Dutch Bros ឡើងដល់ 5.6 ពាន់​លាន​ដុល្លារ​អាម៉េរិក។ Travis អាយុ 50 ឆ្នាំ បច្ចុប្បន្ន​គឺជា​ម្ចាស់​ហ៊ុន​ធំជាងគេ ដោយមាន​ភាគហ៊ុន​តម្លៃ 2.3 ពាន់​លាន​ដុល្លារ ប៉ុន្តែគេ​នៅ​មិនទាន់​ដឹង​ច្បាស់​អំពី​ចំនួន​ភាគហ៊ុន​ដែល​លោក​កំពុងកាន់​កាប់​នៅឡើយ។

ដោយមាន​គូប្រជែងធំៗ ដូចជា Starbucks, Dunkin’ និង Peet’s Coffee & Tea ជាដើម ទីផ្សារ​កាហ្វេ​នៅ សហរដ្ឋ​អាម៉េរិក ហាក់​ពិបាក​ឱ្យគេ​លោត​​ចូល​រកស៊ី។ ប៉ុន្តែ Dutch Bros បែរជា​បង្កើតបាន​ទីផ្សា​រ​ពិសេស​ដោយ​ឡែក (niche market) ជាមួយនឹង​អរិយធម៌​ដែល​គេ​ហៅថា «Dutch Luv»។ ហាង​កាហ្វេ​របស់ Dutch Bros សុទ្ធតែ​ដំណើរការ​ដោយ​ប្រើ​រូបមន្ត «អតិថិជន​បើកឡាន​មក​ទិញយក​ទៅផ្ទះ» ដោយ Dutch Bros លក់​តែ​ភេសជ្ជៈ​​ត្រជាក់។

ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន​នេះ​គឺ 6.3 លាន​ដុល្លារ នៅក្នុង​ចំណូល​សរុប 404.5 លាន​ដុល្លារ​សម្រាប់​រយៈពេល 12 ខែ គិត​ត្រឹម​ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2021 ខណៈដែល​ប្រាក់ចំណូល​ក្នុង​ឆ្នាំ 2018 មាន​ត្រឹមតែ 186 លាន​ដុល្លារ។

ក្រុមហ៊ុន​នេះ យកចិត្តទុកដាក់​ខ្ពស់​ទៅលើ​ការពេញចិត្ត និង​ឱកាស​រីកចម្រើន​របស់​បុគ្គលិក។ អត្រា​សុំ​ឈប់​ពី​ការងារ​របស់ Dutch Bros ស្មើនឹង 40% ទាប​ជាង​ឆ្ងាយ បើ​ធៀប​នឹង​អត្រា​ជាង 100% នៅក្នុង​វិស័យ​ទាំងមូល។ នេះ​បើតាម​អ្នកវិភាគ Michael Galen មកពី Bloomberg Intelligence។

កាលពី​ខែកុម្ភៈ Travis បាន​លាលែង​ពី​តំណែង CEO ប៉ុន្តែ នៅតែ​គ្រប់គ្រង​តំណែង​ជា​ប្រធាន​ក្រុមហ៊ុន។ ដំបូង​ឡើយ​ក្រុមហ៊ុន​ឯកជន TSG Consumer Partners បាន​បោះទុន​ទៅក្នុង​ក្រុមហ៊ុន Dutch Bros កាលពី​ឆ្នាំ 2018 ហើយ​បច្ចុប្បន្ន TSG Consumer Partners កាន់កាប់​មូល​ប​ត្រ​ចំនួន 65 លាន​ហ៊ុន​ ក្រោយពី​បានធ្វើ IPO ដំបូង និង​ក្លាយជា​ម្ចាស់​ភាគហ៊ុន​ធំជាងគេ​លំដាប់​ទី​ពីរ​បន្ទាប់ពី Travis៕

Advertisement