វី​ធី​សាស្ត្រ​ដែលនាំឱ្យ ជេ​ស្ស៊ី​កា អាល​បា (Jessica Alba) ជោគជ័យ​ក្នុង​ការកសាង​ក្រុមហ៊ុន​រហូតដល់​មានតម្លៃ​ជិត 1,000 លាន​ដុល្លារ

នៅក្នុង​ដំណើរ​កសាង​ក្រុមហ៊ុន​ផ្ទាល់ខ្លួន ជេ​ស្ស៊ី​កា អាល​បា (Jessica Alba) បាន​ជួបប្រទះ​ឧបសគ្គ​ជាច្រើន និង​ត្រូវ​ប្រឈម​នឹង​ការមន្ទិលសង្ស័យ និង​ការរិះគន់​ផងដែរ។

មកដល់​បច្ចុប្បន្ន តម្លៃ​មូលធន​ទីផ្សារ​របស់​ក្រុមហ៊ុន Honest ដែល ជេ​ស្ស៊ី​កា ជា​អ្នក​បង្កើតឡើង បាន​កើន​ដល់​ជិត 1,000 លាន​ដុល្លារ​ទៅហើយ។ ប៉ុន្តែ នៅក្នុង​អំឡុងពេល​ចាប់ផ្ដើម​រកស៊ី​ទាក់ទង​នឹង​មុខទំនិញ​ប្រើប្រាស់​ប្រចាំថ្ងៃ​កាលពី​ឆ្នាំ 2012 តារា​សម្ដែង​នៃ​ខ្សែភាពយន្ត​រឿង «Dark Angel» ត្រូវ​ប្រឈម​នឹង​ការសង្ស័យ​ជាច្រើន សូម្បីតែ​ខ្លួន​នាង​ផ្ទាល់ ទាក់ទិន​នឹង​លទ្ធភាព​ជោគជ័យ​របស់​គម្រោង។

នៅ​ប៉ុន្មាន​ឆ្នាំ​ដំបូង​នៃ​ការកសាង​ក្រុមហ៊ុន ជេ​ស្ស៊ី​កា ត្រូវ​ធ្វើការ​ដើម្បី​ទប់ទល់​នឹង​មតិ​ប្រឆាំង ដោយ​បង្កើត​យុទ្ធសាស្ត្រ «ដោះស្រាយ» ដើម្បី​ឆ្លើយតប​នឹង​ការរិះគន់ និង​ប្រើប្រាស់​ភាព​ឆ្លាត​វៃ​របស់​នាង​នៅក្នុង​កិច្ចការជំនួញ។ បច្ចុប្បន្ន ជេ​ស្ស៊ី​កា គឺជា​សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន Honest ហើយក៏​ជា​ប្រធាន​ផ្នែក​ច្នៃប្រឌិត និង​ជា​សមាជិក​នៃ​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន​នេះ​ផងដែរ។

ថ្មីៗនេះ ជេ​ស្ស៊ី​កា បាន​ចែករំលែក​ឱ្យដឹងថា៖ «ខ្ញុំ​ស្រលាញ់​តួលេខ និង​ទិន្នន័យ។ ដូច្នេះ នៅពេល​មាន​អ្នកណាម្នាក់​បង្ហាញឱ្យឃើញ​ថា មានការ​សង្ស័យ និង​លើកឡើង​នូវ​មូលហេតុ​ទាំងឡាយ​ដែលថា​គ្រប់យ៉ាង​មិនគួរ​កើតមាន ខ្ញុំ​បកស្រាយ​បញ្ច្រាស​មកវិញ​ថា “អូ មែន​ក៏​អី? ហេតុអ្វី​ប្រការ​ទាំងនេះ​មិនអាច​កើតមាន?” ហើយ​ក្រោយមក ខ្ញុំ​នឹង​ទៅ​ប្រមូល​រាល់​ទិន្នន័យ​ចាំបាច់ និង​ឱ្យ​ពួកគេ​មើល»។

ជេ​ស្ស៊ី​កា បន្ថែមថា ការត្រៀមខ្លួន​ដោយមាន​យុទ្ធសាស្ត្រ​នឹង​ដំណើរការ​យ៉ាង​មាន​ប្រសិទ្ធភាព នៅពេល​អ្នក​អាច​គ្រប់គ្រង​ឥរិយាបថ​របស់ខ្លួន​បាន ខណៈ​លើកឡើង​នូវ​សំនួរ​នោះ (ពោលគឺ​មិន​ខឹង​នឹង​មតិ​ខាងក្រៅ)។

អនុសាសន៍​របស់ ជេ​ស្ស៊ី​កា ស្ដីពី​ការត្រៀមខ្លួន​ទាក់ទង​នឹង​តួលេខ ឬ​ទិន្នន័យ​គឺ​ពិតជា​សាមញ្ញ ប៉ុន្តែ ប្រាកដ​ណាស់ វា​មិន​ងាយស្រួល​ឡើយ ហើយ​នេះ​គឺជា​ការពិត​ដែល​ស្ត្រី​​កូន​ 3 វ័យ 40 ឆ្នាំនេះ​បានទទួល​ស្គាល់ នៅពេល​នាង​រំលឹក​អំពី​យប់​ទាំងឡាយ​ដែល​គេង​មិន​លក់ និង​អារម្មណ៍​នៅក្នុង​ថ្ងៃ​ចុង​សប្ដាហ៍​នៅក្នុង​ដំណាក់កាល​ដំបូង​នៃ​ការបើក​អាជីវកម្ម​របស់ខ្លួន។ ពិតជា​ពិបាក​ឱ្យ​យើង​ញញឹម នៅពេល​អស់កម្លាំង​ខ្លាំង ប៉ុន្តែ ជេ​ស្ស៊ី​កា ឱ្យដឹងថា ប្រការ​ចាំបាច់​ដែល​ធ្វើឱ្យ​ក្រុមហ៊ុន​រីកចម្រើន នោះ​គឺ​ត្រូវ​ដោះស្រាយ​កិច្ច​ការឱ្យ​បានល្អ​បំផុត៖ «រាល់​សេចក្ដីលម្អិត សុទ្ធតែ​សំខាន់»។

ជាច្រើន​ឆ្នាំ​ក្រោយពី​បានបង្ហាញ​ខ្លួន វិថី​ត្រូវ​ដើរ​នៅតែមាន​ឧបសគ្គ៖ ក្រុមហ៊ុន​របស់​នាង ត្រូវ​ប្រឈម​នឹង​ពាក្យបណ្ដឹង​ជា​ក្រុម​ស្ដីពី​ការឃោសនា​ផលិតផល​ខុសពី​ការពិត បញ្ហា​ច្របូកច្របល់​ក្នុងការ​ដឹកនាំ និង​ការចេញលក់​ដំបូង​ទទួល​បរាជ័យ។ ចំពោះ ជេ​ស្ស៊ី​កា គន្លឹះ​សម្រាប់​ដោះស្រាយ នោះ​គឺ​ត្រូវ​បិទ​ត្រចៀក​ខ្លះ​ចំពោះ​គំនិត​ពី​ខាងក្រៅ។

ឆ្នាំ 2016 ក្នុង​កិច្ច​សម្ភាស​ជាមួយ Vanity Fair ជេ​ស្ស៊ី​កា និយាយថា៖ «ខ្ញុំ​គិតថា អាថ៌កំបាំង​ដើម្បី​ជោគជ័យ​គឺ​ស្ថិតនៅលើ​ប្រការ​ជុំវិញខ្លួន​អ្នក រួម​នឹង​មនុស្ស​ដែល​ឆ្លាត​វៃ​ខ្លាំង ហើយ​តែងតែ​ផ្ដោតទៅលើ​បេសកកម្ម និង​ធានា​ឱ្យបាន​ប្រាកដថា អ្នក​ពិត​ជាមាន​ការចូល​រួម​យ៉ាងសកម្ម»។

ចុងក្រោយ ក្រុមហ៊ុន Honest របស់ ជេ​ស្ស៊ី​កា បានធ្វើ IPO (ការបោះ​ផ្សាយ​មូល​ប​ត្រ​ជា​សាធារណៈ​លើកដំបូង) ដោយ​ជោគជ័យ កាលពី​ខែឧសភា ឆ្នាំ 2021 ជាមួយនឹង​តម្លៃ 16 ដុល្លារ/ហ៊ុន ហើយ​ប្រមូល​ទុន​បាន​ប្រហែល 122 លាន​ដុល្លារ នេះ​បើតាម Bloomberg។ ក្រុមហ៊ុន​នេះ​កំពុង​ជួញដូរ​ក្នុងតម្លៃ 10.71 ដុល្លារ/ហ៊ុន គិត​ត្រឹម​ថ្ងៃទី 14 កញ្ញា។

ស្វាមី​របស់ ជេ​ស្ស៊ី​កា ដែលជា​ផលិតករ​ភាពយន្ត​ហូលីវូដ លោក ខាស វ័រ​រ៉ែ​ន (Cash Warren) បាន​បញ្ជាក់ថា ជោគជ័យ​របស់ ជេ​ស្ស៊ី​កា គឺ​បានមកពី «ឧបសគ្គ​គ្រប់យ៉ាង» ដែល​នាង​បាន​ឆ្លងកាត់។ សារ​របស់លោក ខាស វ័រ​រ៉ែ​ន គឺថា «នាង​ស័ក្ដិសម​ជាង​អ្នកណា​ទាំងអស់​សម្រាប់​ការ​ស្ថិតនៅក្នុង​តំណែង​នោះ»៕

Advertisement