អាថ៌កំបាំង​​ខ្លះៗ ជួយ​ឱ្យ «ប្រាក់​បង្កើត​ប្រាក់​» របស់​ត្រកូល​​មួយ​ដែល​រក​បាន​ 2.6​ លាន​ដុល្លារ​/​ម៉ោង​

បងប្អូន​ត្រកូល​ Walton

ខ្ទង់​វិនិយោគ​នានា​របស់​ត្រកូល​ Walton កំពុង​តែ​ត្រូវ​បាន​បង្ហើប​​បន្តិច​ម្ដងៗ​ ​ឱ្យ​ដឹង​ថា នៅ​ចុង​ខែ​មីថុនា​ ពួក​គេ​កំពុង​កាន់​កាប់ភាគ​ហ៊ុន​ដែល​មាន​តម្លៃ​​ប្រាក់​ជិត​ 5 ពាន់​លាន​ដុល្លារ​​ផ្សេង​ទៀត​ តាម​រយៈ​ក្រុម​ហ៊ុន​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ​មួយ​ដែល​មិន​មាន​ឈ្មោះ​ល្បី​។​

យោង​តាម​ឯកសារ​របស់ WIT LLC (Walton Investment Team) ជា​​ក្រុម​ហ៊ុន​វិនិយោគ​​នៃ​​ត្រកូល​ Walton ដែល​ត្រូវ​បាន​ដាក់​ទៅ​កាន់​គណៈកម្មការ​មូលបត្រ​របស់​ សហរដ្ឋ​អាម៉េរិក​ (SEC) កាល​ពី​ចុង​ខែ​ធ្នូ ខ្ទង់​វិនិយោគ​របស់​ត្រកូល​នេះ​ មាន​តម្លៃ​ 3.8​ ពាន់​លាន​ដុល្លារ​។ ក្នុង​ឆ្នាំ​ 2021 តួលេខ​នេះ​បាន​កើន​ឡើង​ ហើយ​ភាគ​ច្រើន​ត្រូវ​បានវិនិយោគ​ទៅ​លើ​មូលនិធិ ETF នានា​ ដែល​មាន​ចំណាយ​ទាប​ ដូច​ជា​ Vanguard FTSE Emerging Markets និង​មូលនិធិ​ ETF ដែល​តាម​ដាន​មូលបត្រ​​បំណុល​រយៈ​ពេល​​ខ្លី​។ ក្រៅ​ពី​នេះ​ ត្រកូល​ Walton ក៏​បាន​បង្ហើប​ឱ្យ​ដឹង​អំពី​ខ្ទង់​ភាគ​ហ៊ុន​ដែល​មាន​នៅ​ក្នុង​ក្រុម​ហ៊ុន​ Apollo Global Management Inc., Snowflake Inc. និង​ China’s Pinduoduo Inc. ផងដែរ​។

ត្រកូល​ Walton បច្ចុប្បន្ន​គឺជា​គ្រួសារ​ធំ​ដែល​មាន​ទ្រព្យ​ច្រើន​ជាង​គេ​បង្អស់​ក្នុង​ពិភពលោក​ ដោយ​កាន់​កាប់​ទ្រព្យ​តម្លៃ​ 238​ ពាន់​លាន​ដុល្លារ​ នេះ​បើតាម Bloomberg Billionaires Index។ ទ្រព្យ​សម្បត្តិ​ប្រមាណ​ជិត​ពាក់កណ្ដាល​របស់​ពួក​គេ​ បាន​មក​ពី​បណ្ដាញ​លក់​រាយ​ធំ​បំផុត​របស់​ពិភពលោក​ នោះ​គឺ​ Walmart ដែល​ត្រូវ​បាន​ Sam Walton បង្កើត​ឡើង​កាលពី​ឆ្នាំ​ 1950​។ បច្ចុប្បន្ន​ ត្រកូល​នេះ​កាន់​កាប់​ភាគ​ហ៊ុន​ 48% នៅ​ក្នុង​ក្រុម​ហ៊ុន​ Walmart។

Walmart គឺជា​បណ្ដាញ​ផ្សារ​លក់​រាយ​របស់​ត្រកូល​ Walton

ច្រើន​ឆ្នាំ​មក​នេះ​ ត្រកូល​ Walton តែង​តែ​នៅ​ស្ងៀម​​ ទាក់​ទង​នឹង​ខ្ទង់​វិនិយោគ​របស់​ពួក​គេ​។ ប៉ុន្តែ​ ការ​ស្ងាត់​ស្ងៀម​នេះ​មិន​អាច​អូសបន្លាយ​យូរ​ទៀត ដោយ​សារ​តែ​ពួក​គេ​រក​បាន​រាប់​ពាន់​លាន​ដុល្លារ​ពី​ការ​លក់​ភាគ​ហ៊ុន​នៅ​ក្នុង​ Walmart។ ត្រកូល​នេះ​បាន​លក់​ភាគ​ហ៊ុន​ដែល​មាន​តម្លៃ​​ប្រហែល​ 6.5 ពាន់​លាន​ដុល្លារ​ ចាប់​ពី​ឆ្នាំ​ 2020​។ អ្នក​ជំនាន់​ក្រោយ​របស់​ Sam Walton ​នៅ​​តែ​កាន់​កាប់​​ដោយ​ផ្ទាល់​នូវ​មូលបត្រ​​ចំនួន​ 1,334,480,250 ហ៊ុន​ នៅក្នុង​បណ្ដាញ​ Walmart ដោយ​តម្លៃ​របស់​វា​ បាន​កើន​ 23​ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ 2020​ ព្រោះ​តែ​តម្លៃ​មូលបត្រ​កើន​ឡើង​ខ្ពស់​។

មក​ដល់​ពេល​នេះ​ ព័ត៌មាន​ស្ដី​ពី​ការ​វិនិយោគ​​របស់​ WIT ទើប​តែ​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ជាងមុន​។ Walton Enterprises ដែល​ជា​ការិយាល័យ​​តំណាង​ក្រុម​ហ៊ុន​របស់​ត្រកូល​ Walton មិន​បាន​បង្ហើប​ឱ្យ​ដឹង​អំពី​តម្លៃ​សរុប​នៃ​ទ្រព្យ​ដែល​ពួក​គេ​កំពុង​កាន់​កាប់​នោះ​ទេ​ បើ​ទោះ​ឯកសារ​ពន្ធ​របស់​បណ្ដា​ក្រុម​ហ៊ុន​ផ្សេងៗ​ដែល​ទទួល​បាន​ទុន​ពី​​ Walton Enterprises បង្ហាញ​ថា ត្រកូល​ Walton​ កំពុង​កាន់​កាប់​ភាគ​ហ៊ុន​​នៅ​ក្នុង​មូលនិធិ​បម្រុង​​នានា​ដែល​គ្រប់​គ្រង​ដោយ​ Tiger Global Management និង Viking Global Investors៕

Advertisement