ចង់​ហោះ​ទៅ​គយគន់​សណ្ឋាន​កោង​រប​ស់​ផែនដី​ពីលើ​មេឃ ដោយ​ចំណាយ​ប្រាក់​តិច? ក្រុមហ៊ុន​មួយ​នេះ​កំពុង​ទទួល​ការ​កក់​សំបុត្រ

ក្រុមហ៊ុន​មួយ​របស់ អាម៉េរិក គ្រោង​នឹង​បាញ់​បង្ហោះ​ប្រព័ន្ធ​បា​ឡុង​ហោះ (hot air balloon) ដែលមាន​ភ្ជាប់​បន្ទប់​ជា​យានជំនិះ សម្រាប់​ដឹក​ភ្ញៀវ​ឡើងទៅ​កាន់​កម្ពស់​ចាប់ពី 30,000 ម៉ែត្រ ដើម្បី​គយគន់​សណ្ឋាន​កោង​រប​ស់​ពិភព​ផែនដី។

World View Enterprises ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា និង​ស្រាវជ្រាវ​លម្ហ​អាកាស​ក្បែរ​ទី​អវកាស​របស់ សហរដ្ឋ​អាម៉េរិក នឹង​ផ្ដល់​សេវាកម្ម​ហោះហើរ​ឡើងទៅ​កាន់​ស្រទាប់ stratosphere ដោយ​ប្រើប្រាស់​ប្រព័ន្ធ​បា​ឡុង​ហោះ​ភ្ជាប់​នឹង​បន្ទប់​យាន ចាប់ពី​ឆ្នាំ 2024 ក្នុងនោះ ជើងហោះហើរនីមួយៗនឹង​អូស​បន្លាយពេល​ចាប់ពី 6 ទៅ 12 ម៉ោង ហើយ​សំបុត្រ​មានតម្លៃ 50,000 ដុល្លារ/កៅអី។ បច្ចុប្បន្ន ក្រុមហ៊ុន​នេះ ទទួលបាន​ការ​កក់​ចំនួន 250 កៅអី​រួចហើយ។ នេះ​បើតាម Business Insider ចុះផ្សាយ​កាលពី​ថ្ងៃទី 5 តុលា។

អ្នក​ទេសចរណ៍​នឹងត្រូវ​បាន​នាំ​ទៅកាន់​កម្ពស់​យ៉ាងតិច 30,000 ម៉ែត្រ ដើម្បី​អាច​មើលឃើញ​រូបរាង​កោង​របស់​ផែនដី នៅលើ​ផ្ទៃ​អាកាស​ងងឹត។ ពួកគេ​នឹង​អង្គុយ​ក្នុង​បន្ទប់ Explorer Capsule ជា​យាន​ដាក់​អ្នក​ទេសចរណ៍​ដែល​ដឹក​ដោយ​បា​ឡុង​អេ​លី​យ៉ូ​ម ទំហំ​ជិត​ប៉ុន​ទី​តារាង​បាល់។ ជើងហោះហើរនីមួយៗ នឹង​អាច​ដឹក​អ្នក​ទេសចរណ៍​បាន​ចំនួន 8 នាក់ និង​អ្នកបើកបរ 2 នាក់។

ស្រទាប់​បរិយាកាស​ផែនដី

ក្រុមហ៊ុន​នេះ គ្រោង​នឹង​បង្ហោះ​បា​ឡុង​ចំនួន 3,000 គ្រឿង​ជា​រៀងរាល់ឆ្នាំ។ បន្ទប់​ជាយា​ន​នឹង​ត្រូវបាន​ប្រើប្រាស់​ឡើងវិញ ប៉ុន្តែ បា​ឡុង នឹងត្រូវ​ប្រើប្រាស់​តែម្ដង​គត់។ នៅពេល​ត្រលប់​មកកាន់​ផែនដី ឆត្រយោង​មួយឈុត​ដែល​បំពាក់​ប្រព័ន្ធ​កំណត់​ទិស (GPS) នឹង​នាំ​ផ្លូវ​វា​ទៅដល់​គោលដៅ​ដែល​បានកំណត់​សម្រាប់​ការចុះ​ចត។

ជើងហោះហើរ​ទៅកាន់​បរិយាកាស​ក្បែរ​អវកាស​របស់ World View Enterprises នឹងមាន​ផាសុកភាព និង​ភាព​ប្រណិត​ខ្លាំង។ នៅលើ​បន្ទប់ Explorer Capsule មាន​កាមេរ៉ា​ទំនើប តេ​ឡេ​ស្កុប Wi-Fi និង​កន្លែង​ផ្គត់ផ្គង់​អាហារ និង​ភេសជ្ជៈ។ Explorer Capsule អាច​ដឹក​មនុស្ស​គ្រប់​វ័យ និង​ស្ថានភាព​សុខភាព។ នេះ​បើតាម​ការអះអាង​របស់​ក្រុមហ៊ុន World View Enterprises៕

Advertisement