អតីតបុគ្គលិកធនាគារ Morgan Stanley ក្លាយជាម្ចាស់ក្រុមហ៊ុនធំ ក្រោយ​ចូល​ប្រលូក​កិច្ច​ការ​បោស​សម្អាត​ រៀបចំ​បន្ទប់

John Lee នាយកប្រតិបត្តិរបស់ H20 Hospitality

John Lee សម្រេចចិត្ត​ធ្វើការ​ដើម្បី​ដក​បទពិសោធន៍​ទាក់ទង​នឹង​កិច្ចការ​រៀបចំ បោសសម្អាត​ផ្ទះសម្បែង មុន​ពេលចេញ​រកស៊ី​ជាមួយនឹង​ក្រុមហ៊ុន H20 Hospitality។

John Lee ធ្វើ​កិច្ចការ​បោសសម្អាត រៀបចំ​បន្ទប់ ផ្ទះសម្បែង នៅ ប្រទេស​កូរ៉េខាងត្បូង ក្នុង​រយៈពេល 6 ខែ ក្រោយពី​បាន​ឈប់​ពី​ការងារ​នៅឯ​ធនាគារ Morgan Stanley កាលពី​ឆ្នាំ 2014។

ជា​និស្សិត​ម្នាក់​ដែល​បានបញ្ចប់​ការសិក្សា​ផ្នែក​គ្រប់គ្រង​សណ្ឋាគារ នៅ​សាកលវិទ្យាល័យ Cornell អ្នកជំនួញ​វ័យ 33 ឆ្នាំ​រូបនេះ មាន​គោលដៅ​ធំ​មួយ៖ គាត់​ចង់បាន​ភាពលេច​ធ្លោ​នៅក្នុង​វិស័យ​ពាណិជ្ជកម្ម​ដែល​ខ្លួន​វាយតម្លៃថា បាន​ទុំ​ជោរ​ទៅហើយ។ ដូច្នេះ កំលោះ​ជនជាតិ​កូរ៉េខាងត្បូង​ម្នាក់នេះ ក៏បាន​ចូលខ្លួន ទៅ «ទទួល​បទពិសោធន៍» ការ​ងារ​​ផ្នែក​រៀបចំ បោសសម្អាត​នៅ​អគារ​នានា​របស់​ក្រុមហ៊ុន Airbnb ក្នុង​រដ្ឋធានី សេ​អ៊ូ​ល។

«ខ្ញុំ​ត្រូវ​រក​បទពិសោធន៍​ទាំងនោះ។ សេវាកម្ម​រៀបចំ​បន្ទប់​គឺជា​ការងារ​លំដាប់​ទាប​បំផុត​នៅក្នុង​អាជីវកម្ម​សណ្ឋាគារ ហើយ​នេះ​គឺជា​វិធី​ដែល​យើង​ជ្រៀត​ចូលក្នុង​វិស័យនេះ»។

បច្ចុប្បន្ន ក្រុមហ៊ុន H20 Hospitality ដែល Lee បាន​បង្កើតឡើង កំពុងផ្ដល់​សេវាកម្ម​គ្រប់គ្រង​មួយ​ចប់​ឱ្យ​សណ្ឋាគារ តំបន់​លម្ហែកាយ និង​ផ្ទះសំណាក់​នានា​នៅ ប្រទេស​ជប៉ុន កូរ៉េខាងត្បូង និង​ប្រទេស​ថៃ។ ក្រុមហ៊ុន​ធុរកិច្ច​ថ្មី​នេះ បានធ្វើការ​ប្រមូល​ទុន​មួយ​ជុំ​កាលពី​ខែ​មុន ជាមួយនឹង​ការកំណត់​តម្លៃ 180 លាន​ដុល្លារ​អាម៉េរិក។ នេះ​បើតាម​ការ​ឱ្យដឹងពី John Lee។

John Lee និយាយ​ថា សណ្ឋាគារ​ ឬ​ក្រុម​ហ៊ុន​ទាំង​ឡាយ​ណា​ដែល​ប្រើប្រាស់​សេវាកម្ម​របស់​ H20 នឹង​សំច័យ​បាន​ប្រាក់​ 50%

John Lee នាយក​ប្រតិបត្តិ​របស់ H20 Hospitality បាន​និយាយថា ក្រុមហ៊ុន​នេះ​គ្រប់គ្រង​បន្ទប់​ចំនួន 12,000 នៅក្នុង​ប្រទេស​ទាំងបី​ខាងលើ។ H20 កំណត់​គោលដៅ​សម្រេច​ឱ្យបាន​កំណើន​ទ្វេដង ធៀប​នឹង​ចំនួន​បន្ទប់​ខាងលើ​នៅ​ចុងឆ្នាំ 2021 ដោយសារ​ទទួល​បានកា​រងារ​ច្រើន​ពី​បណ្ដា​សណ្ឋាគារ​ដែល​កំពុងដំណើរកា​រ​ដោយ​ត្រដាបត្រដួស​ដើម្បី​រស់នៅ​ក្នុងសម័យ COVID-19។

John Lee ឱ្យដឹងថា បើសិនជា​សណ្ឋាគារ​មួយ ប្រើប្រាស់​សេវាកម្ម​របស់ H20 ដើម្បី​អនុវត្ត​កិច្ចការ​មួយចំនួន ឬ​ហៅថា «ជួល​ក្រៅ» ពួកគេ​អាច​កាត់បន្ថយ​ការចំណាយ​បាន 50%។ មូលហេតុ​គឺ​ដោយសារ H20 ប្រើប្រាស់​វិធីសាស្ត្រ​ធ្វើការ​ទំនើប​ជាង មានដូចជា ការទទួល​កក់​បន្ទប់​តាម​អន​ឡាញ សោ​ឆ្លាត​វៃ និង​សេវាកម្ម​អតិថិជន​ដោយយោង​ទៅតាម​ការជជែក​ជាមួយគ្នា។

H20 ប្រមូល​ទុន​បាន 30 លាន​ដុល្លារ នៅក្នុង​ការប្រមូល​ទុន​ជុំ Series C កាលពី​ខែកញ្ញា 2021។ អ្នកវិនិយោគ​ថ្មី​របស់ H20 រួមមាន ក្រុមហ៊ុន​វិនិយោគ Kakao និង ធនាគារ​អភិវឌ្ឍ​កូរ៉េខាងត្បូង។

ក្រុមហ៊ុន H20 កំពុង​ស្វែងរក​ឱកាស​ដើម្បី​ពង្រីក​អាជីវកម្ម​មកកាន់​តំបន់​អាស៊ីអាគ្នេយ៍។ John Lee បង្ហើប​ឱ្យដឹងថា H20 កំពុង​ចរចា​ជាមួយ​បណ្ដា​យីហោ​សណ្ឋាគារ​អន្តរជាតិ​នៅក្នុង​ប្រទេសមួយ​ចំនួន​នៅ​តំបន់​នេះ មានដូចជា សិង្ហ​បុរី ឥណ្ឌូនេស៊ី និង វៀតណាម ជាដើម។ តាម​ផែនការ ក្រុមហ៊ុន H20 Hospitality នឹងធ្វើ IPO (ព្រឹត្តិការណ៍​បោះផ្សាយ​មូល​ប​ត្រ​បំណុល​ជា​សាធារណៈ​លើកដំបូង) ក្នុង​រយៈពេល 5 ឆ្នាំ​ទៀត៕

Advertisement