កម្ពុជា​ បាន​នាំចេញ​ទំនិញ​ទៅ​កាន់ ​​ប្រទេស​វៀតណាម​ ច្រើន​ជាង​ឆ្នាំ​​មុន​​​ជិត​ 4 ដង​

ក្នុង​រយៈ​ពេល​ 9​ ខែ​ដើម​ឆ្នាំ​ ទំនិញ​របស់​ កម្ពុជា​ ដែល​បាន​នាំ​ចូល​ ប្រទេស​វៀតណាម ស្មើ​នឹង​ 3.7​ ពាន់​លាន​ដុល្លារ​អាម៉េរិក​ កើន​ជិត​ 4 ដង​ ធៀប​នឹង​​អំឡុង​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ 2020​ នេះ​បើ​តាម​អគ្គនាយកដ្ឋាន​គយ​។

ការ​ដោះ​ដូរ​ពាណិជ្ជកម្ម​​រវាង​ប្រទេស​ទាំង​ពីរ​ សម្រេច​បាន​ 7.2​ ពាន់​លាន​ដុល្លារ​ កើន​ 90.9% ធៀប​នឹង​អំឡុង​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ 2020​។ ក្នុង​នោះ​ ទំនិញ​របស់​ កម្ពុជា​ ដែល​នាំ​ចូល​ វៀតណាម​ មាន​ចំនួន​​ជាង​ 51% សល់​ពី​នេះ​​គឺជា​ទំនិញ​របស់​ វៀត​ណាម​ នាំ​ចូល​ កម្ពុជា​ ដែល​ស្មើ​នឹង​ 3.5​ ពាន់​លាន​ដុល្លារ​ កើន​ 16.1% ធៀប​នឹង​អំឡុង​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ 2020​។

កសិផល​សំខាន់​ពីរ​មុខ​ដែល​ វៀតណាម​ នាំ​ចូល​ពី​ កម្ពុជា​ សម្រាប់​​យក​ទៅ​កែច្នៃ​​ដើម្បី​នាំ​ចេញ​ នោះគឺ​គ្រាប់​ស្វាយ​ចន្ទី 1.84​ ពាន់​លាន​ដុល្លារ​ និង​ជ័រ​កៅស៊ូ 961​ លាន​ដុល្លារ​។

បច្ចុប្បន្ន​ 10/11 នៃ​ក្រុម​ទំនិញ​ដែល​ កម្ពុជា​ នាំ​ចេញ​ទៅ​កាន់​ វៀតណាម​ មាន​កំណើន​ខ្ពស់​ ធៀប​នឹង 9 ខែ​ដើម​ឆ្នាំ​ 2020។ ក្នុង​នោះ​ បន្លែ​ ផ្លែ​ឈើ​កើន​ 61%, គ្រាប់​ស្វាយ​ចន្ទី​កើន​ 595%, សណ្ដែក​សៀង​កើន 548.99%, កៅស៊ូ​កើន​ 391%។ ទន្ទឹម​នឹង​នេះ​ ទំនិញ​​ជា​ឈើ​ និង​ផលិត​ផល​ធ្វើ​អំពី​ឈើ​ ក្រណាត់​ សំណល់អេត​ចាយ​ និង​ទំនិញ​ជា​ច្រើន​មុខ​ផ្សេង​ទៀត​ក៏​មាន​កំណើន​ចាប់​ពី​ 5 ទៅ 300%​ ធៀប​នឹង​អំឡុង​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​ 2020។

ក្នុង​ចំណោម​ប្រភេទ​ផ្លែឈើ​ដែល​ កម្ពុជា​ នាំ​ចេញ​ទៅ​ វៀតណាម គេឃើញ​ថា ចេក ក្រូច​ថ្លុង​ និង​ផ្លែ​ស្វាយ​ កំពុង​តែ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​អតិថិជន​នៅ​ វៀតណាម។ ចំពោះ​ទំនិញ​ជា​ស្បៀង​អាហារ​ ដូចជា ស្រូវ​ និង​ដំឡូង​មី​ ក៏កំពុង​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ វៀតណាម​ ច្រើន​ផងដែរ​ ក្នុង​នោះ​ ស្រូវ​ 2.52​ លាន​តោន​ និង​ដំឡូង​មី​ 815,872​ តោន​។

យោង​តាម​ក្រសួងកសិកម្ម​ ​រុក្ខាប្រមាញ់​ និង​នេសាទ​ ក្នុង​អំឡុង​ 9 ខែ​ដើម​ឆ្នាំ​នេះ​ កម្ពុជា​ បាន​នាំ​ចេញ​កសិផល​ទៅ​កាន់​ប្រទេស និង​ដែន​ដី​​ចំនួន​ 90 នៅ​លើ​ពិភពលោក​ ស្មើ​នឹង​ 5.93​ លាន​តោន​។ ក្នុង​នោះ​ កសិផល​ដែល​នាំ​ចេញ​ទៅ ប្រទេស​វៀតណាម​ មាន​បរិមាណ​ច្រើន​ជាង​គេ​ គឺ​ស្មើ​នឹង​ 64.11%, ប្រទេស​ថៃ​ 21.49%, ប្រទេស​ចិន​ 9.69%​ និង​ប្រទេស​ដទៃ​ទៀត​សរុប​ស្មើ​នឹង​ 4.71%​៕

Advertisement