ស្នាដៃ​នៃ​ការ​រចនា​រូបភាព​បែប​ខ្មែរដាក់​លើ​កែវ​កាហ្វេ នាំ​ឱ្យ​កូន​ខ្មែរ​មួយរូប​ទទួល​បានការ​គាំទ្រ​ពី​ហាង​ជាង 5 ពាន់ នៅ កម្ពុជា

ការចូល​ចិត្ត​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន និង​ការ​រចនា​រូបភាព ម៉ាក​សញ្ញា​តាម​ប្រព័ន្ធ​ឌីជីថល បាន​ជំរុញ​ឱ្យ​កូន​ខ្មែរ​មួយរូប​គឺ លោក ម៉ិ​ល ខន បង្កើតបាន​ក្រុមការងារ​មួយ​ដើម្បី​រចនា​រូបភាព​បែប​សិល្បៈ និង​វប្បធម៌​ខ្មែរ​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​សំណាក់​ក្រុមហ៊ុន អាជីវកម្ម​នានា​ក្នុង ប្រទេស​កម្ពុជា។

ក្នុងចំណោម​ច្នៃ​ដៃ ឬ​ផលិតផល​ដែល​បាន​ច្នៃប្រឌិត ដូចជា ការ​រចនា​ផ្ទាំង​ប៉ាណូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ឬ​ស្លាក​សញ្ញា ឡូហ្គោ ជាដើម គេ​ឃើញថា ការ​រចនា​រូបភាព​តាមបែប​ខ្មែរ​នៅលើ​កែវ​កាហ្វេ ទទួលបាន​ការនិយម​ជាពិសេស ពី​ក្រុម​ហ៊​ន សាលារៀន ហាង​កាហ្វេ និង​គម្រោង​របស់​ក្រុមហ៊ុន​ជាច្រើន​ផ្សេងទៀត។

លោក ម៉ិ​ល ខន ដែល​អ្នកស្រុក​អង្គរបុរី ខេត្ដ​តាកែវ ហើយ​បច្ចុប្បន្ន​រស់នៅក្នុង រាជធានី​ភ្នំពេញ បាន​ប្រាប់​​​​ថា គិត​មកដល់ពេលនេះ ក្រុម​របស់លោក​បានរ​ច​នា​រូបភាព​តាមបែប​សិល្បៈ និង​ជា​ភាសា​ខ្មែរ ដាក់​នៅលើ​កែវ​កាហ្វេ របស់​ហាង​នានា​ជាង 5,000 កន្លែង​រួចហើយ។

បុរស​រូបនេះ​បន្ថែមថា ជោគជ័យ​នាបច្ចុប្បន្ន​របស់​ក្រុម​លោក ដំបូង​ឡើយ​គឺ​ផ្តើមចេញពី​ការងារ​តិច​តូច ទាក់ទង​នឹង​ការ​រចនា​ម៉ាក​សញ្ញា​ហាង​កាហ្វេ និង ភាព​ច្នៃប្រឌិត​តាម​រចនាបថ​ខ្មែរ​បែប​បុរាណ និង​ទំនើប។ តម្រូវការ​ដ៏​ធំ​នៃ​ទីផ្សារ និង​ការរីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​នាពេល​បច្ចុប្បន្ន បាន​ជួយ​ឱ្យ​លោក ម៉ិ​ល ខន និង​ក្រុមការងារ ពង្រីក​មុខជំនាញ​ទាំងនេះ​បាន​ធំ​ជាង​មុន ហើយ​ទទួលបាន​ការគាំទ្រ​កាន់តែច្រើន ពិសេស​គឺ​ពី​សំណាក់​ម្ចាស់​ហាង​កាហ្វេ​នានា។

លោក​ ម៉ិល ខន

«ការរៀបចំ​រចនា​រូបភាព​នៅលើ​កែវ​កាហ្វេ​នេះ គឺ​ក្នុង​គោលដៅ​ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល និង​ចូលរួម​លើកស្ទួយ ផ្សព្វផ្សាយ​វប្បធម៌ សិល្បៈ និង​ភាសា​ខ្មែរ» នេះ​បើតាម​លោក ម៉ិ​ល ខន។

នៅ កម្ពុជា គេ​សង្កេតឃើញថា ហាង​កាហ្វេ​លក្ខណៈ​គ្រួសារ រីកដុះដាល​ដូច​ផ្សិត ប៉ុន្តែ​ភាគច្រើន​មិនទាន់មាន​ម៉ាក​យីហោ​ត្រឹមត្រូវ។ លោក ម៉ិ​ល ខន យល់ឃើញថា ហាង​កាហ្វេ​មួយ​ដែលមាន​ម៉ាក​សញ្ញា​ត្រឹមត្រូវ អាចជួយ​រួមចំណែក​ធ្វើឱ្យ​ហាង​កាហ្វេ និង​ផលិតផល​របស់​ម្ចាស់​ហាង ទទួលបាន​ការចាប់អារម្មណ៍​ច្រើនជាង​មុន។

លោក ម៉ិ​ល ខន បង្ហើប​ឱ្យដឹងថា លោក​ធ្លាប់​ឆ្លងកាត់​បទ​ពិ​សោ​ធ៍​ជាង 10 ឆ្នាំ លើ​ការងារ​ជា​អ្នក​រចនា​ម៉ាក​សញ្ញា​នានា។ លោក​ធ្លាប់​រចនា​ម៉ាក​សញ្ញា​ឱ្យ​សាលារៀន​ជាតិ-អន្តរជាតិ​ជាច្រើន ហើយ​លោក​ក៏​ធ្លាប់បាន​សរសេរ​ផែនការ​គ្រប់គ្រង​ទីផ្សារ​ជាច្រើន​សម្រាប់​សាលា​ឯកជន ទាំង​សាលា​ថ្នាក់ជាតិ និង​សាលា​អន្តរជាតិ​ផងដែរ ក្រោយពី​បានបញ្ចប់​ថ្នាក់​វិញ្ញាបនបត្រ​ជាន់ខ្ពស់​ផ្នែក​គ្រប់គ្រង​ទីផ្សារ នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង៕

Advertisement