មិនមែន Elon Musk នោះទេ ប៉ុន្តែ បុរស​ពីរ​នាក់​នេះ​ទើប​ជា​សហ​ស្ថាបនិក​ពិតប្រាកដ​របស់​ក្រុមហ៊ុន Tesla (ប្រវត្តិ​របស់​ក្រុមហ៊ុន​នេះ)

បច្ចុប្បន្ន​នេះ​ Tesla គឺជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ដែលមាន​តម្លៃ​មូលធន​ទីផ្សារ​រហូតដល់​ជាង មួយ​​លាន​លាន (ទ្រី​​លាន​/​1,000,000,000,000) ដុល្លារ​អាម៉េរិក ពោលគឺ​ធំជាងគេ​បំផុត​ក្នុង​ពិភពលោក។ ជោគជ័យ​របស់​ក្រុមហ៊ុន​នេះ ផ្សារភ្ជាប់​ជាមួយនឹង​មហាសេដ្ឋី​ដ៏​ល្បីឈ្មោះ Elon Musk។ ក៏ប៉ុន្តែ ខុសពី​ការគិត​របស់​មនុស្ស​ស្ទើរ​គ្រប់គ្នា លោក Musk មិនមែនជា​ស្ថាបនិក​ដែល​បាន​បង្កើត Tesla ដំបូង​គេ​នោះឡើយ។ លោក Musk ជា​នាយក​ប្រតិបត្តិ​ចាប់ពី​ខែតុលា ឆ្នាំ 2008 និង​ជាម​នុស្ស​ទី​បួន​ដែល​កាន់តំណែង​នេះ​នៅក្នុង​ក្រុមហ៊ុន Tesla។

សហ​ស្ថាបនិក​ពិតប្រាកដ​ចំនួន​ពីរ​នាក់​របស់ Tesla គឺ Martin Eberhard និង Marc Tarpenning។ ពួកគាត់​ចាប់ផ្ដើម​គិត​អំពី Tesla បន្ទាប់ពី General Motors បញ្ចប់​កម្មវិធី​រថយន្ត​អគ្គិសនី EV1 របស់ខ្លួន។

ស្ថាបនិក​ដំបូង​ពីរ​រូប​របស់​ក្រុម​ហ៊ុន​ Tesla 

Tesla Motors ត្រូវបាន​ដាក់ឈ្មោះ​ទៅតាម​អ្នកវិទ្យាសាស្ត្រ Nikola Tesla។ ក្រុមហ៊ុន​នេះ​ត្រូវបាន​បង្កើតឡើង​កាលពី​ខែកក្កដា ឆ្នាំ 2003 ដោយ Martin Eberhard និង Marc Tarpenning។ អ្នក​ទាំងពីរ ដំបូង​ឡើយ​មាន​តួនាទី​ជា CEO (នាយក​ប្រតិបត្តិ) និង CFO (នាយក​ផ្នែក​ហិរញ្ញវត្ថុ) របស់​ក្រុមហ៊ុន Tesla។ Eberhard ធំ​ឡើង​នៅឯ​តំបន់ Kensington រដ្ឋ California និង​បាន​រៀន​នៅ​សាកលវិទ្យាល័យ Illinois នៅ​ទីក្រុង Urbana-Champain ជា​សាលា​ដែល​លោក​ទទួលបាន​សញ្ញាបត្រ​បរិ​ញ្ញា​ផ្នែក​វិស្វកម្ម​កុំព្យូទ័រ (computer engineering) កាលពី​ឆ្នាំ 1982 និង​អនុបណ្ឌិត​ផ្នែក​បច្ចេកទេស​អគ្គិសនី ឆ្នាំ 1984។

ចំណែក Tarpenning វិញ ធំ​ឡើង​នៅឯ​តំបន់ Sacramento រដ្ឋ California និង​ទទួលបាន​សញ្ញាបត្រ​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ (computer science) នៅ​សាកលវិទ្យាល័យ California ក្នុង​តំបន់ Berkeley ឆ្នាំ 1985។ លោក​បានចាប់ផ្ដើម​ការ​ងារ​ដំបូង​ក្នុង​ក្រុមហ៊ុន Textron នៅ​ប្រទេស អារ៉ាប់​ប៊ី​សា​អូឌីត។ ក្រោយមក លោក​ក៏បាន​អភិវឌ្ឍ​ផ្នែក​ទន់ (software) និង​កម្មវិធី​បង្កប់ (firmware) មួយចំនួន​ឱ្យ​ក្រុមហ៊ុន​នានា។ លោក​ក៏​ធ្លាប់ជា​អនុប្រធាន​ផ្នែក​បច្ចេកទេស​របស់​ក្រុមហ៊ុន Packet Design ផងដែរ។

Eberhard (ឆ្វេង) និង Tarpenning

Eberhard និង Tarpenning បង្កើត Tesla Motors ឡើង​ដោយមាន​មហិច្ឆតា​ធ្វើឱ្យមាន​ការប្រែប្រួល​ក្នុង​វិស័យ​ឧស្សាហ​កម្ម​រថយន្ត។ ពួកគេ​មានបំណង​បង្កើត​រថយន្ត​អគ្គិសនី​ដែលអ្នកណាៗក៏​ចង់បាន៖ តម្លៃ​ទាប មិន​ប៉ះពាល់​ដល់​បរិស្ថាន និង​ការ​ចល័ត​បាន​លឿន។

បន្ទាប់ពី Eberhard និង Tarpenning បុគ្គលិក​ទី​បី​របស់ Tesla គឺ Ian Wright ដែល​បាន​ចូល​បម្រើការ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​បន្ទាប់ពី​ក្រុមហ៊ុន​ត្រូវបាន​បង្កើតឡើង។ ខែកុម្ភៈ ឆ្នាំ 2004 ពួកគេ​ប្រមូល​ទុន​បាន​ដោយ​ជោគជ័យ​ពី​អ្នកវិនិយោគ​ជាច្រើន ក្នុង Elon Musk បោះទុន​ច្រើនជាងគេ។

ការជួប​មុខ​ដំបូង​ជាមួយ Elon Musk

Eberhard និង Tarpenning បាន​ជួប Elon Musk ដំបូង​នៅក្នុង​កិច្ចប្រជុំ​មួយ​សម្រាប់​សមាជិក​រប​ស់ Mars Society ដែលជា​អង្គ​ការមិន​ស្វែងរក​កម្រៃ​សម្រាប់​ការស្រាវជ្រាវ និង​រស់​នៅលើ​ពិភព​ព្រះ​អង្គារ។ ដំណាក់​កាលនោះ លោក Musk មិនទាន់បាន​បង្កើត SpaceX នៅឡើយ។ ពួកគេ​បាន​យល់ចិត្ត​គ្នា ដោយសារ​តែមាន​ចក្ខុវិស័យ​ស្រដៀង​គ្នា។

បន្ទាប់ពី​ការប្រមូល​ទុន​ជុំ Series A លោក Elon Musk បាន​ក្លាយជា​ប្រធាន​ក្រុមហ៊ុន Tesla។ មួយឆ្នាំ​ក្រោយមក Tesla បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ផលិត​រថយន្ត Lotus Cars របស់ អង់គ្លេស ហើយ​ក្រោយមក រថយន្ត​ដំបូង​របស់ Tesla ឈ្មោះ Roadster ក៏បាន​បង្ហាញខ្លួន។

ឆ្នាំ​ដដែល សហ​ស្ថាបនិក​របស់ Google គឺ​លោក Sergey Brin និង Larry Page ក៏បាន​ចូលរួម​ក្នុងការ​ប្រមូល​ទុន Series B របស់ Tesla។ Musk នៅតែ​ជា​អ្នក​នាំមុខ​ក្នុង​ជុំ​ប្រមូល​ទុន​លើក​នេះ។ លោក Musk ក្រោយមក​ក៏បាន​ប្រកាស​អំពី​គម្រោង «អាថ៌កំបាំង» របស់ខ្លួន​សម្រាប់ Tesla នោះ​គឺ ប្រើប្រាស់​ទុន​ដែល​ប្រមូលបាន​ដើម្បី​អភិវឌ្ឍ​រថយន្ត​មួយ​ប្រភេទ​ដែលមាន​តម្លៃ​ទាប​សមរម្យ ហើយក៏​បង្កើតបាន​រថយន្ត​អគ្គិសនី​ប្រហាក់ប្រហែល​សព្វថ្ងៃ។

ក្នុង​ឆ្នាំ 2006 ថ្នាក់ដឹកនាំ​របស់ Tesla មានការ​ប្រែប្រួល។ លោក Eberhard លាលែង​ពី​តំណែង CEO ដោ​យមក​ធ្វើជា​ទីប្រឹក្សា។ ចំណែក Michael Marks ដែលជា​អ្នកវិនិយោគ​មួយរូប​របស់ Tesla ក៏បាន​ឡើង​ធ្វើជា CEO បណ្ដោះអាសន្ន រហូតដល់​អ្នក​ប្រណាំង​ឡាន Ze’ev Drori បាន​ចូលមក​ជំនួស​នៅ​ខែវិច្ឆិកា។

លោក​ Elon Musk

ឆ្នាំ 2008 Tesla មាន​បញ្ហា​ខ្វែងគំនិត​គ្នា​រវាង​សហ​ស្ថាបនិក។ ជា​លទ្ធផល សហ​ស្ថាបនិក​ដំបូង​គេ​ពីរ​នាក់ គឺ​លោក​ Martin Eberhard និង Mark Tarpenning បាន​ចាក​ចេញពី​ក្រុមហ៊ុន។ នេះ​ក៏​ជា​ដំណាក់កាល​រថយន្ត Tesla គ្មាន​ដំបូល​ដំបូង ត្រូវបាន​ប្រគល់ឱ្យ Elon Musk ហើយ​ខ្សែ​រោងចក្រ​ផលិត​រថយន្ត​នេះ​ក៏បាន​ចាប់ផ្ដើម។

ខែតុលា ឆ្នាំ 2008 Elon Musk បាន​ក្លាយជា CEO របស់ Tesla និង​បាន​បញ្ឈប់​បុគ្គលិក​ចំនួន 25%។ ដំណាក់កាល​នេះ Tesla មាន​សាច់ប្រាក់​ក្នុង​ដៃ​តែ 9 លាន​ដុល្លារ​ប៉ុណ្ណោះ និង​កំពុង​ប្រឈម​នឹង​បញ្ហា​មិនអាច​ប្រគល់​ទំនិញ​ទាន់ពេល។ Tesla ត្រូវ​បោះផ្សាយ​មូល​ប​ត្រ​បំណុល​ដើម្បី​ប្រមូល​ទុន 40 លាន​ដុល្លារ ក្នុង​បំណង​បញ្ចៀស​ការ​ក្ស័យធន។

ដើមឆ្នាំ 2009 Tesla បញ្ចេញ​រថយន្ត​គំរូ Model S ដែលមាន​តម្លៃ​ចាប់ពី 76,000 ដុល្លារ។ មិនយូរប៉ុន្មាន Daimler AG បាន​ទិញ​ភាគហ៊ុន 10% របស់ Tesla ក្នុងតម្លៃ 50 លាន​ដុល្លារ។ ខ្ទង់​វិនិយោគ​នេះ​បាន​ជួយ​ឱ្យ Tesla រួច​ពី​ហានិភ័យ​នៃ​ការ​ក្ស័យធន​នៅ​ឆ្នាំ​បន្ទាប់។

ឆ្នាំ 2009 ដដែល អតីត CEO របស់ Tesla លោក Martin Eberhard បាន​ចោទប្រកាន់​លោក Elon Musk ថា បាន​កែប្រែ​ប្រវត្តិសាស្ត្រ និង​បាន​ប្ដឹង​ពីបទ​បរិហារកេរ្ដិ៍។

ខែកញ្ញា ឆ្នាំ 2009 Tesla និង Martin Eberhard បានប្រកាស​កិច្ចព្រមព្រៀង​មួយ​ស្ដីពី​អ្នក​ដែល​អាច​ហៅ​ខ្លួនឯង​ថា​ជា​សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន​នេះ។ កិច្ចព្រមព្រៀង​ចែងថា មនុស្ស 5 នាក់​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​សហ​ស្ថាបនិក​របស់ Tesla រួមមាន Elon Musk, JB Straubel (កាលណោះ​ជា​ប្រធាន​ផ្នែក​បច្ចេកវិទ្យា​របស់ Tesla), Martin Eberhard, Marc Tarpenning និង Ian Wright។

នៅក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍​ CNBC កាលពីពេលថ្មីៗនេះ លោក Eberhard ឱ្យដឹងថា លោក​នៅតែ​គាំទ្រ និង​នៅតែ​ជា​ម្ចាស់​ភាគហ៊ុន​មួយរូប​របស់ Tesla ព្រមទាំង​បាន​អះអាងថា រថយន្ត​អគ្គិសនី​គឺជា​គន្លឹះ​ដែល​អាចជួយ​សង្គ្រោះ​ភពផែនដី។ ចំណែក​លោក Tarpenning វិញ បាន​និយាយថា ពេលខ្លះ លោក​ក៏​នៅតែ​និយាយ​រក Musk។ រំលឹក​ពី​អតីតកាល លោក​បញ្ជាក់ថា មិនបាន​ស្ដាយក្រោយ​នោះទេ ព្រោះថា «តាំងពីដើម​ដល់​ចប់ គ្រប់យ៉ាង​ល្អប្រសើរ បូករួម​ទាំង​បញ្ហា​អាក្រក់​បំផុត និង​ល្អ​បំផុត»៕

Advertisement