មហាសេដ្ឋី​​ដែល​មាន​ទ្រព្យ​ច្រើន​ជាង​គេ​លំដាប់​ទីមួយ​ក្នុង​ពិភពលោក បាន​និយាយថា ចង់​ឈប់​ធ្វើការ

លោក Elon Musk បាន​សរសេរ​នៅលើ​បណ្ដាញ​សង្គម​ថា លោក​កំពុង​ពិចារណា​ដល់​ការឈប់​ធ្វើការ បើ​ទោះ​ធ្លាប់បាន​ប្រកាសថា នឹង​ធ្វើជា CEO របស់ Tesla ច្រើន​ឆ្នាំ​ទៀត។

«កំពុង​គិតដល់​រឿង​បោះបង់​ការងារ និង​ងាក​ទៅធ្វើជា​មនុស្ស​មាន​ឥទ្ធិពល (influencer) ពេញ​ម៉ោង។ គ្រប់គ្នា​យល់ឃើញ​យ៉ាងណាដែរ» មហា​សេដ្ឋ​អាម៉េរិក ដើមកំណើត​អាហ្វ្រិក​ខាងត្បូង បាន​សរសេរ​នៅលើ Twitter ដូច្នេះ កាលពី​ម្សិលមិញ។

លោក Musk មិនបាន​បង្ហើប​ឱ្យដឹង​លម្អិត​ថា លោក​មាន​គម្រោង​នឹងធ្វើ​ជា influencer ដូចម្ដេច​នៅឡើយ។ ប៉ុន្តែ អ្នកមាន​ជាងគេ​ក្នុង​លោក​រូបនេះ កន្លងមក ធ្លាប់បាន​បង្ក​ព្យុះភ្លៀង​ជាច្រើនលើក​មកហើយ នៅក្នុង​ទីផ្សារ​ប្រាក់​ឌីជីថល។ គ្រប់​ខ្លឹមសារ​ដែល​លោក​បង្ហោះ​លើ​បណ្ដាញ​សង្គម សុទ្ធតែ​ជះឥទ្ធិពល​ដល់​តម្លៃ​រប​ស់ Bitcoin ឬ Dogecoin។ ចាប់ពី​ដើមឆ្នាំ​នេះ លោក Musk បាន​ចែករំលែក​ជា​បន្តបន្ទាប់​អំពី​ការយល់ឃើញ​របស់ខ្លួន ទាក់ទិន​នឹង​ប្រាក់​ឌីជីថល នាំឱ្យ​ទីផ្សារ​មួយ​នេះ​ប្រែប្រួល​ខ្លាំង។

លោក Musk ត្រូវបាន​គេ​ចាត់ទុក​ដូចជា «ម្ចាស់​សាសនា​នៅលើ Twitter» ដោយ​គណនី​របស់លោក មាន​អ្នកតាមដាន​ជិត ៦៦ លាន​នាក់៕

Advertisement