ក្រុមហ៊ុន Panasonic អនុញ្ញាតឱ្យ​បុគ្គលិក​ធ្វើការ ៤ ថ្ងៃ/សប្ដាហ៍

បុគ្គលិក​របស់​ក្រុមហ៊ុន Panasonic អាច​ទទួលយក​ការងារ​បន្ថែម​ទៅធ្វើ ឬ​ចំណាយ​ពេលវេលា​ក្នុង​ថ្ងៃ​សម្រាក​របស់​ពួកគេ ទៅធ្វើជា​អ្នកស្ម័គ្រចិត្ត​នៅតាម​អង្គការ​នានា​ក៏បាន។

ថ្មីៗនេះ ក្រុមហ៊ុន Panasonic បានឱ្យដឹងថា ពួកគេ​ទើបតែ​បានផ្ដល់​ជម្រើស​ស្ដីពី​ការធ្វើការ ៤ ថ្ងៃ/សប្ដាហ៍ សម្រាប់​បុគ្គលិក។ នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​សប្ដាហ៍​មុន CEO Yuki Kusumi ឱ្យដឹងថា បុគ្គលិក​របស់​ក្រុមហ៊ុន Panasonic អាច​ទទួលយក​ការងារ​បន្ថែម​ទៅធ្វើ ឬ​ចំណាយ​ពេលវេលា​ដើម្បី​ធ្វើជា​អ្នកស្ម័គ្រចិត្ត​នៅក្នុង​អង្គការ​នានា​នៅ​ថ្ងៃ​ដែល​ពេល​គេ​ត្រូវបាន​អនុញ្ញាតឱ្យ​សម្រាក។

មូលហេតុ​នៃ​ការសម្រេចចិត្ត​នេះ​ត្រូវបាន​ក្រុមហ៊ុន​បញ្ជាក់ថា គឺ​ដើម្បី​ធ្វើឱ្យមាន​តុល្យភាព​រវាង​ការងារ និង​ការរស់នៅ​សម្រាប់​បុគ្គលិក​របស់​ពួកគេ។ ជាង​នេះ Panasonic ក៏​នឹង​អនុញ្ញាតឱ្យ​បុគ្គលិក​ធ្វើការ​ពី​ចម្ងាយ បើសិន​បុគ្គលិក​រើ​ទៅ​រស់នៅ​កន្លែង​ផ្សេង​ដែល​ឆ្ងាយ​ពី​ក្រុមហ៊ុន​ជាង​បច្ចុប្បន្ន។

កាយវិការ​របស់ Panasonic ត្រូវបាន​គេ​ចាត់ទុកថា ជាការ «ដើរ​តាម​និន្នាការ​ថ្មី» នាបច្ចុប្បន្ន ដែល​ក្រុមហ៊ុន​បច្ចេកវិទ្យាធំៗក្នុង​ពិភពលោក បាន និង​កំពុង​ធ្វើ ក្នុង​បំណង​ទាក់ទាញ​មនុស្សពូកែ។

នាយកប្រតិបត្តិ​របស់​ក្រុម​ហ៊ុន​ Panasonic លោក​ Yuki Kusumi

នៅ ប្រទេស​ជប៉ុន អ្នកធ្វើច្បាប់​មួយក្រុម​កំពុង​ពិភាក្សា​អំពី​សេចក្ដីព្រាងច្បាប់​ដែល​អនុញ្ញាតឱ្យ​បុគ្គលិក​ក្រុមហ៊ុន​បាន​សម្រាក​ថែម ១ ថ្ងៃ​ទៀត ក្រៅពី ២ ថ្ងៃ​នៅ​ចុង​សប្ដាហ៍ ដើម្បី​លើកកម្ពស់​ការថែរក្សា​សុខ​ភាព។

ក៏ប៉ុន្តែ បច្ចុប្បន្ន បណ្ដា​ក្រុមហ៊ុន​ដែល​អនុវត្ត «១ សប្ដាហ៍ ធ្វើការ ៤ ថ្ងៃ» នៅតែ​ជា​ក្រុម​ភាគតិច​នៅឡើយ នៅ ប្រទេស​ជប៉ុន។ ការស្រាវជ្រាវ​របស់​ក្រសួង​ការងារ​ជប៉ុន កាលពី​ឆ្នាំ ២០២០ បង្ហាញថា មាន​ក្រុមហ៊ុន​ជប៉ុន ប្រហែល ៨% ប៉ុណ្ណោះ​ដែល​អនុញ្ញាតឱ្យ​បុគ្គលិក​សម្រាក​លើសពី ២ ថ្ងៃ/សប្ដាហ៍។

ទោះជា​យ៉ាងណាក៏ដោយ ប្រការ​ខាងលើ​ទំនងជា​កំពុង​ប្ដូរផ្លាស់។ យោងតាម​សារព័ត៌មាន Nikkei ក្រុមហ៊ុន​ផលិត​ឱសថ Shionogi ដែល​កំពុង​អភិវឌ្ឍ​ថ្នាំលេប​ព្យាបាល​ជំងឺ​កូ​វីដ-១៩ នឹង​អនុញ្ញាតឱ្យ​បុគ្គលិក​សម្រាក ៣ ថ្ងៃ/សប្ដាហ៍ ចាប់ពី​ខែមេសា ២០២២ តទៅ។ ចំណែក Yahoo Japan និង Sompo Himawari Life Insurance ក៏​អនុញ្ញាតឱ្យ​បុគ្គលិក​ដែល​ត្រូវ​មើលថែ​កូនតូច ឬ​មើលថែ​អាណាព្យាបាល​វ័យ​ចំណាស់ ធ្វើការ ៤ ថ្ងៃ/សប្ដាហ៍​ផងដែរ៕

Advertisement