អ្នកមាន​ជាងគេ​បំផុត​នៅ ទ្វីបអាស៊ី បោះទុន​ ៦ ទ្រីលាន រ៉ូ​ពី ទៅក្នុង​​វិស័យ​​ថាមពល​បៃតង

ក្រុមហ៊ុន Reliance Industries ប្រកាសថា នឹង​ចំណាយ ៦ ទ្រី​លាន (៦,០០០,០០០,០០០,០០០) រ៉ូ​ពី សម្រាប់​គម្រោង​ផលិត​ថាមពល​អគ្គិសនី​កកើតឡើង​វិញ នៅ​ភាគ​ខាងលិច​នៃ ប្រទេស​ឥណ្ឌា។

មហាសេដ្ឋី​ដែលមាន​ទ្រព្យ​ច្រើនជាងគេបង្អស់​នៅក្នុង ទ្វីបអាស៊ី លោក Mukesh Ambani កំពុង​វិនិយោគ​យ៉ាង​សម្បើម​ទៅក្នុង​វិស័យ​ថាមពលបៃតង។ កាលពី​ថ្ងៃទី ១៣ មករា ក្រុមហ៊ុន​របស់លោក គឺ Reliance Industries បានប្រកាសថា នឹង​បោះទុន​វិនិយោគ ៦ លាន​លាន (៦ ទ្រី​លាន) រ៉ូ​ពី (ប្រហែល ៨០.៦ ពាន់​លាន​ដុល្លារ​អាម៉េរិក) សម្រាប់​បណ្ដា​គម្រោង​ផលិត​ថាមពល​កកើត​ឡើងវិញ នៅក្នុង​រដ្ឋ Gujarat ភាគ​ខាងលិច​ប្រទេស​ឥណ្ឌា។ Reliance រំពឹងថា គម្រោង​ទាំងនេះ​នឹង​បង្កើត​ការងារ​ថ្មី​ចំនួន ១ លាន​កន្លែង​បន្ថែមទៀត។

ក្នុងចំណោម​ខ្ទង់​វិនិយោគ​ខាងលើ មាន​ប្រហែល ៦៧.៧ ពាន់​លាន​ដុល្លារ នឹង​ត្រូវបាន​ប្រើប្រាស់​ដើម្បី​សាងសង់​រោងចក្រ​ផលិត​អគ្គិសនី​ថ្មី និង​ប្រព័ន្ធ​អ៊ីដ្រូសែន។ ក្រុមហ៊ុន Reliance មាន​គម្រោង​វិនិយោគ​សកម្ម​បំផុត​ក្នុងអំឡុងពេល​ពី ១០ ទៅ ១៥ ឆ្នាំ និង​ចាប់ផ្ដើម​ស្វែងរក​ដី​សម្រាប់​រោងចក្រ​ដែល​អាច​ផលិត​អគ្គិសនី ១០០ gigawatt។

ក្រុមហ៊ុន​នេះ​ក៏មាន​ផែនការ​សាងសង់​រោងចក្រ​ថ្មី​សម្រាប់​ផលិត​ផ្ទាំង​សូ​ឡា បច្ចេកវិទ្យា​ថ្ម និង​ប្រភព​ថាមពល​កកើត​ឡើងវិញ​ដទៃទៀត​ផងដែរ។

គម្រោង​វិនិយោគ​ដែល​នឹង​បង្កើត​ការងារ​ថ្មី​ចំនួន ១ លាន​កន្លែង របស់ Reliance នឹង​ជួយ​ដល់​កំណើនសេដ្ឋកិច្ច​ផ្ទាល់ និង​ប្រយោល​នៅក្នុង​រដ្ឋ​ដែលជា​ស្រុកកំណើត​របស់លោក Modi។

Reliance គឺជា​ក្រុមហ៊ុន​មួយ​ដែលមាន​មូលធន​ទីផ្សារ និង​កេរ្ដិ៍ឈ្មោះ​ល្បី​បំផុត​នៅ ឥណ្ឌា។ ក្រុមហ៊ុន​នេះ បាន​ប្រឹងប្រែង​តាំងពី​យូរ​មកហើយ នៅក្នុង​ការកាត់បន្ថយ​ការពឹង​ផ្អែកទៅលើ​អណ្ដូងប្រេង។ ថ្មីៗនេះ Reliance បាន និង​កំពុង​ចាប់ផ្ដើម​ប្ដូរ​ទិសដៅ​វិនិយោគ នៅពេល​លោក Ambani ស្វែងរក​វិធី​ដើម្បី​រុញច្រាន Reliance ឱ្យ​ក្លាយជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​សកល។

នៅក្នុង​សេចក្ដីប្រកាស​ថ្មី​បំផុត Reliance ឱ្យដឹងថា ពួកគេ​នឹង​ប្រើប្រាស់​ខ្ទង់​វិនិយោគ​ដែល​នៅសល់ ដើម្បី​វិនិយោគ​ទៅលើ​គម្រោង​ដែលមាន​ស្រាប់ និង​គម្រោង​ថ្មី ក្នុង​រង្វង់​ពី ៣ ទៅ ៥ ឆ្នាំ​ទៀត។ ក្នុងអំឡុង​ពេលនោះ ក្រុមហ៊ុន​ក៏​នឹង​ចំណាយ ១,០០០ លាន​ដុល្លារ ដើម្បី​បន្ទាន់​សម័យ​ប្រព័ន្ធ​ទូរស័ព្ទ​ចល័ត​ឡើងទៅ​ជំនា​ន់ទី ៥ ( ៥G) និង​ចំណាយ​ប្រមាណ ៤០៦ លាន​ដុល្លារ សម្រាប់​បណ្ដាញ​លក់រាយ៕

Advertisement